ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប នឹងចុះជួបប្រជានេសាទតាមបណ្ដាក្រុង ស្រុក ជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម
អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា នៅចុងខែមីនានេះ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ នឹងចុះជួបប្រជានេសាទតាមក្រុង ស្រុកទាំង៦ ជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម សំណូមពរនានា និងផ្សព្វផ្សាយពីការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ដើម្បីឱ្យប្រជានេសាទអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយស្របច្បាប់ និងការទទួលខុសត្រូវឱ្យស្របតាមច្បាប់ស្ដីពីជលផល។

នេះបើតាមការបញ្ជាក់របស់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង៦ ជាប់បឹងទន្លេសាប រួមមាន ក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង ត្រូវធ្វើរបាយការណ៍អំពីចំនួនគ្រួសារ ស្ថានភាពគ្រួសាររបស់ប្រជានេសាទ ឧបករណ៍នេសាទ ការទិញ លក់ ផលិត ថែរក្សាទុក និងដឹកជញ្ជូនឧបករណ៍នេសាទក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាផ្ដល់ភាពស្រួលក្នុងការក្ដាប់បានពីសកម្មភាពនៃការនេសាទប្រចាំថ្ងៃរបស់ពួកគាត់។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផល បានសហការជាមួយក្រុមការងារត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលអន្តរក្រសួងថ្នាក់ជាតិដែលប្រចាំការនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងគណៈបញ្ជាការឯកភាពក្រុងស្រុក យោធភូមិភាគទី៤ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត កងពល ង៧០ កងអង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ បានធ្វើការចុះទប់ស្កាត់ និងលុបបំបាត់បទល្មើសជលផលបានចំនួន ១៣៩ករណី។
ក្នុងនោះបានចុះត្រួតពិនិត្យ និងលុបបំបាត់ឧបករណ៍នេសាទខុសច្បាប់ នៅតាមបណ្តាស្រុកជាប់ដែននេសាទ ចាប់ពីស្រុកជីក្រែង រហូតដល់ស្រុកក្រឡាញ់ ក្នុងនោះមានឧបករណ៍ជាច្រើនប្រភេទដូចជា ឧបករណ៍ប ស្បៃមុង ដាក់សម្រាស់ ឆក់ត្រី លបរ៉ាវ សាច់អួនក្រឡាញឹក និងលើសប្រវែង ឆ្នុក រួមផ្សំភ្លើង៕
ដោយ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?