Connect with us

ព័ត៌មានអន្ដរជាតិ

F-16 ច្រើនគ្រឿងទៀត បានទៅដល់ដៃអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសពីការមកដល់នៃយន្តហោះចម្បាំង F-16 ច្រើនគ្រឿងបន្ថែមទៀតពីលោកខាងលិច ដើម្បីទុកទប់ទល់ជាមួយរុស្ស៊ី។ 

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Kyiv Independent, លោកថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមីនាឆ្នាំ២០២៥ ប៉ុន្តែលោកមិនបញ្ជាក់ឡើយថាតើ អ៊ុយក្រែនទទួលបានប៉ុន្មានគ្រឿងថ្មីឲ្យប្រាកដ ហើយក៏មិនប្រាប់ដែរថាតើប្រទេសណាជាអ្នកផ្តល់ឲ្យ។

លោកនិយាយថា «យន្តហោះ F-16 ច្រើនគ្រឿងបន្ថែមទៀត បានមកដល់ដៃអ៊ុយក្រែនហើយ។ រុស្ស៊ី កុហកថា ពួកគេបាញ់ធ្លាក់យន្តហោះនៅទីនោះ តែតាមពិតពួកគេមិនបានបាញ់ទម្លាក់អ្វីទាំងអស់ ហើយដំណឹងល្អគឺថា យន្តហោះ F-16 ជាច្រើនគ្រឿងបានមកដល់អ៊ុយក្រែនហើយ»។

យន្តហោះ F-16 (រូបថត៖ Getty)

សូមជម្រាបជាថ្មី សហរដ្ឋអាមេរិកបានអនុម័តប្រគល់ F-16 ទៅឲ្យទីក្រុងកៀវ នៅពាក់កណ្តាលឆ្នាំ ២០២៣ ហើយអនុញ្ញាតឲ្យសម្ព័ន្ធមិត្តណាតូ បញ្ជូនយន្តហោះចម្បាំងនេះនិងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនថែមទៀតផង។

បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវែស សុទ្ធតែសន្យាផ្គត់ផ្គង់ F-16 ចំនួន៨០គ្រឿងឲ្យអ៊ុយក្រែន ដ្បិតភាគច្រើននឹងត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីដឹកទៅក៏ដោយ។ យ៉ាងណា ក្នុងឆ្នាំ២០២៤ អ៊ុយក្រែនទទួលបានយន្តហោះនេះចំនួន១៨គ្រឿងរួចហើយ ប៉ុន្តែក្នុងនោះមានមួយគ្រឿងបានធ្លាក់នៅខែសីហា ហើយបណ្តាលឲ្យពីឡុតជើងចាស់ម្នាក់ ស្លាប់ផងដែរ។

យន្តហោះ F-16 (រូបថត៖ Getty)

និយាយអំពីយន្តហោះចម្បាំងនេះ កាលពីសប្តាហ៍មុន ទ័ពអាកាសអ៊ុយក្រែន បែរជានិយាយថា F-16 របស់អាមេរិក គឺមិនអាចប្រៀបផ្ទឹមនឹង Su-35 របស់រុស្ស៊ីបានទៅវិញ។

សម្តីនេះគឺចេញពីមាត់ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន Yuri Ignat ដោយអះអាងថា ពេលបើកឆាកប្រយុទ្ធគ្នាមួយទល់មួយនៅលើអាកាស, F-16 ទៅមិនរួចជាមួយ Su-35 ទេ។ Su-35 របស់រុស្ស៊ី ជាយន្តហោះចម្បាំងពហុមុខងារនិងថ្មីជាង F-16 ហើយមានបំពាក់ជាមួយប្រព័ន្ធការពារទំនើបនិងប្រព័ន្ធធ្វើសង្គ្រាមអេឡិចត្រូនិចថែមទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន ថា F-16 របស់អាមេរិក ទៅមិនរួច Su-35 របស់រុស្ស៊ីទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម