Connect with us

ជីវិតកម្សាន្ដ

ខុនដូនិងឡានទំនើប ដែលតារាថៃ Due អួតក្ដែងៗថា ប្ដីតៃវ៉ាន់ទិញឲ្យ តាមពិតជួលគេមកទេ

បានផុស

នៅ

Due Arisara ដែលជាតារាស្រីថៃល្បីឈ្មោះមួយរូប និង បានប្ដីជាសេដ្ឋី​តៃវ៉ាន់ ជាញឹកញយនាងតែងបង្ហាញពីជីវិតដ៏ហាយសូរ លំដាប់សេដ្ឋីដោយស្លៀកសំលៀកបំពាក់ថ្លៃៗ កាបូបប្រ៊េនៗ ជិះឡានទំនើប ដើរលេងគ្រប់ប្រទេស ជិះយន្ដហោះសុទ្ធតែ Business Class ព្រមទាំងរស់នៅផ្ទះសុទ្ធតែ Penthouse។ រាល់ពេលនាងបង្ហោះរូបភាព ម្ដងៗ តែងធ្វើឲ្យមហាជនគ្រប់គ្នាចំហរមាត់ធំៗ ស្ងើចសរសើរ និង ច្រណែនពីជីវិតដ៏ហាយសូររបស់នាងខ្លាំងណាស់។ ប៉ុន្ដែរឿងដែលមិននឹកស្មាននោះ កាលថ្មីៗនេះ នាងត្រូវឡើងលើទំព័រមុខសារព័ត៌មានថៃចុះផ្សាយឥតសំចៃថាជា ហាយសូរប្រហោងក្នុង ព្រោះបែកធ្លាយរឿងនាងជំពាក់បំណុលមិត្តភក្ដិជិតស្និទ្ធជិត ២ លានដុល្លារ និង មានរឿងអាស្រូវរឿងជួលផ្ទះគេនៅ សុទ្ធតែ Penthouse។

យ៉ាងណា រឿងរ៉ាវរបស់តារាស្រីនិយមដើរតួឆ្នាសឆ្នើមក្នុងកុនភាគថៃ នាពេលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមនាពេលបច្ចុប្បន្ន។ Due Arisara ត្រូវគេរាយការណ៍ថាបានជំពាក់បំណុលជាង ៦២ លានបាតពីអ្នកជំនួញស្រី Maynie Minimay ហើយបដិសេធមិនព្រមសងទាន់ពេលវេលា។

ពិធីករ Moddam Tonjaroen បានទម្លាយរឿងនៅពីក្រោយខុនដូរប្រណីតតម្លៃ ៧០០ លានបាតឬជាង ២០ លានដុល្លារ ដែលតារាស្រី Due Arisara ធ្លាប់បានប្រកាសក្ដែងៗថា ស្វាមីជនជាតិតៃវ៉ាន់ទិញឲ្យនាង តាមពិតទៅនាងជួលគេក្នុងតម្លៃ ៨០០,០០០បាតក្នុងមួយខែ សូម្បីតែឡានទំនើបក៏ជួលគេមកថតដែរ។

ពិធីករ Moddam Tonjaroen

មិនតែប៉ុណ្ណោះ ភាគីខាងដើមចោទក៏មានភស្តុតាងដែលថា តារាស្រីរូបនេះបានលួចទៅបញ្ចាំទ្រព្យសម្បត្តិរបស់លោកជំទាវ Maynie ទើបនាំឲ្យ Due ត្រូវបង្ខំចិត្តទូរស័ព្ទទៅកម្មវិធីដោយផ្ទាល់ហើយ​បាន​សារភាព​ថា អ្នក​ក្នុង​ព័ត៌មាន​នេះ​គឺ​ពិត​ជា​នាង​មែន ហើយ​ទទួល​យក​ថា​គ្រប់​បញ្ហាទាំងអស់ ដែលដើមឡើយនាងគ្មានចេតនាបោកប្រាស់អ្នកណាទេ។ ក្នុងនោះនាងទម្លាយថែមទៀតថា មកពីរូបនាងចំណាយច្រើនពេក ហើយការរកស៊ីក៏មិនជោគជ័យទៅមុខទៀត។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងវគ្គចុងក្រោយនៃកម្មវិធី Chae ចាក់ផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៥ ពិធីករ Moddam បានទម្លាយឲ្យដឹងថា Penthouse តម្លៃ ៧០០ លានបាតរបស់ Due Arisara និងស្វាមីរបស់នាង ពិត​ជា​មិន​បាន​ទិញ​វា​ទេ។ ប៉ុន្តែ​ការ​ជួល​ដោយ​ចុះ​កិច្ចសន្យា​ជាមួយ​ម្ចាស់​បន្ទប់​​ជនជាតិ​ចិន ​ក្នុង​តម្លៃ​៨០​ម៉ឺន​បាត​ក្នុង​មួយ​បន្ទប់​សរុប​២​បន្ទប់ ដោយត្រូវ​បង់​ថ្លៃ​ខុន​ដូ​ជាង​១​លាន​បាត ​(ជិត ៣ ម៉ឺនដុល្លារ) ក្នុង​មួយ​ខែឯណោះ ។

លើសពីនេះ លោកបានបញ្ចាក់បន្ថែមអំពីឡានទំនើបដែលគ្រប់គ្នាឧស្សាហ៍ឃើញនាងថតឃ្លីបហើយយកទៅបង្ហោះលើបណ្ដាញសង្គមថា ស្វាមីជនជាតិតៃវ៉ាន់ទិញឲ្យនោះក៏មិនមែនជាការពិតឡើយ។ តាមពិតនាងប្រាប់អ្នកលក់ថា ចង់ទិញរថយន្តស្ព័រនេះ តែស្នើសុំគេយកមកផ្ទះដើម្បីជិះសាកសិន  រួចក៏យកមកថតមាតិកាដូចជាឡានរបស់ខ្លួនឯង ហើយក៏យកទៅឲ្យអ្នកលក់វិញដោយប្រាប់ថាមិនទិញទេ និងយកលេសថាឡានសំឡេងឮខ្លាំង នាងមិនចូលចិត្តឡើយ។

យ៉ាង​ណា​មិញ ព័ត៌មានទាំង​នេះ​គ្រាន់​តែ​ជា​ការ​អះអាងមួយផ្នែក​ ដោយគ្មានភស្តុតាងច្បាស់លាស់ណាមួយ ដើម្បីបញ្ជាក់ការពិតថា Due Arisara ពិតជាហៃសូប្រហោងក្នុងដូចដែលមហាជនបានលើកឡើងឬយ៉ាងណាទេ។ ក្នុងពេលបច្ចុប្បន្ននេះ តារាសម្ដែងស្រីបានក្លាយជាគោលដៅនៃការចាប់អារម្មណ៍ពីសាធារណជន ដោយម្នាក់ៗរង់ចាំមើលថា តើរូបនាងនឹងចេញមុខបដិសេធពាក្យចចាមអារ៉ាម អំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនដែរទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Due Arisara ប្រាប់​ប៉ូលិស​ថា ​មិនបានរត់គេចខ្លួន​ទេ នាងនឹងវិលមកដោះស្រាយឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម