Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចាត់ទុកសុខភាពកងទ័ពជារឿងសំខាន់ ព្រោះកងទ័ពជាវីរបុរសរបស់ជាតិ ការពារបូរណភាពទឹកដី និងមាតុភូមិ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​លើកឡើងថា ​សុខភាព​របស់​កងទ័ព គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់បំផុត​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ព្រោះ​កងទ័ព​ដែល​មាន​សុខភាព​ល្អ​រឹងមាំ គឺជា​ធនធាន​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​ប្រទេសជាតិ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ការពារ​បូរណភាព​ជាតិ ទឹកដី និង​មាតុភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន នាយទាហានរង ពលទាហាន និង​សម្ពោធ​អគារ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​ ៥១ ស្រុក​ព្រះនេត្រព្រះ ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី ​២២ ​មីនា លោក​រដ្ឋមន្ត្រី​ បាន​បន្តថា ​«​កងទ័ព​ជា​វីរបុរស​របស់​ជាតិ ជា​កម្លាំង​ដ៏​រឹងមាំ ការពារ​ឯករាជ្យ បូរណភាព​ជាតិ ទឹកដី និង​មាតុភូមិ ដូច្នេះ​សុខភាព​កងទ័ព​ជា​រឿង​សំខាន់​»។

លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​កងទ័ព​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព និង​អនុវត្ត​នូវ​វិធានការ​នានា ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន គ្រួសារ និង​សហគមន៍ ពី​ការកើតមាន​ជំងឺឆ្លង ឬ​បញ្ហា​សុខភាព​ផ្សេងៗ ដូចជា ការ​ចម្លងជំងឺ​ផ្លូវដង្ហើម ជំងឺ​ផ្តាសាយ ជំងឺ​កូ​វីដ​-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជាដើម និង​បញ្ហា​សុខភាព​បណ្ដាលមកពី​ការពុល​ចំណីអាហារ ពុល​ស្រា ដោយ​រក្សា​ទម្លាប់​រស់នៅ​ស្អាត សម្រាក​ក្នុង​មុង ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ ជាពិសេស​មុនពេល​បរិភោគ រក្សាទុក​ដាក់​ និង​ទទួលទាន​ចំណីអាហារ​មាន​សុវត្ថិភាព​ល្អ និង​បង្ការ​ជំងឺឆ្លង​ផ្សេងៗ ទៀត។

ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង និង​មិន​ឆ្លង​នេះដែរ លោក​រដ្ឋមន្ត្រី សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ យកចិត្តទុកដាក់​ថែទាំ​សុខភាព តាមរយៈ​សារ​អប់រំ​សុខភាព​នានា ក្រសួងសុខាភិបាល បាននិងកំពុង​ផ្សព្វផ្សាយ ដូចជា​របប​អាហារ “​តិច​អំបិល តិច​ខ្លាញ់ តិច​ស្ករ​” និង​ការផ្លាស់ប្តូរ​របប​រស់​នៅ​ដូចជា ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ចៀសវាង​ការប្រើប្រាស់​ថ្នាំជក់ គ្រឿង​ស្រវឹង ភេសជ្ជៈ​ផ្អែម ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺមិនឆ្លង​ចម្បងៗ ដូចជា ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម ។​ល​។

លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ទៀតថា ក្នុងករណី​មាន​ជំងឺ​ ឬ​បញ្ហា​សុខភាព​ ត្រូវ​ប្រញាប់ប្រញាល់​ទៅ​កាន់​មូលដ្ឋាន​សុខាភិបាល​ដែល​ជិត​លំនៅដ្ឋាន ជាពិសេស​មណ្ឌល​សុខភាព ដើម្បី​ទទួលបាន​ការ​ពិនិត្យ និង​ការព្យាបាល ឬ​ការប្រឹក្សា​យោបល់​ក្នុងករណី​ត្រូវ​បន្ត​ការពិនិត្យ​បញ្ជាក់​រោគវិនិច្ឆ័យ​បន្ថែម និង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក តាម​ស្ថានភាព​ជាក់ស្តែង​ នៃ​ជំងឺ ឬ​បញ្ហា​សុខភាព។

លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​ដឹងគុណ​ដល់​នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់ ដែល​បាន​និង​កំពុង​លះបង់​កម្លាំងកាយ​-​ចិត្ត អង់អាច​ក្លាហាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង ចូលរួម​ក្នុង​សមរភូមិ ដើម្បី​ការពារ​ជាតិ អធិបតេយ្យភាព បូរណភាព​ទឹកដី ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព ដែល​ជា​បុ​រេ​លក្ខខណ្ឌ​ចាំបាច់​ដល់​ការសម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​លើ​គ្រប់​វិស័យ។

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​សុខាភិបាល គ្រប់​លំដាប់​ថ្នាក់ ព្រមទាំង​ក្រុមហ៊ុន​សុខាអូតែល​-​រី​សត និង​សប្បុរសជន​ទ ដែល​នេះ​សបញ្ជាក់​ពី​វប្បធម៌​ នៃ​ការចែករំលែក​មិនអាច​កាត់ថ្លៃ​បាន ក្នុង​ស្មារតី​សាមគ្គីភាព សមរភូមិ​ក្រោយ​ជួយ​ទំនុកបម្រុង​សមរភូមិ​មុខ។

គួរ​បញ្ជាក់​ថា ក្រសួងសុខាភិបាល និង​ក្រុមហ៊ុន​សុខាអូតែល​-​រី​សត បាន​ភ្ជាប់​ជាមួយ​នូវ ឱសថ សម្ភារៈ​បរិក្ខារ​ពេទ្យ គ្រឿង​ឧបភោគ​-​បរិភោគ សម្ភារៈ​ប្រើប្រាស់ និង​ថវិកា សម្រាប់​ឧបត្ថម្ភ​ជូន​ដល់ទី​បញ្ជាការ​កងពល​តូច​លេខ​ ៥១ ពលទាហាន​ចំនួន ៤០០​ នាក់ និង​គ្រួសារ​កងទ័ព​ចំនួន ១០០ ​គ្រួសារ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

Sokha Hotels

ព័ត៌មានពេញនិយម