Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ នឹង​និយាយ​រឿង​បែងចែក​ទឹកដី និង​រោងចក្រ​ថាមពល ក្នុង​ជំនួប​លើក​ទី​២​ជាមួយ ពូទីន

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោក​នឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអង្គារ​ទី​១៨​ខែ​មីនា​ អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាម​នៅក្នុងប្រទេសអ៊ុយក្រែន។ លោក ត្រាំ បានបង្ហាញថា ការសន្ទនានឹងស្ដី​ពី «ការបែងចែកទ្រព្យសម្បត្តិមួយចំនួន» រួមទាំងទឹកដី និងរោងចក្រថាមពលរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក​ ដូណាល់ ត្រាំ និង​លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​​លើយន្តហោះ Air Force One ក្នុងអំឡុង​ដំណើរ​ត្រឡប់​ពី​រដ្ឋ​ Florida ទៅ​កាន់​​រដ្ឋធានី​វ៉ាស៊ីនតោន​ឌីស៊ី​ លោក ត្រាំ បាន​ប្រាប់​ថា៖ «ខ្ញុំនឹងនិយាយទៅកាន់ប្រធានាធិបតី ពូទីន នៅថ្ងៃអង្គារ។ យើងចង់​ឃើញ​ថា​តើ​យើង​អាច​​បញ្ចប់​សង្គ្រាម​នេះ​ដែរ​ឬ​ទេ។ ប្រហែល​ជា​យើង​អាច ហើយ​ក៏​ប្រហែល​ជា​យើង​​មិន​អាច ប៉ុន្តែ​ខ្ញុំ​គិត​ថា យើង​មាន​​ឱកាស​ល្អ​ណាស់»។

នៅពេលត្រូវបានសួរអំពីសម្បទានអ្វីខ្លះដែលកំពុងត្រូវបានពិចារណានៅក្នុងបទឈប់បាញ់ លោក ត្រាំ បាន​លើក​ឡើង​ថា៖ «យើងនឹងនិយាយអំពីទឹកដី។ យើងនឹងនិយាយអំពីរោងចក្រថាមពល។ ខ្ញុំ​គិត​ថា យើង​មាន​ការ​ពិភាក្សា​ជា​ច្រើន​រួច​ទៅ​ហើយ​ដោយ​ភាគី​ទាំង​ពីរ គឺ​អ៊ុយក្រែន និង​រុស្ស៊ី។ យើង​កំពុង​និយាយ​​​រួច​មក​​ហើយ​អំពី​រឿង​នោះ គឺ​ការ​បែងចែក​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន»។

បើ​តាម​បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ជំនួប​រវាង​មេ​ដឹក​នាំ​អាមេរិក និង​រុស្ស៊ី នឹង​ធ្វើ​ឡើង​​តាម​រយៈ​ការ​ហៅ​ទូរសព្ទ ដូច​ទៅ​នឹង​កិច្ច​ពិភាក្សា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ ក្នុងគោលបំណងធ្វើអន្តរការីបទឈប់បាញ់។

ពាក់ព័ន្ធ​នឹង​ជំនួប​នេះ​ដែរ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍កាលពីចុងសប្តាហ៍ថា លោក ពូទីន នឹង​បដិសេធ​​​អំពី​ការ​ចូលរួម​របស់​​អ៊ុយក្រែន​នៅ​ក្នុង​អង្គការ​ណាតូសម្រាប់​លក្ខខណ្ឌ​​នៃ​កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ។ ទន្ទឹម​នោះ លោក​ក៏​នឹង​នៅតែប្រឆាំងចំពោះ​ដាក់​ពង្រាយ​កងរក្សាសន្តិភាពពីប្រទេសណាតូ​នៅ​លើ​ទឹក​ដី​អ៊ុយក្រែន​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម