Connect with us

សេដ្ឋកិច្ច

អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលសម្រាប់សេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា លោក ឈាង វុន អគ្គទេសាភិបាលរងធនាគារជាតិលោក ស៊ុំ សន្និសិទ្ធ និងអគ្គលេខាធិការងរដ្ឋសភាលោក ឈាង វណ្ណារិទ្ធ បានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលចំពោះសេដ្ឋកិច្ចជាតិដោយវាអាចជួយសម្រួលបន្ទុកកម្ចីរបស់ពលរដ្ឋ រដ្ឋទទួលបានចំណូលច្រើនពីការបោះពុម្ភលុយ ព្រមទាំងអាចមានលទ្ធភាពច្រើនក្នុងការវិនិយោគសាធារណៈផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេចឃ្យូអរ(KHQR)នៅសាលសន្នីសិទសភាជាតិលោក ឈាង វុន បានលើកឡើងថា៖ «ការប្រើប្រាស់លុយរៀលច្រើននឹងពង្រឹងអធិបតេយ្យ និងបង្កើនភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច។ នៅពេលលុយរៀលអាចដើរតួនាទីសំខាន់ក្នុងការកំណត់ថ្លៃទំនិញ និងសេវា យើងអាចរក្សាស្ថិរភាពថ្លៃបានប្រសើរជាងមុន ពីព្រោះយើងអាចបញ្ចេញ ឬស្រូបយកលុយរៀលពីទីផ្សារបានងាយស្រួល ជាងលុយដុល្លារអាមេរិក ដោយតម្លៃដុល្លារអាចប្រែប្រួលទៅតាមទីផ្សារអន្តរជាតិ ដែលយើងមិនអាចគ្រប់គ្រងបាន»។

ក្រៅពីនេះក៏មានអត្ថប្រយោជន៍មួយចំនួនទៀតដូចជា៖

•ធនាគារជាតិក៏អាចជួយសម្រាល ឬបន្ថយអត្រាការប្រាក់បានមួយកម្រិត៖ ប៉ុន្តែបើយើងចាយលុយដុល្លារ ដូចជាការឱ្យខ្ចីបច្ចុប្បន្នភាគច្រើនជាដុល្លារអាមេរិក អត្រាការប្រាក់ត្រូវបានកំណត់ដោយប្រទេស ដែលបោះពុម្ពប្រាក់ដុល្លារអាមេរិក ពោលគឺសហរដ្ឋអាមេរិក។ ដូចនេះ អត្រាការប្រាក់ត្រូវប្រែប្រួលទៅតាមនយោបាយរូបិយវត្ថុនៅសហរដ្ឋអាមេរិក។

• រដ្ឋនឹងទទួលបានចំណូលបន្ថែមពីការបោះពុម្ពប្រាក់៖ ការបោះពុម្ពលុយត្រូវមានការចំណាយទៅលើក្រដាស និងទឹកថ្នាំ។ ឧទាហរណ៍ ក្រដាសប្រាក់១ម៉ឺនរៀលមួយសន្លឹកចំណាយថ្លៃផលិត ៣០០រៀល។ ប៉ុន្តែ ពេលបោះពុម្ពហើយ យើងទទួលបានចំណូលពីតម្លៃចារឹកនៃក្រដាសប្រាក់នោះ ពោលគឺ ១ម៉ឺនរៀល។ ដូចនេះ គម្លាតនៃតម្លៃចារឹក និងការចំណាយលើការបោះពុម្ពគឺជាចំណូលពីការបោះពុម្ពប្រាក់ក្នុងឧទាហរណ៍ ដែលខ្ញុំលើកឡើងគឺ ៩៧០០រៀល ដែលនេះ ជាផលចំណេញ សម្រាប់រដ្ឋាភិបាលអាចប្រើប្រាស់ ក្នុងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ផ្ទុយទៅវិញ នៅពេលយើងចាយលុយដុល្លារអាមេរិកច្រើន យើងក៏កំពុងជួយរកចំណូលឱ្យសហរដ្ឋអាមេរិកផងដែរ។

• ការចាយលុយរៀលអាចអនុញ្ញាតឱ្យរដ្ឋអាចបោះផ្សាយមូលបត្ររដ្ឋសម្រាប់ផ្តល់ហិរញ្ញប្បទានរយៈពេលវែង ដល់គម្រោងវិនិយោគសាធារណៈធំៗ៖ ដូចជាសាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យ។ ការខ្ចីជាលុយដុល្លារអាមេរិកអាចបង្កជាហានិភ័យក្នុងការសងត្រឡប់ ប្រសិនបើលុយដុល្លារអាមេរិកមានការប្រែប្រួលខ្លាំង និងបង្កផលរំខានប្រសិនបើម្ចាស់បំណុលមិនអនុញ្ញាតឱ្យយើងខ្ចីក្នុងរយៈពេលវែង។ ប៉ុន្តែ ការខ្ចីជាលុយរៀលពីសាធារណជន និងភ្នាក់ងារសេដ្ឋកិច្ចនៅក្នុងប្រទេសតាមរយៈការបោះផ្សាយមូលបត្ររដ្ឋ ផ្តល់នូវភាពបត់បែនខ្ពស់ ពីព្រោះលុយរៀលជាលុយរបស់យើង ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រងទាំងតម្លៃ និងរយៈពេលក្នុងការសង។

• ការចាយលុយរៀលធ្វើឱ្យមិនចាំបាច់ប្តូរលុយច្រើន ដែលនាំឱ្យមានការខាតបង់៖ ឧទាហរណ៍ បើយើងចាយលុយដុល្លារ យើងក៏ត្រូវចាំបាច់ប្តូរជាលុយរៀលមួយចំនួន ដើម្បីទិញម្ហូបអាហារប្រចាំថ្ងៃ ដែលបង្កការខាតបង់លើការប្តូរប្រាក់ និងពេលវេលា។

គួរឱ្យដឹងដែរថាប្រាក់រៀលកម្ពុជាត្រូវបានដំណើរការឡើងវិញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ក្រោយពីប្រទេសជាតិទើបរំដោះពីរបបខ្មែរក្រហមនាថ្ងៃ ៧ មករា ១៩៧៩ ដែលបង្ហាញពីការគិតគូរយ៉ាងហ្មត់ចត់ និងការទទួលស្គាល់ពីថ្នាក់ដឹកនាំនាសម័យនោះទៅលើភាពចាំបាច់នូវការមានរូបិយវត្ថុជាតិផ្ទាល់ខ្លួនមួយ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ការអូសបន្លាយសង្គ្រាមស៊ីវិលជាងបីទស្សវត្សរ៍ ជាពិសេសរបបខ្មែរក្រហម បានបំបាត់ប្រាក់រៀលមិនឱ្យចរាចរទៀតនោះទំនុកចិត្តមកលើប្រាក់រៀលបានបាត់បង់ទាំងស្រុងហើយការស្តារទំនុកចិត្តឡើងវិញ វាជាការលំបាកបំផុត។ លើសពីនេះការហូរចូលយ៉ាងសន្ធឹកសន្ធាប់នូវប្រាក់ដុល្លារក្នុងដើមទស្សវត្សរ៍១៩៩០ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលយកប្រាក់ដុល្លារអាមេរិកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជំនួសរូបិយវត្ថុជាតិ។ ទោះជាយ៉ាងណាក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយ បន្ទាប់ពីទទួលបានសុខសន្តិភាពសេដ្ឋកិច្ចមានវឌ្ឍនភាពយ៉ាងឆាប់រហ័សហើយតម្លៃប្រាក់រៀលក៏មានស្ថិរភាពយ៉ាងល្អប្រសើរជាមួយកម្រិតទាបនៃអតិផរណា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៣ ម៉ោង មុន

កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី

ព័ត៌មានជាតិ១៨ ម៉ោង មុន

គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស សុខា ឱ្យបណ្ដុះទឹកចិត្តយុវជនឱ្យហ៊ានចេញការពារជាតិ ទឹកដី បើថ្ងៃណាមួយសត្រូវឈ្លានពានកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ ជន​ណា​ដែល​បំផ្លាញ​ក្រុមហ៊ុន Tesla អាច​ជាប់​ពន្ធនាគារ​រហូតដល់​២០​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម