Connect with us

ព័ត៌មានជាតិ

ទីផ្សារទឹកឃ្មុំក្នុងស្រុកកំពុងធ្លាក់ចុះ ដោយសារកត្តាតម្រូវការ

បានផុស

នៅ

​ប្រធាន​សហគមន៍​កសិកម្ម​ស្ទឹង​ត្រង់​សែន​ជ័យ​ ខេត្ត​កំពង់​ចាម លោក លូង តាក់ បាន​ថ្លែងថា ទីផ្សារ​​​ទឹក​ឃ្មុំ​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ការ​ឆ្លាក់​ចុះ​​ច្រើន បើ​ធៀប​ទៅ​និង​ឆ្នាំ​មុន ដោយ​សារ​តម្រូវ​ការ​ទីផ្សារ​ទឹកឃ្មុំ​ក្នុង​ស្រុក​មិន​សូវ​មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លូង តាក់ ថ្លែងមកកាន់ «កម្ពុជា​ថ្មី​»​ ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ​​ថា​ នៅឆ្នាំ​នេះ ទីផ្សារ​ទឹក​ឃ្មុំ​ក្នុង​ស្រុក​ហាក់​បី​ដូច​ជា​ធ្លាក់​ចុះ​ជាង​ឆ្នាំមុន​ ដោយ​ពេល​បច្ចុប្បន្ន​នេះ សហគមន៍​មាន​នៅ​សល់​ទឹក​ឃ្មុំ​ប្រមាណ​ជាង ១ ពាន់​លីត្រ​ទៀត ដែល​មិន​ទាន់​លក់​ចេញ​នៅ​ឡើយ​ ដោយ​សារ​ទីផ្សារ​ធ្លាក់​ចុះ​ទាប​ពេក ហើយ​តម្លៃ​ថោក​មិន​អាច​លក់​បាន​។

លោក​ថា «នៅ​ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ យើង​អាច​លក់​ចេញ​ទឹក​ឃ្មុំ​ទៅ​កាន់​ទីផ្សារ​ក្នុង​ស្រុក​បាន​ក្នុង​រង្វង់ ៣០០-​៤០០​លីត្រ ប៉ុណ្ណោះ​ ហើយ​សម្រាប់​រយៈ​ពេល ៣ ខែ​ ដើម​ឆ្នាំ​២០២៥ នេះ សហគមន៍​បាន​នាំ​ចេញ​ទឹក​ឃ្មុំ​ប្រមាណ​ជាង ៧០ ​លីត្រ​ប៉ុណ្ណោះ​សម្រាប់​សមាជិក​ផ្ទាល់»​។


ជុំ​វិញ​បញ្ហា​នេះ ម្ចាស់​សហគមន៍​រូប​នេះ ​បាន​ពន្យល់ថា «​ជា​ទូទៅ​អ្នក​មិន​ប្រើប្រាស់​មិន​បាន​យល់ច្បាស់​ពី​អត្ថប្រយោជន៍​ទឹក​ឃ្មុំ​ធម្មជាតិ និង​ទឹក​ឃ្មុំ​ព្រៃ ដោយ​អ្នក​ទិញ​ភាគ​ច្រើន​យល់​ឃើញ​ថា ទឹក​ឃ្មុំ​ចិញ្ចឹម​មិន​មាន​​គុណភាព​ល្អ​ដូច​ទឹក​ឃ្មុំព្រៃ​ ប៉ុន្តែ​តាម​អ្វី​ដែល​ខ្ញុំ​​សិក្សា​ និង​នៅ​ជា​មួយ​​ឃ្មុំ​កន្លង​មក ឃ្មុំ​ចិញ្ចឹម គឺ​ល្អ​ជាង​ទឹក​ឃ្មុំ​ព្រៃ»។

«បាន​ជា​ខ្ញុំ​និយាយ​ថា ឃ្មុំ​ចិញ្ចឹម​ល្អ ព្រោះ​ទី​១ ឃ្មុំ​ចិញ្ចឹម​យើង​មាន​កន្លែង​ឱ្យ​វា​នៅ ទី​២ ឃ្មុំ​ចិញ្ចឹម​ក៏​យក​លម្អង​ផ្កា តាម​ព្រៃ​ដូច​ជា​ឃ្មុំ​ព្រៃ​ដែរ​ ទី​៣ ពេល​មាន​ភ្លៀង​ធ្លាក់​ ទឹក​ភ្លៀង​គឺ​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​ឃ្មុំ​បាន​ទេ​ ដោយ​ឡែក​ឃ្មុំ​ព្រៃ​ទឹក​អាច​ចូល​បាន​ ទី​៤ ពេល​ដែល​ប្រមូល​ផល យើង​អាច​ត្រួតពិនិត្យ​បាន​ថា បង្គង​ណាមួយ​ដែល​អាច​ប្រមូល​ផល​បាន​ និង​មិន​ទាន់​អាច​ប្រមូល​ផល​បាន»។ លោក លូង តាក់ បន្ថែម​បែប​នេះ។

ជា​មួយ​គ្នា​នេះ លោក ក៏​បាន​បញ្ជាក់​ដែរ​ថា៖« ជា​ធម្មតា​ទឹក​ឃ្មុំ​តម្លៃ​លក់​នៅ​លើ​ទីផ្សារ គឺ​យើង​លក់​ក្នុង​តម្លៃ ៨ម៉ឺន​រៀល ក្នុង​មួយ​លីត្រ​ដូច​គ្នា ប៉ុន្តែ​ខុស​ត្រង់​ថា អ្នក​ប្រើប្រាស់​នៅ​តែ​ចាត់​​ទុក​ថា​ទឹក​ឃ្មុំ​ចិញ្ចឹម​ជា​ទឹកឃ្មុំ​មិន​ល្អ​ដដែល​ទើប​មិន​សូវមាន​ការ​ចាប់​អារម្មណ៍​ច្រើន និង​តម្រូវ​ការ​ដូច​មុន»​។

បើ​តាម​លោក លូង តាក់ ដដែល​ក្នុង​មួយ​ឆ្នាំ ឃ្មុំ​អាច​ប្រមូល​ផល​បាន ៦​ខែ គឺ​ចាប់​ពី​ខែ​ធ្នូ ​អាច​ប្រមូល​ផល​បាន​ រហូត​ដល់​ខែ​ឧសភា ប៉ុណ្ណោះ​។

ម្ចាស់​សហគមន៍​រូប​នេះ ​បាន​សង្កង់​ធ្ងន់​ថា ប្រសិន​បើ​ទីផ្សារ​អាជីវកម្ម​ឃ្មុំ​នៅ​តែ​បន្ត​ធ្លាក់ចុះ​បែប​នេះ វា​អាច​ប៉ះពាល់​ដល់​ទីផ្សារ​ឃ្មុំ, ឃ្មុំ​អាច​ជួប​បញ្ហា​ច្រើន​ទៅ​លើ​ការ​ថែទាំ ជា​ពិសេស​ការ​ប្រើប្រាស់​ថ្នាំ​ពុល​ច្រើន​របស់​ប្រជាកសិករ សម្រាប់​រដូវ​កាល​នេះ​តែ​ម្តង ព្រោះ​ជា​រដូវ​ស្វាយ​ចន្ទី ដោយ​ពួកគេ​ប្រើថ្នាំ​ពុល​ដើម្បី​សម្លាប់​សត្វ​ល្អិត ហើយ​ឃ្មុំ​ក៏​ទៅ​យក​លម្អង​ផ្កា​ចន្ទី​ដែរ​ ដូច្នេះ​ពេល​ខ្លះ​វា​អាច​ប៉ះពាល់​ដែល​ធ្វើ​ឱ្យ​ឃ្មុំ​ងាប់​ច្រើន​ក៏មាន​ដែរ​។ ហេតុ​ដូច​នេះ​ប្រសិន​បើ​នៅ​តែ​មាន​បញ្ហា​ប្រឈម​ច្រើន​បែប​នេះ​ទៀត ក្រុម​របស់​លោក​អាច​នឹង​ផ្អាក​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឃ្មុំ​នេះ ដោយ​មិន​បន្ត​ទិញ​ចូល​ពូជឃ្មុំ​​បន្ថែម គ្រាន់​តែ​បន្ត​ថែរក្សា​ពូជ​ចាស់​ដែល​នៅ​សេស​សល់ ព្រោះ​បញ្ហា​កំពុង​តែ​ប្រឈម​ច្រើន ប្រសិន​បើ​នៅ​តែ​ព្យាយាម​ទៀត នោះ​ការ​ខាតបង់​នឹង​មាន​កាន់​តែ​ច្រើន​។

ជុំវិញទីផ្សារទឹកឃ្មុំនេះដែរ កន្លងមក​បន្ទាប់ពីមានករណីពាក់ព័ន្ធនាំចូលទឹកឃ្មុំក្លែងក្លាយ គ្មានប្រភពច្បាស់លាស់សមាជិកសហគម​ន៍​ចិញ្ចឹមឃ្មុំកម្ពុជា ធ្លាប់ចេញការស្រាយបំភ្លឺរួចហើយដែរទាក់ទងបញ្ហាទឹកឃ្មុំក្លែងក្លាយដែលកំពុងចរាចរនៅលើទីផ្សារប្រទេសកម្ពុជានេះ ដោយសហគមន៍បានអំពាវនាវឈប់មានការយល់ច្រឡំថា ទឹកឃ្មុំដែលចែកចាយនៅលើទីផ្សារស្រុកខ្មែរជាទឹកឃ្មុំមិនល្អ ជាទឹកឃ្មុំក្លែងក្លាយប្រភព ព្រោះប្រជាកសិករខ្មែរ រក្សាក្រមសីលធម៌ រក្សាវិជ្ជាជីវៈអ្នកចិញ្ចឹមឃ្មុំបែបធម្មជាតិ ចែកចាយតែទឹកឃ្មុំដែលមានគុណភាពដល់ពលរដ្ឋតែប៉ុណ្ណោះ ពុំមានការកែច្នៃ ពុំមានការក្លែងបន្លំគុណភាពទឹកឃ្មុំនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម