ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ព្រមានកម្ទេចក្រុមហ៊ូធីឲ្យរលាយសូន្យពីលើលោក និងឲ្យអ៊ីរ៉ង់ឈប់គាំទ្រក្រុមនេះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែន ដោយប្តេជ្ញាថានឹង«បំផ្លាញឲ្យរលាយបាត់សូន្យពីលើលោក» បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះលើទ្រព្យសម្បត្តិរបស់កងទ័ពជើងទឹកអាមេរិកនៅសមុទ្រក្រហម។

ទន្ទឹមនោះ លោកប្រធានាធិបតីក៏បានព្រមានអ៊ីរ៉ង់ឲ្យបញ្ឈប់ការគាំទ្ររបស់ខ្លួនចំពោះក្រុមហ៊ូធីផងដែរ ហើយប្រាប់ឲ្យក្រុងតេហេរ៉ង់ទទួលខុសត្រូវចំពោះសកម្មភាពរបស់ក្រុមឧទ្ទាមនេះ។
លោក ត្រាំ បានសរសេរសារនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃពុធទី១៩ខែមីនាថា៖ «អ៊ីរ៉ង់ត្រូវតែបញ្ឈប់ការបញ្ជូនការផ្គត់ផ្គង់ទាំងនេះជាបន្ទាន់។ ឲ្យក្រុមហ៊ូធីប្រយុទ្ធដោយខ្លួនឯង ទោះយ៉ាងណាក៏ដោយក៏ពួកគេចាញ់ ប៉ុន្តែវិធីនេះពួកគេចាញ់យ៉ាងឆាប់រហ័ស»។
ភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីក្រុមហ៊ូធីត្រូវបានគេចោទប្រកាន់ថាបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក សំដៅទៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិកមួយក្រុមនៅក្នុងសមុទ្រក្រហម។ ជាការសងសឹក អាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងរបស់ក្រុមហ៊ូធី នៅក្នុងរដ្ឋធានីសាណា របស់ប្រទេសយេម៉ែន ជាពិសេសវាយលុកសង្កាត់ Al-Jarraf ក្បែរព្រលានយន្តហោះ។
ប្រតិបត្តិការទាំងនេះ បានបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ៣១នាក់ ដែលជាសកម្មភាពយោធាដ៏ធំបំផុតរបស់អាមេរិកនៅក្នុងប្រទេសយេម៉ែន គិតចាប់តាំងពីលោក ត្រាំ បានឡើងកាន់តំណែងក្នុងខែមករា។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់ហ៊ូធីបន្ថែមទៀត នឹងត្រូវបានចាត់ទុកថាជាសកម្មភាពផ្ទាល់របស់អ៊ីរ៉ង់ ដោយប្ដេជ្ញាថាអ៊ីរ៉ង់នឹងទទួលរងផលវិបាកធ្ងន់ធ្ងរ។ មេដឹកនាំអាមេរិកវ័យ៧៨ឆ្នាំ បាននិយាយថា៖ «រាល់ការបាញ់ប្រហារដោយពួកហ៊ូធីនឹងត្រូវឃ្លាំមើល… ដូចជាការបាញ់ចេញពីអាវុធ និងការដឹកនាំរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់នឹងត្រូវទទួលខុសត្រូវ និងទទួលរងនូវផលវិបាក ហើយផលវិបាកទាំងនោះនឹងធ្ងន់ធ្ងរ!»។
ទោះបីជាមានការគាបសង្កត់ផ្នែកយោធារបស់អាមេរិកក៏ដោយ ក៏ក្រុមហ៊ូធីបានប្រកាសបន្តការវាយលុករបស់ពួកគេ រួមទាំងការគំរាមកំហែងប្រឆាំងនឹងគោលដៅរបស់អ៊ីស្រាអែល រហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ។ ថ្មីៗនេះ ពួកគេបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបានប្រកាសពីផែនការពង្រីកគោលដៅវាយប្រហាររបស់ពួកគេថែមទៀត។ ចាប់តាំងពីចុងឆ្នាំ២០២៣មក ក្រុមហ៊ូធីបានអនុវត្តការវាយប្រហារជាង ១០០ដងលើនាវាដឹកជញ្ជូន ដែលរំខានដល់ពាណិជ្ជកម្មពិភពលោក។

អ៊ីរ៉ង់ ខណៈដែលបដិសេធជាសាធារណៈនូវការគាំទ្រខាងយោធាដោយផ្ទាល់ដល់ក្រុមហ៊ូធីនោះ បានជាប់ពាក់ព័ន្ធនឹងការផ្តល់អាវុធ ការបណ្តុះបណ្តាល និងជំនួយហិរញ្ញវត្ថុដល់ក្រុមឧទ្ទាមមួយនេះ។ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកនៅប្រទេសយេម៉ែន បានរាយការណ៍ថា អ៊ីរ៉ង់កំពុងដឹកជញ្ជូនប្រេងដោយខុសច្បាប់ទៅកាន់យេម៉ែន ដោយប្រាក់ចំណូលពីការលក់ត្រូវបានប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ហ៊ូធី។ ជាការឆ្លើយតបទៅនឹងស្ថានការណ៍កាន់តែតានតឹង អ៊ីរ៉ង់តាមសេចក្តីរាយការណ៍បានជំរុញឲ្យក្រុមហ៊ូធី កាត់បន្ថយភាពតានតឹងនៅសមុទ្រក្រហម ដែលជាសញ្ញានៃការផ្លាស់ប្តូរសំខាន់ក្នុងវិធីសាស្រ្តរបស់ទីក្រុងតេហេរ៉ង់ ចំពេលមានការបង្កើនការត្រួតពិនិត្យជាអន្តរជាតិ។
ជម្លោះដែលកំពុងកើតឡើង បានបង្កក្តីបារម្ភផ្នែកមនុស្សធម៌យ៉ាងខ្លាំង។ ការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះរបស់អាមេរិកនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូធី រួមទាំងទីក្រុងសាណា និងទីក្រុងសាដា បានបណ្តាលឲ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត ជាមួយនឹងរបាយការណ៍បង្ហាញថា មនុស្សយ៉ាងហោចណាស់ ៥៣នាក់បានស្លាប់រួមទាំងកុមារផងដែរ។ អង្គការសហប្រជាជាតិ បានផ្អាកប្រតិបត្តិការរបស់ខ្លួនក្នុងទីក្រុងសាដា ក្នុងខែកុម្ភៈ ដោយសារការព្រួយបារម្ភផ្នែកសន្តិសុខបន្ទាប់ពីការឃុំខ្លួនបុគ្គលិករបស់អង្គការសហប្រជាជាតិ ដែលម្នាក់ក្នុងចំណោមពួកគេបានស្លាប់នៅពេលជាប់ពន្ធនាគារដោយក្រុមហ៊ូធី៕
ដោយ៖ ឈាង
ចុចអាន៖ ហ៊ូធី បាញ់មីស៊ីលដាក់អ៊ីស្រាអែល ក្រោយហ្គាហ្សាផ្ទុះអាវុធឡើងវិញស្លាប់មនុស្សជាង៤០០នាក់

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១