ព័ត៌មានជាតិ
រាជធានី-ខេត្ត ចំនួន ៥ មានតម្រូវការកម្លាំងពលកម្មច្រើនជាងគេ នៅទូទាំងប្រទេស
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា គិតត្រឹមថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ មានតម្រូវការកម្លាំងពលកម្មរហូតដល់ទៅចំនួន ៥២ ២០៧ កន្លែង នៅទូទាំងប្រទេស សម្រាប់បម្រើលើវិស័យធំៗ ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ក្នុងនោះ មានរាជធានី-ខេត្តចំនួន ៥ មានតម្រូវការច្រើនជាងគេ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រាជធានី-ខេត្តទាំង ៥ នោះរួមមាន ខេត្តកំពង់ឆ្នាំង មានតម្រូវការផ្នែកឧស្សាហកម្ម ១៥ ០០០ កន្លែង។ រាជធានីភ្នំពេញមាន ៩ ៨៣៨ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៨ ២៦០ កន្លែង និងផ្នែកសេវាកម្ម ១ ៥៧៨ កន្លែង។ ខេត្តស្វាយរៀង មានចំនួន ៨ ២៣៩ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្មមាន ៨ ២០២ កន្លែង និងសេវាកម្ម ៣៧ កន្លែង។ ខេត្តកណ្តាលមាន ៦ ៤៨៥ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៦ ៤៧៣ កន្លែង និងផ្នែកសេវាកម្ម ១២ កន្លែង និងខេត្តក្រចេះមានតម្រូវការកម្លាំងពលកម្មកសិកម្ម ៣ ២០០ កន្លែង។

ចំណែកខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ២ ៩៥៩ កន្លែង។ ក្នុងនោះផ្នែកឧស្សាហកម្មមាន ៥ កន្លែង និងកសិកម្មមាន ២ ៩៥៤ កន្លែង។ ខេត្តកំពង់ចាមមាន ១ ៥៧១ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៥៥០ កន្លែង និងសេវាកម្ម ២១ កន្លែង។ ខេត្តកំពង់ស្ពឺមាន ១ ៣៩៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៣៩៦ កន្លែង និងសេវាកម្ម ៣ កន្លែង។ ខេត្តកោះកុងមានតម្រូវការផ្នែកឧស្សាហកម្ម ៩៣០ កន្លែង។ ខេត្តតាកែវមាន ៥៦២ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្ម ៥៤៥ កន្លែង និងសេវាកម្ម ១៧ កន្លែង និងខេត្តផ្សេងៗ មាន ២ ០២៤ កន្លែង ក្នុងនោះ ឧស្សាហកម្មមាន៣៩៦ កន្លែង សេវាកម្ម ១ ៣៣៦ កន្លែង និងកសិកម្ម ៣១២ កន្លែង។

ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជាង ៥ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចម្ការដំណាំ កម្មករក្នុងផលិតកម្ម កម្មករខ្ចប់វេចដោយដៃ យន្តការី និងអ្នកដំឡើងអគ្គិសនី អ្នករចនាម៉ូតផលិតផល និងសម្លៀកបំពាក់ អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត វិជ្ជាជីវៈខាងផ្ទុកទិន្នន័យ និងតបណ្តាញ មន្ត្រីឥណទាន និងកម្ចីប្រាក់ អ្នកបម្រើ និងមុខរបរផ្សេងៗ។

ក្រសួងការងារ បានណែនាំដល់ យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុក ជៀសវាងទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេសតាមរយៈមេខ្យល់នាំឱ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ពិសេសប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។

លោកបានបន្តថា ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជារៀងរាល់សប្ដាហ៍តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងនៅលើបណ្ដាញសង្គម និងនៅតាមរោងចក្រ សហគ្រាស ក៏ដូចជានៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយផ្ទាល់តែម្តងដែលការងារទាំងនោះទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរដូចជាទទួលបានប្រាក់ឈ្នួលសមរម្យបើធៀបជាមួយបណ្តាប្រទេសជិតខាងមួយចំនួននាពេលបច្ចុប្បន្ន ,កន្លែងការងារនៅក្បែរផ្ទះ និងការចំណាយទាប ដែលអាចឱ្យប្រជាពលរដ្ឋអាចសន្សំសំចៃបានច្រើន៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?