Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ យុវជន និងសាធារណជន ចាប់អារម្មណ៍ការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug ក្នុងពិធីបុណ្យទន្លេជុំទី ៩

បានផុស

នៅ

ក្រោម​ម្លប់​សន្តិភាព ​! ប្រជាពលរដ្ឋ​បាន​ចូលរួម​បុណ្យ​ទន្លេ​លើក​ទី​៩​នៅ​ខេត្តតាកែវ​។ ឆ្លៀតឱកាស​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី (LOLC) ក្រុមហ៊ុន​ទេសចរណ៍​ធូរ​វែ​ល​ដ៏​ត្រា​វែ​ល ក្រុមហ៊ុន​ទេសចរណ៍​វែ​ល​ដ៏​ផ​ប ក្រុមហ៊ុន​ទេសចរណ៍​ឆាយ​ភល និង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​ហាយ​តិច បាន​រួមគ្នា​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន និង​App NoDrug : https://nodrugsnacd.com/download ដើម្បី​ចំណេះដឹង និង​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​តាមរយៈ​ការតាំង​ពិព័រណ៍រូបភាព​សកម្មភាព​ថ្នាក់ដឹកនាំ រូបភាព​ផលវិបាក នៃ​គ្រឿងញៀន លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំង​រូបភាព បដា​សារ​ព្រមាន សៀវភៅ​ចំណេះដឹង​ពី​គ្រោះថ្នាក់​ នៃ​គ្រឿងញៀន ច្បាប់ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ មាន​ ៖ មួក ប្រតិទិន ឆត្រ ផ្លិត កែវ កាបូប ចែកជូន និង​បន្ត​ផ្សព្វផ្សាយដល់​ក្រុមគ្រួសារ មិត្តភ័ក្ដិ និង​មនុស្ស​ជាទី​ស្រឡាញ់ សំដៅ​ចូលរួម​សកម្មភាព​ជាមួយ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត «​សម្អាតផ្ទះ​យើង និង​សម្អាត​ចក​ពី​បឹង» ដោះស្រាយ​កង្វល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​គ្រឿងញៀន។

លោក ឡោ សុវិជ្ជា មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុង​វិស័យ​ទេសចរណ៍ គឺ​រាល់​ពិធីបុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ តែងតែ​ទទួលបាន​ការ​គាំទ្រ​ចូលរួម​ទស្សនា សិក្សា​ស្វែងយល់​ពី​បញ្ហា​គ្រឿងញៀន​ច្រើន​កុះករ ដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែម​កាន់តែច្បាស់​ពី​បញ្ហា​គ្រឿងញៀន។

ថ្លែង​ក្នុងនាម​ជា​ដៃគូ លោក សុខ វឿន ប្រធាន​នាយក​ប្រតិបត្តិ​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី បាន​ថ្លែង​ថា ការចូលរួម​របស់​វិស័យ​ឯកជន​ជួយ​សង្គម ពិសេស​ការចូលរួម​ជួយ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ជាការ​សំខាន់​ចាំបាច់​ណាស់ ព្រោះថា​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​រួម​របស់​យើង​ទាំងអស់​គ្នា ហើយ​ជា​ដើមចម​នាំឱ្យ​សហគមន៍​គ្មាន​សុវត្ថិភាព មិនអាច​អភិវឌ្ឍន៍​បានទេ ហើយ​គ្រប់​សមាសភាព​គួរ​បន្ត​រួមគ្នា​ជួយឧបត្ថម្ភ​បន្តទៀត។

ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍​ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា បុណ្យ​ទន្លេ​លើក​ទី​៩ ក្រោម​ប្រធានបទ ”​គុណ​តម្លៃ​នៃ​ទន្លេ​៖ ផ្សារភ្ជាប់​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ​” ​នៅ​ខេត្តតាកែវ ពីថ្ងៃ​ទី​២១-២៣ ខែមីនា ឆ្នាំ​២០២៤ មាន​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ និង​សាធារណជន​បាន​ចូលរួម​យ៉ាងច្រើន​កុះករ ពិសេស​ក្រុមយុវជន យុវនារី បាន​ចូល​ទស្សនា​សិក្សា​ស្វែងយល់ ឆ្លើយ​សំណួរ សួរ​សំណួរ និង​ទទួលយក​ឯកសារ​សម្រាប់​ផ្សព្វផ្សាយ​បន្ត​ដល់​មនុស្ស​ជាទី​ស្រឡាញ់ «​សមាជិក​ផ្ទះ​អ្នក ផ្ទះ​ខ្ញុំ​គ្មាន​គ្រឿងញៀន ភូមិ​យើង​នឹង​គ្មាន​គ្រឿងញៀន​»​។

លោក​ឧត្ដមសេនីយ៍​ឯក លឹម តុង​ហួត បាន​បន្តថា វត្តមាន​ សម្តេច​ធិបតី និង​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ខេត្ត បាន​ចូលមក​ទស្សនា​នូវ​ស្តង់​តាំង​ពិព័រណ៍​នេះ ដែលជា​ការបង្ហាញ​នូវ​ការយកចិត្ត​ទុក​ដាក់​ខ្ពស់បំផុត​ធ្វើឱ្យ​សម្រេចបាន​នូវ​ឆន្ទៈ​មោះមុត​របស់​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ចំពោះ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សម្រាប់​នីតិកាល​ទី​ ៧ ដែល​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវ​ចាត់ទុក​បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​រួម ដែល​ត្រូវ​ចូលរួម​ទប់ស្កាត់​លុបបំបាត់ ​និង​ប្រយុទ្ធប្រឆាំង​ទាំងអស់គ្នា​។ ចាប់ផ្តើម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ទាំងអស់ ក្រុមហ៊ុន​ឯកជន រោងចក្រ សហគ្រាស រហូតដល់​សមាជិកគ្រួសា​រ ធ្វើ​ការអប់រំ​ក្រើនរំលឹក​ពី​ផលប៉ះពាល់​វិនាសកម្ម​នៃ​គ្រឿងញៀន និង​មាន​វិធាន​ម៉ឺងម៉ាត់ និង​តឹងរ៉ឹង​បំផុត​ចំពោះ​ការប្រើប្រាស់​គ្រឿងញៀន បន្ត​ចូលរួម​ជំរុញ​និង​ប្រើប្រាស់ App NoDrug ដើម្បី​ទទួល​សារ​អប់រំ ព័ត៌មាន មេរៀន​និង​រាយការណ៍​ហើយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ដោះស្រាយ​បង្ក្រាប​ទាន់ពេល​រាល់​ករណី​ពលរដ្ឋ​រាយការណ៍​ពី​ករណី​គ្រឿងញៀន​តាម App NoDrug ដើម្បី​បង្កើន​ទំនុកចិត្ត​ពី​សំណាក់​ពលរដ្ឋ​មកលើ​សមត្ថកិច្ច។

ជាមួយគ្នានេះ លោក​នាយ​ឧត្ដមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងអំណរគុណ​ក្រសួងទេសចរណ៍ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី ខេ​ម​បូ​ឌា ភីអិលស៊ី (LOLC) ក្រុមហ៊ុន​ទេសចរណ៍​ធូរ​វែ​ល​ដ៏​ត្រា​វែ​ល ក្រុមហ៊ុន​ទេសចរណ៍​វែ​ល​ដ៏​ផ​ប ក្រុមហ៊ុន​ទេសចរណ៍​ឆាយ​ភល និង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​ហាយ​តិច​ដែល​បាន​បន្ត​ចូលរួម​ជួយឧបត្ថម្ភ​ដល់​ការងារ​ផ្សព្វផ្សាយ​អប់រំ​បង្ការ ទប់ស្កាត់ ដែលជា​ការងារ​ពហុ​វិស័យ​ត្រូវការ​ការចូលរួម​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន រួមគ្នា​ធ្វើ​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ភាពសុខសាន្ត និង​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ ដើម្បី​អនាគត​កូនចៅ​យើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម