Connect with us

ព័ត៌មានជាតិ

លោក ស សុខា៖គ្រឹះស្ថានឧត្ដមសិក្សា បានប្រមូលផ្ដុំយុវជនឱ្យក្លាយជាសសរស្ដម្ភជាតិ និងកសាងសង្គមទំនើបមួយ

បានផុស

នៅ

អនុប្រធានស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា លោក ស សុខា ចាត់ទុកការកៀរគរយុវជនឱ្យចូលរួមសកម្មភាពនានា និងចូលជាសមាជិក ស.ស.យ.ក. និងការពង្រីករចនាសម្ព័ន្ធរបស់ ក.យ.គ. ដោយបន្ថែមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបន្ថែមទៀត ក្នុងន័យដើម្បីប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភនិងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ​មាតុភូមិនិងប្រជាជន រួមពូនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ថ្លែងចាត់ទុកបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ​.គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា តាមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមវត្តមានថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. សរុបចំនួន៥៥០នាក់។

ថ្លែងក្នុងពិធីដដែល លោក ស សុខា បានថ្លែងអំណរគុណ លោកប្រធាន ហ៊ុន ម៉ានី ដែលបានណែនាំតម្រង់ទិស និងដាក់ចេញនូវផែនការជាបន្តបន្ទាប់ សម្រាប់ជាមូលដ្ឋានឱ្យ ក.យ.គ. យកមកអនុវត្តដើម្បីសម្រេចបានតាមចក្ខុវិស័យ និងគោលបំណងរបស់ ស.ស.យ.ក. ព្រមទាំងបានកោតសរសើរ និងវាយតម្លៃប្រកបដោយការលើកទឹកចិត្តខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ និងប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យសម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤។

លទ្ធផលការងារសំខាន់ៗនោះ ត្រូវបានលោក ស​ សុខា កត់សម្គាល់ជាអាទិ៍ ការចូលរួមរៀបចំកម្មវិធីសាទរកម្ពុជា ការចូលរួមក្នុងកម្មវិធីកីឡា ការធ្វើសកម្មភាពសង្គមតាមគ្រឹះស្ថានឧត្តមសិក្សា និងតាមសហគមន៍ ការរៀបចំសិក្ខាសាលា បាឋកថានិងវគ្គបណ្ដុះបណ្ដាលជាច្រើននៅតាមគ្រឹះស្ថានឧត្តមសិក្សា ការកៀរគរយុវជនឱ្យចូលរួមសកម្មភាពនានា និងចូលជាសមាជិក ស.ស.យ.ក. និងការពង្រីករចនាសម្ព័ន្ធរបស់ ក.យ.គ. ដោយបន្ថែមគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនបន្ថែមទៀត ក្នុងន័យដើម្បីប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភនិងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ​មាតុភូមិនិងប្រជាជន រួមពូនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពគ្រប់វិស័យ។

គួរឱ្យដឹងថា សន្និបាតឆ្នាំនេះ មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ ដោយមានការធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៥​ ទាក់ទងទៅនឹងការសិក្សាជំនាញ STEAM តម្រូវការទីផ្សារការងារក្នុងសម័យឌីជីថល ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ការចូលរួមចំណែករបស់យុវជនក្នុងសង្គមជាតិ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ពិធីបិទសន្និបាត នឹងបន្តប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ ខែមីនា ដដែលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម