Connect with us

សេដ្ឋកិច្ច

ជម្លោះជាថ្មីនៅសមុទ្រក្រហម អាច​បន្តបង្កើនតម្លៃដឹកជញ្ជូនសកល

បានផុស

នៅ

អ្នក​វិភាគ​អន្តរជាតិ​បាន​សម្ដែងការព្រួយបារម្ភថា​ ភាពតានតឹង​ជាថ្មីនៅសមុទ្រក្រហម​ក្រោម​ការផ្ដោះផ្ដងវាយប្រហាររវាងក្រុមឧទ្ទាម​ហ៊ូធីយ៉េមែន និងសហរដ្ឋអាមេរិក​ អាច​នឹង​បន្តបង្កើនតម្លៃ ឬធ្វើឱ្យតម្លៃនៅខ្ពស់ សម្រាប់ការដឹកជញ្ជូនទំនិញ​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រួយបារម្ភនេះ កើតឡើង​នៅពេល​ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បើកការវាយប្រហារ​លើនាវា​របស់សហរដ្ឋអាមេរិក​កាលពីចុងសប្ដាហ៍កន្លងទៅ។ ជាការឆ្លើយតប សហរដ្ឋអាមេរិក​បានកំណត់គោលដៅទម្លាក់គ្រាប់បែក​នៅយ៉េមែន ដោយសម្លាប់មនុស្សរាប់សិប​នាក់ រួមទាំងជនស៊ីវិល​។

មែនទែនទៅ ក្រុមហ៊ូធីបានចាប់ផ្ដើម​វាយប្រហារលើ​នាវាពាណិជ្ជកម្ម «ពាក់ព័ន្ធនឹងអ៊ីស្រាអែល» តាំងពីចុង​ខែ​តុលា ឆ្នាំ ២០២៣ ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន ក្រោយជម្លោះអ៊ីស្រាអែល-ហាម៉ាស់ចុងក្រោយបាន​ផ្ទុះឡើងនៅដើមខែតុលា ឆ្នាំនោះ។ យ៉ាងណាមិញ​ ហ៊ូធីបាន​ផ្អាកការវាយប្រហាររបស់ខ្លួនកាលពីប៉ុន្មានសប្ដាហ៍មុន ​ក្រោយបទឈប់បាញ់អ៊ីស្រាអែលនៅហ្គាហ្សាចូលជាធរមាន។ ប៉ុន្តែ​ក្រុមប្រដាប់អាវុធ​ដដែល បាន​ប្ដេជ្ញាថានឹង​បើកការវាយប្រហារជាថ្មី ប្រសិន​បើ​ភាគីអ៊ីស្រាអែលរំលោភ​បំពានលើបទ​ឈប់​បាញ់ ហើយ​ក៏បានធ្វើដូច្នោះមែនកាលពីចុងសប្ដាហ៍មុន ក្រោយពេលអ៊ីស្រាអែលបិទ​ជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សាពីគ្រប់ច្រក។

គិតត្រឹមថ្ងៃអង្គារ​ (១៨ មីនា) នេះ អាមេរិក និងក្រុមហ៊ូធី បាន​អះអាង​ពីការបន្តការវាយប្រហាររៀងៗខ្លួន​ ដែល​ធ្វើឱ្យ​ហានិភ័យដឹកជញ្ជូនតាមសមុទ្រក្រហម​ផ្ទុះឡើងកាន់តែខ្លាំងម្ដងទៀត​។

ជាធម្មតា ការរំខាន​នៅសមុទ្រក្រហម​ តែង​រំខាន​ដល់​ពាណិជ្ជកម្ម​ពិភព​លោក ដោយសារតែវា​ជា​ផ្លូវដឹកជញ្ជូនទំនិញ​តាមទឹក​​ដ៏សំខាន់របស់សកល តភ្ជាប់ពីអាស៊ី​ខាងកើត​ ទៅអឺរ៉ុបខាងលិច តាមរយៈច្រកព្រែក​ជីក​ហ្ស៊ុយអេ​​របស់​ប្រទេស​អេហ្ស៊ីប។

រាប់តាំងពីខែ​តុលាឆ្នាំ ២០២៣ មក ហ៊ូធីបាន​វាយប្រហារលើនាវាពាណិជ្ជកម្ម​ប្រមាណជាង ១០០ រួចទៅហើយ។ ​ការវាយប្រហារ​បាន​បង្កជា​ក្ដីបារម្ភសុវត្ថិភាព​ ដែលធ្វើឱ្យ​មាន​ការពន្យារពេល​ដឹកជញ្ជូន និង​បង្ខំឱ្យ​ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ​ ផ្លាស់ប្ដូរ​ផ្លូវដឹក​កាត់តាម Cape of Good Hope ភាគខាងត្បូងនៃប្រទេស​អាហ្វ្រិកខាងត្បូងវិញ ទោះបីជា​វា​មាន​ចម្ងាយឆ្ងាយខុសគ្នាខ្លាំង ​រាប់ពាន់គីឡូម៉ែត្រ​ក៏ដោយ។

ការផ្លាស់ប្ដូរនេះ បាន​ធ្វើឱ្យតម្លៃដឹកជញ្ជូនហក់ឡើងកប់ពពក។ ​ធនាគារពិភពលោក បាន​និយាយក្នុងរបាយការណ៍ «ភាពកាន់តែអាក្រក់នៃវិបត្តិដឹកជញ្ជូនតាម​សមុទ្រក្រហម​៖ ផលប៉ះពាល់ និងទស្សនវិស័យ» ដែលចេញផ្សាយ​កាលពីដើមខែកុម្ភៈកន្លងទៅ ថា​ គិតត្រឹមចុងឆ្នាំ ២០២៤ តម្លៃដឹកជញ្ជូនរបស់សកល​បាន​កើនឡើង ១៤១ ភាគរយ ធៀប​នឹង​កម្រិត​តម្លៃមុន​វិបត្តិនៅសមុទ្រ​ក្រហមផ្ទុះឡើង។ តម្លៃនៃការ​ដឹកជញ្ជូនពីក្រុងសៀងហៃទៅក្រុងរ៉ូទែដាម ជាមធ្យម បាន​កើនឡើង ២៣០ ភាគរយ ធៀប​នឹង​តម្លៃត្រឹមចុង​ឆ្នាំ ២០២៣។

របាយការណ៍របស់ធនាគារពិភពលោកដដែល បាន​និយាយថា​៖ «ការំខាន(នៅសមុទ្រក្រហម) បាន​បង្កើនជាផលប៉ះពាល់លើ​ខ្សែច្រវ៉ាក់របស់​សកលទាំងមូល ដោយធ្វើឱ្យត្រូវចំណាយពេលយូរលើការដឹកជញ្ជូន ជាពិសេស​នៅអឺរ៉ុប»។ របាយការណ៍បន្តថា​ ការដឹកជញ្ជូនតាមផ្លូវទឹកសមុទ្រក្រហម ដែលរួមចំណែកលើ​ផ្លូវនាវាដឹកកុងតឺន័រ ៣០ ភាគរយ របស់​សកល បានធ្លាក់ចុះរហូតដល់ ៧០ ភាគរយ ខណៈ​ការដឹកជញ្ជូនតាម Cape of Good Hope បាន​កើនឡើង ៥០ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ១ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ធនាគារឯកជន
សន្តិសុខសង្គម២៣ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម