Connect with us

អត្ថាធិប្បាយ

ល្បែងអនឡាញ និងអំពើឆបោក ពលរដ្ឋត្រូវជៀសឱ្យផុត កុំពាក់ព័ន្ធឱ្យសោះ បើមិនចង់វិនាសដល់ខ្លួនឯង និងគ្រួសារ!

បានផុស

នៅ

បន្ទាប់ពីអាជ្ញាធរកម្ពុជា បានចាត់វិធានការក្តៅ ដោយបានស្រាវជ្រាវ និងបង្រ្កាបលើបទល្មើសឆបោកតាមអនឡាញ និងល្បែងអនឡាញជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាបន្តបន្ទាប់មក គេសង្កេតឃើញថា ក្រុមឧក្រិដ្ឋជនដែលភាគច្រើនជាជនជាតិចិន បានបង្វែរទិសដៅទៅកាន់ខេត្តភាគឦសានប្រទេសកម្ពុជា។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ កងកម្លាំងជំនាញនគរបាលជាតិ បានបើកការបង្រ្កាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមអនឡាញ​ដោយចាប់ខ្លួនជនប្រព្រឹត្តបទល្មើសបានរាប់រាយនាក់ នៅក្នុងខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ កងកម្លាំងជំនាញនគរបាលជាតិ បានបើកប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដោយឃាត់ខ្លួនមនុស្សចំនួន២៥៨នាក់ នៅចំណុចអគារមេគង្គ៧៤ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជនបរទេសដែលត្រូវបានឃាត់ខ្លួន គឺមាន៤សញ្ជាតិ មានចិន ២៤៧នាក់ មីយ៉ាន់ម៉ា៩នាក់ ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់។ កងកម្លាំងជំនាញនគរបាលជាតិ បានរកឃើញថា ជនល្មើស១៤នាក់ ក្នុងនោះ ចិន៧នាក់ និងមីយ៉ាន់ម៉ា៧នាក់ ជាប់ពាក់ព័ន្ធប្រព្រឹត្តសកម្មភាពប្រើអំពើហិង្សា និងបង្ខំឱ្យធ្វើការ។

នេះ គឺជាការរកឃើញ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងខេត្តមណ្ឌលគិរី។ ករណីនេះ អាចជាសញ្ញាដាស់តឿន និងជាសញ្ញាព្រមានប្រាប់ទៅអាជ្ញាធរនៅខេត្តផ្សេងទៀតនាភាគឦសានប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងស្រាវជ្រាវបង្ក្រាបឱ្យបានទាន់ពេលវេលា បើសិនមានបទល្មើសបែបនេះកំពុងប្រព្រឹត្តឡើង។ ខេត្តទាំង៤នេះ អាចជាខេត្តមានសក្កានុពល និងអំណោយផលល្អដល់ក្រុមឧក្រិដ្ឋជនក្នុងការរៀបចំប្រព្រឹត្តបទល្មើសអនឡាញ ព្រោះជាខេត្តជាយដែនឆ្ងាយពីរាជធានីភ្នំពេញ ហើយការយល់ដឹងរបស់ពលរដ្ឋនៅទីនោះ ជាពិសេស ជនជាតិដើមភាគតិចពាក់ព័ន្ធអំពើឆបោក និងល្បែងអនឡាញនៅមានកម្រិតនៅឡើយ។

តាមពិតទៅ ល្បែងអនឡាញ ក៏ដូចជាការឆបោកតាមអនឡាញ មិនមែនកើតឡើង ឬមិនមែនជារឿងរបស់កម្ពុជាតែមួយនោះទេ តែវាជាបញ្ហាសកល និងជាបញ្ហាតំបន់ដែលក៏កើតមានផងដែរ ដូចយ៉ាង នៅប្រទេសថៃ និងនៅប្រទេសមីយ៉ាន់ម៉ា ជាដើម។ ការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូន និងអ៊ីនធឺណែត បានធ្វើឱ្យមនុស្សជាច្រើនងាកមករកល្បែងអនឡាញជាកន្លែងសម្រាប់កម្សាន្ត និងរកកម្រៃ។ ប៉ុន្តែ ការលេងល្បែងទាំងនេះ ជារឿយៗបាននាំឱ្យមានការបោកប្រាស់ និងបញ្ហាសង្គមផ្សេងៗ។

ជាការកត់សម្គាល់ ការឆបោកតាមអនឡាញកើនឡើងជាមួយនឹងការរីកចម្រើននៃល្បែងអនឡាញ។ មនុស្សជាច្រើនត្រូវបានគេបោកប្រាស់តាមរយៈការផ្តល់សេវាកម្មល្បែងមិនប្រក្រតី ឬការប្រើប្រាស់បច្ចេកវិទ្យាក្លែងក្លាយ ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន និងលួចលុយពីអ្នកលេង។ បញ្ហានេះ បានធ្វើឱ្យប្រជាពលរដ្ឋអស់លុយកាក់ឥតអំពើ និងប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់ពួកគេថែមទៀតផង។ ការលេងល្បែងអនឡាញ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម ជាពិសេស ទៅលើក្មេងៗ និងយុវជន ដោយពួកគេត្រូវចំណាយពេលច្រើនជាមួយល្បែងអនឡាញ បណ្តាលឱ្យការសិក្សា និងការងារធ្លាក់ចុះ។ អង្គការសហប្រជាជាតិបានរកឃើញថា អ្នកដែលចូលរួមប្រព្រឹត្តអំពើឆបោកតាមអ៊ីនធឺណិត ភាគច្រើនធ្លាក់ខ្លួនក្នុងសកម្មភាពនេះតាមរយៈការចាញ់បោកក្រុមឧក្រិដ្ឋជនដែលសន្យាផ្ដល់ការងារមានប្រាក់ខែខ្ពស់ ប៉ុន្តែ ទីបំផុតពួកគេក្លាយជាជនរងគ្រោះដែលត្រូវបង្ខំឱ្យធ្វើជាអ្នកលួងលោម ឬ សកម្មភាពឆបោកផ្សេងៗនៅតាមអនឡាញ។

នៅកម្ពុជា បញ្ហាបទល្មើសតាមអនឡាញនេះ ត្រូវបានទប់ស្កាត់ និងបង្រ្កាបជាបន្តបន្ទាប់ ដោយកងកម្លាំងជំនាញរបស់កម្ពុជា។ កាលពីឆ្នាំ២០២៤កន្លងទៅ លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡានតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្របណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសកម្ពុជា។ ដោយឡែក កាលពីខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្តេចផ្ទាល់ជាអ្នកដឹកនាំ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការឆបោកអនឡាញ គឺបានបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងមុខមាត់របស់ប្រទេសកម្ពុជា។ ដូច្នេះហើយ ត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសទាំងអស់នេះ ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាឱ្យរដ្ឋបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត អាវុធហត្ថរាជធានី-ខេត្ត ក៏ដូចជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមលក្ខណៈ ដើម្បីសហការគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រៅពីការអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃល្បែងអនឡាញ និងអំពើឆបោកតាមអនឡាញដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន ដើម្បីបង្កើនការយល់ដឹង និងការប្រុងប្រយ័ត្នផងដែរ។ ការផ្សព្វផ្សាយនេះ បានជួយឱ្យប្រជាពលរដ្ឋ​ ជាពិសេស យុវជន ទទួលបានចំណេះដឹង និងការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះទេ អាជ្ញាធរកម្ពុជា ក៏បានទាក់ទងសហការជាមួយអង្គការអន្តរជាតិ និងប្រទេសជិតខាង ដើម្បីបង្ក្រាបអំពើឆបោកតាមអនឡាញ និងល្បែងអនឡាញខុសច្បាប់។

ដើម្បីទប់ស្កាត់បញ្ហាបទល្មើសតាមអនឡាញនេះឱ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបន្តតាមដានស្រាវជ្រាវ និងបង្រ្កាបដោយមិនមានការលើកលែង។ ទន្ទឹមគ្នានេះ គួរតែបង្កើន និងពង្រីកការផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់នៃល្បែងអនឡាញ និងអំពើឆបោកនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន។ ចំណែក ប្រជាពលរដ្ឋ ជាពិសេស យុវជនវិញ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវជៀសឱ្យផុត កុំពាក់ព័ន្ធឱ្យសោះបទល្មើសអនឡាញនេះ បើមិនចង់វិនាសដល់ខ្លួនឯង និងគ្រួសារ។

ប្រជាពលរដ្ឋ និងយុវជន គួរប្រុងប្រយ័ត្ននៅពេលប្រើប្រាស់អ៊ីនធឺណែត ដោយទី១.កុំជឿលើព័ត៌មានដែលមិនប្រាកដប្រជា កុំជឿភ្លាមៗលើការផ្តល់ជូន ឬការសន្យាដែលស្តាប់ទៅល្អពេក ព្រោះវាអាចជាការបោកប្រាស់។ ទី២. ត្រូវពិនិត្យថាតើព័ត៌មាននោះ បានមកពីប្រភពណា ហើយតើប្រភពនោះ អាចទុកចិត្តបាន ឬទេ ហើយត្រូវការពារព័ត៌មានផ្ទាល់ខ្លួន ដោយកុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដូចជា លេខគណនីធនាគារ ឬពាក្យសម្ងាត់ តាមអ៊ីនធឺណែត ឬជាមួយអ្នកដែលមិនស្គាល់។ ទី៣. កុំចូលរួមលេង ឬភ្នាល់ល្បែងតាមអនឡាញ ទោះត្រូវចំណាយលុយតិច ឬទោះបីសង្ឃឹមឈ្នះច្រើនយ៉ាងណាក៏ដោយ ព្រោះវាជាធ្នាក់ទាក់ឱ្យធ្លាក់ក្នុងអន្ទាក់ល្បែងអនឡាញរើខ្លួនមិនរួច។

ទី៤. គួរ​ប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ដូចជា ធ្វើការងារ និងសិក្សា អានសៀវភៅឱ្យបានច្រើនជាងការលេងបណ្តាញសង្គមផ្សេងៗដែលអាចទាញទៅរកការលេងល្បែងអនឡាញ និងឈានទៅធ្វើសកម្មភាពពាក់ព័ន្ធនឹងអំពើឆបោក។ ទី៥. ទាំងប្រជាពលរដ្ឋ និងទាំងយុវជន គួរឆ្លៀតស្វែងយល់បញ្ហាល្បែងអនឡាញ និងអំពើឆបោក រួមទាំង បញ្ហាគ្រោះថ្នាក់ផ្សេងៗ ហើយចែករំលែកបញ្ហានេះទៅកាន់បងប្អូន មិត្តភក្តិឱ្យបានដឹង ដើម្បីបង្ការកុំឱ្យជាប់ពាក់ព័ន្ធបញ្ហានេះ។ ទី៦. បើបានជាប់ពាក់ព័ន្ធ ឬត្រូវបានគេបង្ខំឱ្យធ្វើសកម្មភាពណាមួយ ត្រូវស្វែងរកជំនួយ ជាពិសេស ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ហើយបើសិនមានការសង្ស័យទីតាំងណាមួយ មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តល្បែងអនឡាញ ឬអំពើឆបោក ត្រូវរាយការណ៍ភ្លាមទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការបានទាន់ពេលវេលា៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៤៧ វិនាទី មុន

ល្បែងអនឡាញ និងអំពើឆបោក ពលរដ្ឋត្រូវជៀសឱ្យផុត កុំពាក់ព័ន្ធឱ្យសោះ បើមិនចង់វិនាសដល់ខ្លួនឯង និងគ្រួសារ!

DeepSeek
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិកហាមឃាត់ការប្រើប្រាស់ DeepSeek លើឧបករណ៍រដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២០ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម