ព័ត៌មានជាតិ
រដ្ឋមន្ត្រីជំរុញឱ្យប្ដឹងមន្ត្រីដែលយកតួនាទីទៅកាងអាជីវកម្មរ៉ែគេចមិនបង់ពន្ធ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ លើកទឹកចិត្តដល់ពលរដ្ឋ និងអាជីវកររ៉ែទាំងអស់ប្ដឹងមកក្រសួងពេលឃើញមានមន្ត្រីរាជការ ឬមន្ត្រីគណបក្សប្រជាជនកម្ពុជាណាដែលប្រើប្រាស់តួនាទីអំណាចធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់ មិនបង់ពន្ធជូនរដ្ឋ។

ក្នុងវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមTikTok ផ្លូវការ លោក កែវ រតនៈ ដោយបានណែនាំទៅអគ្គនាយកដ្ឋានរ៉ែឱ្យពិនិត្យធ្វើយ៉ាងណាកុំឱ្យមានការបន្លំសួយសារពីសំណាក់អ្នកធ្វើអាជីវកម្មរ៉ែឱ្យសោះ។ លោកថាគ្មានការលើកលែង ឬលក្ខខន្តអ្វីពិសេសដល់មន្ត្រីរដ្ឋាភិបាល ឬមន្ត្រីបក្សដែលរកស៊ីលើអាជីវកម្មរ៉ែនោះទេជាមួយនឹងការលើកទឹកចិត្តឱ្យអ្នកធ្វើអាជីវកម្មរ៉ែដូចគ្នាប្ដឹងមកក្រសួងផងដែរ។
លោកថា៖ «ហើយលើកទឹកចិត្តឱ្យអាជីវករដែលរកស៊ីផ្នែកខ្សាច់ ផ្នែកថ្ម ផ្នែកអីដូចគ្នាប្ដឹងមកក្រសួងប្រសិនបើមានអ្នកណាមួយដែលយកក្របខ័ណ្ឌគណបក្សប្រជាជនទៅប្រើប្រាស់ យកក្របខ័ណ្ឌតួនាទីរាជរដ្ឋាភិបាលទៅប្រើប្រាស់ហើយមិនធ្វើអាជីវកម្មស្របច្បាប់នឹងគេ បង់(ពន្ធ)នឹងគេឱ្យស្មើភាពគ្នា អាចប្ដឹងមកក្រសួងជាសម្ងាត់ យើងរក្សាការសម្ងាត់ហ្នឹងឱ្យយើងចាត់ការអ្នកដែលមិនធ្វើតាមច្បាប់»។
លោកជំរុញដល់មានការរាយការណ៍មកអគ្គនាយកដ្ឋានរ៉ែតាមលេខ ០៩៥ ៧២៧ ៧២៧។

កម្ពុជាថ្មីមិនទាន់អាចទាក់ទងអគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែលោក អ៉ឹង ឌីប៉ូឡា បាននៅឡើយទេនៅព្រឹកថ្ងៃច័ន្ទនេះ។
ប្រធានកម្មវិធីនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍលោក សាន់ ម៉ាឡា គាំទ្រចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តែលោកយល់ថាដើម្បីឱ្យពលរដ្ឋបានដឹង និងអាចរាយការណ៍បានត្រឹមត្រូវពីករណីបន្លំនេះ ក្រសួងគួរតែបើកទូលាយនូវព័ត៌មានពាក់ព័ន្ធនឹងអាជីវកម្មរ៉ែជាសាធារណៈឱ្យបានច្រើន។

លោកថា៖ «អាជ្ញាធរដ្ឋហ្នឹងបើកទូលាយនូវព័ត៌មាននានាជាសាធារណៈដើម្បីឱ្យមហាជនសិស្សនិស្សិត អង្គការសង្គមស៊ីវិល អាចចូលទៅមើលអាចទទួលបាននូវព័ត៌មានពាក់ព័ន្ធ។ ជាពិសេសគឺយើងអាចចូលរួមប្រកបដោយអត្ថន័យនៅក្នុងដំណើរការទាំងមូលរាប់ចាប់តាំងពីការប្រកាស ការដេញថ្លៃ ឬទាក់ទងនឹងប្រតិបត្តិការប្រចាំថ្ងែរបស់ក្រុមហ៊ុនព្រោះវត្តមានរបស់សាធារណជននិងអង្គការគឺជាភ្នែកជាច្រមុះហើយទប់ស្កាត់បានទាំងស្រុងនូវការឃុបឃិតគ្នារបស់ឈ្មួញខិលខូច និងមន្ត្រីខិលខូច»។
របាយការណ៍ក្រសួងរ៉ែ និងថាមពលឱ្យដឹងថាក្នុងឆ្នាំ២០២៤ ក្រសួងបានផ្ដល់អាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែចំនួន៥៥៥កន្លែង ក្រោមទុនវិនិយោគសរុប ២ ៧៦៤លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋបានប្រមាណ ១១ ៣០៦នាក់។
ការធ្វើប្រតិបត្តិការធនធនរ៉ែទាំង៥៥៥កន្លែងនេះ បានផ្តល់ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ ៦៥លានដុល្លារ ក្នុងនោះចំណូលសួយសារមានចំនួន ៥៧លានដុលារ ស្មើនឹង ៨៨ភាគរយ នៃចំណូលសរុប។ រីឯចំណូលសេវាសាធារណៈ ថ្លៃឈ្នួលផ្ទៃក្រឡា និងចំណូលពីការផាកពិន័យក្រសួងប្រមូលបានជាង ៧លានដុល្លារ ស្នើនឹង ១២ភាគរយ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ