Connect with us

ព័ត៌មានជាតិ

អ្នកការទូតស្រ្តី៧រូប ទទួលបានអាណត្តិជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេស

បានផុស

នៅ

ដោយសម្លឹងឃើញពីសារៈសំខាន់នៃសមភាពយេនឌ័រ និងការលើកកម្ពស់ស្ត្រី រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស ដែលជាសេនាធិការ បានផ្តល់តួនាទីដឹកនាំដល់ស្ត្រីក្នុងក្របខ័ណ្ឌជាមន្ត្រីការទូតជាបន្តបន្ទាប់។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៥ មន្ត្រីការទូតជាស្ត្រីមានប្រមាណ៣០%នៃមន្ត្រីការទូតទាំងអស់ មានទាំងឋានៈរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកកដ្ឋាន ខណៈអ្នកការទូតស្រ្តីចំនួន៧នាក់ ក៏កំពុងបំពេញតួនាទីជាឯកអគ្គរាជទូតប្រចាំនៅបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកការទូតស្រ្តី ដែលទទួលបានអាណត្តិបំពេញបេសកកម្មតំណាងឱ្យប្រជាជាតិកម្ពុជានៅតាមបណ្តាប្រទេសគោលដៅទាំង៧រូបនេះ រួមមាន៖

១) លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន

ជាអ្នកការទូតឆ្នើមរបស់កម្ពុជា ដែលបានបំពេញកិច្ចការប្រកបដោយឆន្ទៈ សមត្ថភាព និងពោរពេញដោយបទពិសោធតាមរយៈមុខតំណែង និងតួនាទីជាបន្តបន្ទាប់នៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ លោកស្រី សឿង រដ្ឋចាវី ទទួលបានការតែងតាំងមុខតំណែងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ ការប្រគល់ភារកិច្ចឱ្យលោកស្រី សឿង រដ្ឋចាវី ដែលមានឋានៈជារដ្ឋលេខាធិការក្រសួងការបរទេស ទៅបំពេញបេសកកម្មនៅប្រទេសចិន គឺដំណាលគ្នានឹងអ្នកការទូតចម្បាំងចចករបស់ចិន លោក វ៉ាង វិនពីន ក៏ត្រូវបានរដ្ឋាភិបាលចិនបញ្ជូនឱ្យមកធ្វើជារដ្ឋទូតនៅកម្ពុជា។

ទាក់ទងនឹងប្រវត្តិការងារ ដំបូងឡើយ លោកស្រីឯកអគ្គរាជទូត សឿង រដ្ឋចាវី ជាមន្ត្រីនៅក្រសួងយុត្តិធម៌ ក្រោយមក នៅឆ្នាំ១៩៩៨ លោកស្រី បានចាប់ផ្ដើមចូលបម្រើការនៅក្រសួងការបរទេស ដែលមានតួនាទីជាប្រធានការិយាល័យ។ ជាបន្តបន្ទាប់ លោកស្រី ឡើងជាអគ្គនាយករង និងបន្តឡើងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាន។ មិនតែប៉ុណ្ណោះ លោកស្រី សឿង រដ្ឋចាវី ក៏ធ្លាប់បំពេញតួនាទីជាអគ្គលេខាធិការរងអាស៊ានអាណត្តិកាងារ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាទីប្រឹក្សាអតីតប្រមុខការទូត លោក ហោ ណាំហុង រហូតដល់ឆ្នាំ២០១០ គឺដំឡើងជារដ្ឋលេខាធិការ។

កាន់ជាឯកអគ្គរាជទូតនេះ មិនមែនជាតួនាទីថ្មីសម្រាប់លោកស្រី សឿង រដ្ឋចាវី ឡើយ ព្រោះថា លោកស្រីធ្លាប់ធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់, ដាណឺម៉ាក, ស៊ុយអែត, ន័រវែស និងហ្វាំងឡង់ ដែលមាននិវេសដ្ឋាននៅទីក្រុងឡុងដ៍។ អ្នកការទូតស្ត្រីរូបនេះអាចប្រើប្រាស់ភាសាបរទេសរដល់៤ភាសា អង់គ្លេស បារាំង រុស្ស៊ី និងអេស្បាញ ហើយជាអតីតនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដែលបានចំណាយពេលសិក្សាប្រមាណ១៤ឆ្នាំ បញ្ចប់ទាំងថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ និងថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ។

២) លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម

លោកស្រី ជា គឹមថា ជាឯកអគ្គរាជទូតស្ត្រីដំបូងគេរបស់កម្ពុជាប្រចាំនៅប្រទេសវៀតណាម បន្ទាប់ពីកម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូត​​ នៅឆ្នាំ១៩៦៧។ ជាបទពិសោធបំពេញបេសកកម្មនៅបរទេស លោកស្រី ជា គឹមថា ធ្លាប់បំពេញជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុ​ន នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ខណៈចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ លោកស្រី ធ្វើជាទីប្រឹក្សាអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងតូក្យូ។

មុនកាន់ជាឯកអគ្គរាជទូតនៅប្រទេសវៀតណាម លោកស្រី ជា គឹមថា មានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ហើយអតីតភាពជាអគ្គនាយកអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក និងធ្លាប់កាន់ជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ប្រធាននាយកដ្ឋានអាមេរិក ប្រធាននាយកដ្ឋានសហប្រតិបត្តិការមេគង្គ។ ទាក់ទិននឹងប្រវត្តិសិក្សា លោកស្រីឯកអគ្គរាជទូត បានបញ្ចប់ការសិក្សាសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមវិទ្យា ពីសាកលវិទ្យាល័យ Karl Marx នៃប្រទេសអាល្លឺម៉ង់​ ហើយចេះភាសាទាំងអាល្លឺម៉ង់ និងអង់គ្លេស។​

៣) លោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រអង់គ្លេស

ជារដ្ឋលេខាធិការក្រសួងការបរទេស លោកស្រី ទួត បញ្ញា ត្រូវបានទទួលការតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស, អៀរឡង់, ដាណឺម៉ាក, ស៊ុយអែត, ន័រវែស និងហ្វាំងឡ និងជាឯកអគ្គរាជទូត លោកស្រីបានចូលបម្រើការងារជាមន្ត្រីនៃនាយកដ្ឋានសារព័ត៌មាន ក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៣ ហើយបានឆ្លងកាត់តួនាទីជាច្រើន ចាប់តាំងពីអនុប្រធានការិយាល័យ ប្រធានការិយាល័យ នាយករងខុទ្ទកាល័យ ទីប្រឹក្សា អនុរដ្ឋលេខាធិការក្រសួង ជាដើម។ ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃបណ្ឌិតសភាការទូត ពីប្រទេសរុស្ស លោកស្រី ទួត បញ្ញា ក៏មានបទពិសោធបំពេញការងារជាឯកអគ្គរាជទូត​កម្ពុជាប្រចាំប្រទេសហ្វីលីពីន និងលេខាធិការស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក។

៤) លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង  

លោកស្រី ជ្រឹង បុទុមរង្សី ជាអ្នកការទូតស្ត្រីវ័យក្មេង ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) កាលពីខែមិថុនា ឆ្នាំ២០២១ ជំនួសលោក ឡុង​ ឌីម៉ង់។ ប្រវត្តិការងាររបស់លោកស្រី ជ្រឹង បុទុមរង្សី គឺកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយបានផ្ទេរក្របខណ្ឌមកបម្រើការងារនៅក្រសួងការបរទេស ដែលកាន់ជាអនុរដ្ឋលេខាធិការដដែល ខណៈនៅចុងឆ្នាំ២០២០ លោកស្រី ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំង និងដំឡើងឋានៈជារដ្ឋលេខាធិការក្រសួងការបរទេស។

ជាកូនអ្នកខេត្តកំពង់ធំ លោកស្រី ជ្រឹង បុទុមរង្សី បានសិក្សាទាំងកម្រិតវិទ្យាល័យ និងឧត្តមសិក្សានៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ លោកស្រី បញ្ចាប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Western Sydney ខណៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យ Westminster ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

៥) លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា

ជាឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា បង់ក្លាដែស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាល់ឌីវ ដែលមាននិវេសនដ្ឋាននៅទីក្រុងញូវដេលី ជាបេសកកម្មការទូតជាលើកទី២ របស់លោកស្រី រត្ន ម៉ានី ដែលក្នុងចន្លោះ២០១៦ ដល់២០១៩ លោកធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ហើយមុនទទួលតួនាទីជាឯកអគ្គរាជទូត លោកស្រី រត្ន ម៉ានី ធ្លាប់ធ្វើជាលេខាធិការទី១ ស្ថានទូតកម្ពុជាប្រចាំប្រទេស​ជប៉ុន និងជាអនុប្រធានបេសកកម្មស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។

ជាអ្នកការទូតចាស់វស្សាមួយរូបរបស់កម្ពុជា លោកស្រី រត្ន ម៉ានី កាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស មុននឹងទៅធ្វើទូតនៅឥណ្ឌាពេលនេះ ខណៈលោកស្រី បានប្រឡូកនៅក្នុងវិស័យការបរទេសប្រមាណ៤០ឆ្នាំមកហើយ ពោលគឺចូលបម្រើការនៅក្រសួងការបរទេស ជាមន្ត្រីនាយកដ្ឋាន​ទំនាក់ទំនងអន្ដរជាតិនៃគណបក្សនយោបាយ​ តាំងពីឆ្នាំ១៩៨៤ឯណោះ។

បញ្ចប់ការសិក្សាមកពីប្រទេសអូស្ត្រាលី និងប្រទេសវៀតណាម លោកស្រី រត្ន ម៉ានី មានសញ្ញាបត្រអនុបណ្ឌិតការទូត និងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យម៉ូណាស ទីក្រុងមែលប៊ន និងបរិញ្ញាបត្រផែ្នកការទូត ពីបណ្ឌិតសភាការទូត ទីក្រុងហាណូយ ប្រទេសវៀតណាម ហើយអាចប្រើប្រាស់ភាសាអន្តរជាតិចំនួនពីរ គឺភាសាអង់គ្លេស និងវៀតណាម។

៦) លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្សិក

លោកស្រី គឹមសួគ៌ សុវណ្ណារី ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបែលហ្ស៉ិក អូទ្រីស ហូឡង់ លុចសំបួ និងអមសហភាពអឺរ៉ុប ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បន្ទាប់ពីលោក នង សាកល ដែលចប់អាណត្តិការងារ​ ដោយព្រះរាជក្រឹត្យកាលពីខែសីហា ឆ្នាំ២០២៤។

មុននឹងកាន់ជាឯកអគ្គរាជទូត លោកស្រី គឹមសួគ៌ សុវណ្ណារី ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា ក្រសួងការបរទេស។

៧) លោកស្រី អ៊ុន បូផាណា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ យូណេស្កូ

លោកស្រី អ៊ុន បូផាន់ណា គឺជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូនីស្កូ នៅទីក្រុងប៉ារីស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៦ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៨ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម