Connect with us

ព័ត៌មានជាតិ

អនុប្រធានទី២ព្រឹទ្ធសភាឆ្ងល់ធនាគារមួយចំនួនកាត់សេវាពីគណនីដែលគ្មានប្រតិបត្តិការ

បានផុស

នៅ

អនុប្រធានទី២ព្រឹទ្ធសភាលោក ធន់ វឌ្ឍនា ឆ្ងល់រឿងធនាគារមួយចំនួនដែលបានកាត់សេវាពីគណនីពលរដ្ឋដែលទុកលុយក្នុងនោះតែគ្មានប្រតិបត្តិការ និងជំរុញឱ្យធនាគារជាតិគួរពិនិត្យមើលលើករណីនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្ដីពីប្រាក់រៀល និងអបអរខួប៤៥ឆ្នាំនៃការដាក់ចរាចរប្រាក់រៀលឡើងវិញនៅសភាជាតិកម្ពុជាកាលពីថ្ងៃទី២០ ខែមីនាលោក ធន់ វឌ្ឍនា បានលើកឡើងថាចម្ងល់នេះត្រូវបានឡើងដោយប្រជាពលរដ្ឋពេលដែលលោកចុះមូលដ្ឋាន និងថាការកាត់លុយចេញពីគណនីដែលពលរដ្ឋទុកលុយក្នុងនោះជារឿងមួយមិនសមរម្យ។

លោកថា៖ «គេ(ធនាគារ)ថាគេកាត់ដោយសារតែគណនីហ្នឹងអត់ប្រើ ដូច្នេះត្រូវគិតសេវា ខ្ញុំសួរថាបើសិនជាខ្ញុំទៅដកលុយរាល់ថ្ងៃ ដកដាក់ៗអ្នកឯងរវល់ឬអត់ទេ? អ្នកឯងរវល់អាហ្នឹងអ្នកឯងគួរតែគិតសេវា តែខ្ញុំយកលុយទៅដាក់ចោលរឿងអីអ្នកឯងត្រូវគិតសេវាដែរ? ហេតុអីលុយនៅស្ងៀមទៅជាគិតសេវា ដល់គេទៅដកលុយដាក់លុយដែលត្រូវរវល់បុគ្គលិក ខាតម៉ាស៊ីនត្រជាក់អីតែបែរជាគិតសេវា»។  

បើតាមលោក ធន់ វឌ្ឍនា ការកាត់សេវាប្រចាំឆ្នាំលើគណនីដែលពុំមានប្រតិបត្តិការមានតម្លៃប្រមាណ៥ដុល្លារក្នុងមួយឆ្នាំ។ លោកជំរុញដល់ធនាគារជាតិគួរចេញប្រកាសមួយលើករណីនេះ ជាមួយនឹងការពិនិត្យដល់គណនីធនាគារដែលម្ចាស់ទទួលមរណភាពផងដែរដោយបារម្ភខ្លាចមានរឿងមិនប្រក្រតីណាមួយកើតឡើង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម