ព័ត៌មានជាតិ
រដ្ឋមន្ត្រី ឡាំ ជា ជួបពលរដ្ឋខ្មែរមកពីអូស្ត្រាលី និងណូវែលហ្សេឡង់ ដើម្បីបង្ហាញពីកិច្ចការព្រំដែន
ពលរដ្ឋខ្មែរមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ទទួលបានការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងកិច្ចការព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ពិសេសកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ បន្តមកសម្ដេចធិបតី។

លោក ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំនៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានស្វាគមន៍ចំពោះសហគមន៍ខ្មែរដែលមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ទាំងអស់ក្នុងការចំណាយពេលវេលាមកស្វែងយល់ និងចង់ស្គាល់ផ្ទាល់នូវព្រំដែននៃប្រទេសជាតិរបស់ខ្លួន ដើម្បីជួយផ្សព្វផ្សាយបន្ដ ព្រមទាំងចូលរួមអភិវឌ្ឍន៍ និងការពារព្រំដែនកម្ពុជា។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ការរំលឹកប្រវត្តិសាស្ត្រខ្មែរនៃសម័យកាលនីមួយៗពាក់ព័ន្ធនឹងការវិវត្តទឹកដី ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង និងជាពិសេសយុទ្ធសាស្ត្រការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់រាជរដ្ឋាភិបាល។

ការស្វែងយល់ពីបញ្ហាព្រំដែនពេលនេះ គឺស្របពេលដែលក្រុមនិន្នាការប្រឆាំង បាននិងកំពុងព្យាយាមយកបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ពិសេសបញ្ហាព្រំដែនកម្ពុជា និងថៃ ជាអាទិ៍ រឿងកោះគុត និងប្រាសាទតាមាន់ មកធ្វើជាប្រធានបទឃោសនាញុះញង់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ឱ្យមានការភាន់ច្រឡំលើរាជរដ្ឋាភិបាលកម្ពុជា ដោយចោទថា រាជរដ្ឋាភិបាលព្រងើយកន្ដើយចំពោះបញ្ហាទឹកដី។

ឆ្លើយតបនឹងការចោទប្រកាន់នានាពីក្រុមប្រឆាំង លោករដ្ឋមន្ត្រី ឡាំ ជា បានគូសបញ្ជាក់យ៉ាងច្បាស់លើកិច្ចការព្រំដែនដែលជាកិច្ចការដ៏មានសារៈសំខាន់ និងអាទិភាពបំផុត ហើយជាអាយុជិវិតរបស់ជាតិដែលរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។

អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាការពារនូវសមិទ្ធផលជាប្រវត្តិសាស្ត្រពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសម្រេចចក្ខុវិស័យ «កសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ» ព្រមទាំងធានារក្សាការពារមិនឱ្យមានការរំលោភបានជាដាច់ខាតអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្ដី ឡាំ ជា ដដែលទៅកាន់សហគមន៍ខ្មែរមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ឱ្យបានយល់ បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា៕

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)