Connect with us

ព័ត៌មានជាតិ

World Vision៖ កុមារកម្ពុជាក្រោមអាយុ៥ឆ្នាំជាង២០ភាគរយមានបញ្ហាក្រិសក្រិន

បានផុស

នៅ

អង្គការទស្សនៈពិភពលោក World Vision បានលើកឡើងថាទោះបីមានការរីកចម្រើនក្នុងរយៈពេល២ទស្សវត្សរ៍នេះក្ដី តែបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅតែជាការព្រួយបារម្ភសម្រាប់ប្រទេសកម្ពុជា។ របាយការណ៍បានរកឃើញថាមានកុមារចំនួន ២១,៩% ក្រោមអាយុ៥ឆ្នាំ មានកម្ពស់ទាបធៀបនឹងអាយុរបស់ពួកគេ (ក្រិសក្រិន)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

World Vision លើកឡើងថាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ (CARD) និង អង្គការទស្សនៈពិភពលោក (World Vision) បានដឹកនាំយុទ្ធនាការមួយឈ្មោះថា «គ្រប់គ្រាន់» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ និងលើកកម្ពស់ការយល់ដឹងជម្រើសអាហារដែលមានសុខភាពល្អនៅទូទាំងប្រទេសកម្ពុជា ដោយរៀបចំព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងនៅក្នុងខេត្តចំនួន ៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

យុទ្ធនាការចាប់ផ្ដើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ផ្ដើមចេញពីខេត្តបន្ទាយមានជ័យ និងបញ្ចប់នៅខេត្តសៀមរាបថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ។

ប្រធានយុទ្ធនាការអង្គការទស្សនៈពិភពលោកនៅកម្ពុជាអ្នកស្រី ឈឹម រតនា បានមានប្រសាសន៍ថាគោលបំណងនៃយុទ្ធនាការគឺដើម្បីកែលម្អការផលិតអាហារប្រកបដោយជីវជាតិគ្រប់គ្រាន់ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កុមារនៅកម្ពុជា។

អ្នកស្រីថា៖ «ចក្ខុវិស័យនេះនឹងមិនអាចសម្រេចបានទេ បើគ្មានការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយក្រសួង ស្ថាប័ននានា នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសាធារណជននោះទេ»។

យុទ្ធនាការនេះទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងនោះកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធយុទ្ធនាការនៅខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ (CARD)លោក អ៊ុក ម៉ាការ៉ា បានមានប្រសាសន៍ថា ការលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ គឺជាការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គម ជំរុញដល់គោលដៅប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។

លោកថា៖ «ខ្ញុំសូមអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងអនុវត្តភារកិច្ចរបស់ខ្លួនរួមគ្នា ដើម្បីលុបបំបាត់កង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គម បង្កើនប្រសិទ្ធភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។

គួរឱ្យដឹងដែរថា យុទ្ធនាការជាសកល «គ្រប់គ្រាន់» ភាសាអង់គ្លេសហៅថា «ENOUGH» ដែលដឹកនាំដោយអង្គការទស្សនៈពិភពលោក មានគោលដៅដើម្បីបង្កើនអាហារូបត្ថម្ភសម្រាប់កុមារ និងសន្តិសុខស្បៀង នៅកម្ពុជាក្នុងអំឡុងពេលបីឆ្នាំបន្តបន្ទាប់ទៀត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម