Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់​ប្រកាស​ដំឡើង​ប្រាក់​ខែ​ឲ្យយោធា

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ខែមីនានេះ តៃវ៉ាន់នឹងដំឡើងប្រាក់ខែឲ្យយោធាក្នុងការជំរុញមួយ ដើម្បីដោះស្រាយកង្វះខាតកម្លាំងពលកម្ម ខណៈដែលកោះនេះប្រឈមមុខនឹងសម្ពាធយោធាកាន់តែខ្លាំងពីប្រទេសចិន។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនៈកិច្ចនៅថ្ងៃសុក្រនេះទៅ​កាន់​ជុំរុំយោធា លោកប្រធានាធិបតី Lai Ching-te បានប្រកាសពីការដំឡើងប្រាក់បៀវត្សរ៍ ហើយបានប្តេជ្ញាថានឹង «បន្តមើលថែមន្ត្រី និងទាហានដែលខិតខំធ្វើការពីគ្រប់ទិដ្ឋភាពទាំងអស់»។

លោកបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមេសា នាយទាហាន ដែល​មាន​ឋានៈ​ក្រោម​វរសេនីយត្រី បូករួមទាំងទាហានដែលបានចូលបម្រើការងារជាអង្គភាពប្រយុទ្ធភាគច្រើន នឹង​ឡើង​ប្រាក់​ខែចន្លោះ​ពី​ ១០ ០០០ដុល្លារតៃវ៉ាន់(៣០៣ ដុល្លាអាមេរិក) ទៅ ១៥ ០០០ដុល្លារតៃវ៉ាន់ (៤៥៤.៥០ ដុល្លារអាមេរិក)។

ចំពោះវរសេនីយ៍ទោ និងវរសេនីយឯកនឹងទទួល​ប្រាក់​ខែ​បន្ថែម​​ប្រហែល ៤ ០០០​ដុល្លារតៃវ៉ាន់ ខណៈដែលប្រាក់ឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍នឹងកើនឡើង ៣ ០០០ដុល្លារតៃវ៉ាន់។ ប្រាក់ឧបត្ថម្ភរបស់អង្គភាពប្រយុទ្ធនឹងកើនឡើងផងដែរ ដោយអង្គភាពប្រយុទ្ធប្រភេទ១ ដែលឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់បំផុត និងមានភារកិច្ចច្រើនជាងគេ នឹងមានការកើនឡើងពី ៥ ០០០​ដុល្លារតៃវ៉ាន់ ទៅ ១២ ០០០​ដុល្លារតៃវ៉ាន់។ ចំណែកអង្គភាពប្រយុទ្ធប្រភេទ​២​នឹងកើនឡើងពី ៣ ០០០​ដុល្លារតៃវ៉ាន់ ទៅ ៧ 000​ដុល្លារតៃវ៉ាន់។

(រូបភាព៖ AP)

បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ ការដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍មិនត្រឹមតែជាវិធានការរយៈពេលខ្លីដើម្បីដោះស្រាយ «ការថយចុះកម្លាំងពលកម្ម» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា «ការវិនិយោគរយៈពេលវែងដើម្បីនាំមកនូវទេពកោសល្យដែលមានស្ថិរភាព និងបង្កើនប្រសិទ្ធភាព» រួមជាមួយគោលបំណងគឺដើម្បី «ស្ថិរភាពសមត្ថភាពការពារ និងលើកទឹកចិត្តសមាជិកយោធាស្ម័គ្រចិត្តឱ្យបន្តនៅរយៈពេលយូរ និងទាក់ទាញយុវជនឱ្យចូលរួមយោធា»។

ជាមួយគ្នានេះការដំឡើងប្រាក់បៀវត្សរ៍ក៏បានធ្វើឡើងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗដែលថាចំនួនទាហានដែលបានដកខ្លួនចេញពីកិច្ចសន្យាមុនកាលកំណត់ បានកើនឡើងស្ទើរតែបួនដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីឆ្នាំមុន បុគ្គលិកយោធាស្ម័គ្រចិត្តចំនួន ១ ៥៦៥នាក់បានចាកចេញមុនកាលកំណត់។ ក្រសួងការពារជាតិបានឱ្យដឹងថា ចំនួននៃការបម្រើយោធាស្ម័គ្រចិត្តមានចំនួន ១៥២ ៨៨៥នាក់ក្នុងខែមិថុនា ឆ្នាំ២០២៤ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ ២០១៨។

(រូបភាព៖ AP)

លោក Lai ក៏បានជំរុញឱ្យគណបក្សប្រឆាំងបង្ហាញ «ការគាំទ្រដ៏ធំបំផុត» ដល់យោធា ហើយគិតឡើងវិញពីផលប៉ះពាល់នៃការបង្កក និងកាត់បន្ថយថវិកាការពារជាតិ ដោយសារកិច្ចសហប្រតិបត្តិការទ្វេភាគីគឺចាំបាច់ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ។ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់គ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់កំណត់ត្រា ៦៤៧ ពាន់លានដុល្លារតៃវ៉ាន់(១៩.៦០ ពាន់លានដុល្លារអាមេរិក)ក្នុងឆ្នាំ២០២៥នេះឬប្រហែល ២,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

ទោះជាយ៉ាងណាក៏ដោយ សម្ភារៈចំនួនត្រូវបានកាត់បន្ថយ ឬបង្កកដោយសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង រួមទាំងការបង្កក ៥០ភាគរយលើការចំណាយសម្រាប់កម្មវិធីនាវាមុជទឹក និងទីលានឧស្សាហកម្មយន្តហោះគ្មានមនុស្សបើក។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានទាមទារកោះតៃវ៉ាន់ធ្វើជាផ្នែកនៃទឹកដីរបស់ខ្លួននិងបានគំរាមប្រើកម្លាំងតាមរយៈការដាក់ពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងនៅជុំវិញកោះនេះ ហើយបានធ្វើសមយុទ្ធយោធា​​ធំៗជាច្រើនចាប់តាំងពីប្រធានាធិបតី Lai Ching-te ចូលកាន់តំណែងនៅទីក្រុងតៃប៉ិឆ្នាំមុន៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម