ព័ត៌មានជាតិ
ថវិកាជាង ៧ ពាន់ ៦ រយដុល្លារ បានពី«ទិវារត់កម្សាន្ត សប្ដាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង» ប្រមូលជូនមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី ៧
ថវិកាចំនួន ៧ ៦៨២ ដុល្លារ ដែលប្រមូលបានពី «ទិវារត់កម្សាន្ត អបអរសាទរសប្ដាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ឆ្នាំ ២០២៥» នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី ៧ ខេត្តសៀមរាប។

កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ព្រឹត្តិការណ៍ទិវារត់កម្សាន្ត អបអរសាទរសប្ដាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ឆ្នាំ ២០២៥ បានរៀបចំនៅមុខប្រាសាទអង្គរ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និង លោក មាស គឹមហេង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីមេគង្គ ឡានឆាងកម្ពុជា និងដោយមានការចូលរួមពីអគ្គកុងស៊ុលប្រចាំខេត្ត សមាជិកមេគង្គ-ឡានឆាង រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានកីឡាករ កីឡាការិនី ជាតិ អន្តរជាតិ ប្រមាណ ៥០០ នាក់ចូលរួម។

នាឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី បានលើកឡើងថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដោយមានក្រុមកីឡាករ កីឡាការិនី ជាតិ អន្តរជាតិ បានចូលរួមរត់កម្សាន្ត អបអរសាទរសប្ដាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ឆ្នាំ ២០២៥ ស្របពេលដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា សមរាត្រី (ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរ)ផងដែរ។

លោកបន្តទៀតថា ការប្រារព្ធពិធីរត់កម្សាន្តនៅមុខប្រាសាទអង្គរ ដែលជាទីកន្លែងទីសក្ការបូជា និង ជាការរំលឹកដឹងគុណដល់ដួងព្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ទៀតផង។

លោកលើកឡើងថា ទិវាសប្ដាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាអត្តសញ្ញាណមួយ នៃបណ្ដាប្រទេស សមាជិកមេគង្គ-ឡានឆាង ដែលមានគោលបំណងដ៏សំខាន់ ដើម្បីជំរុញមិត្តភាព និងសាមគ្គីភាព ក្នុងចំណោមប្រទេសសមាជិក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដល់សាធារណជនគ្រប់រូប។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ បណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង ទទួលបាននូវគម្រោងចំនួនជាង ៨០០ ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ក្នុងនោះ កម្ពុជា ទទួលបានអត្ថប្រយោជន៍ពីមូលនិធិនេះបាន ៩៧ គម្រោងផងដែរ។

លោកក៏បានគូសបញ្ជាក់ថា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មានការគាំទ្រពីស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំទីក្រុងភ្នំពេញ បានរៀបចំកម្មវិធីទិវាសប្ដាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ ២០២៥ កាន់តែធំជាងមុនទៅទៀត និងបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពកាន់តែល្អប្រសើរ នៃក្របខណ្ឌមេគង្គ-ឡានឆាង ហើយឆ្នាំនេះ ព្រមទាំងមានការរៃអង្គាសថវិកាជួយដល់ការងារសង្គ្រោះជីវិតកុមារកម្ពុជារបស់មូលនិធិគន្ធបុប្ផាកម្ពុជាថែមទៀតផង។ ជាសក្ខីភាព នៃភាពជោគជ័យរួមគ្នា និងសមិទ្ធផលដ៏ធំធេង នៃភាពជាដៃគូប្រកបដោយបរិយាបន្ននៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាងប៉ុណ្ណោះទេ ប៉ុន្តែនេះជាឱកាសដ៏ល្អមួយ ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន មិត្តភាព និងសាមគ្គីភាព តាមរយៈស្មារតីកីឡាករ កីឡាការិនី ក្នុងចំណោមបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់។

លោកមានការជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នាឆ្នាំនេះ នឹងធ្វើឲ្យចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសមេគង្គ-ឡានឆាង កាន់តែមានភាពរឹងមាំ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តជាវេទិកាអនុតំបន់ពាក់ព័ន្ធមួយ ដើម្បីគាំទ្រពហុភាគីនិយម និងដោះស្រាយនូវតម្រូវការចាំបាច់របស់ប្រទេសសមាជិកមេគង្គ-ឡានឆាង តាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆាង ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះឡើង ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីបន្តសម្របសម្រួលដល់ការអនុវត្តគម្រោងអាទិភាព រួមចំណែកដល់សន្តិភាព ការរីកចម្រើន និងចីរភាពនៅក្នុងអនុតំបន់មេគង្គ៕
អត្ថបទ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?