Connect with us

ព័ត៌មានជាតិ

នៅមុខប្រធានាធិបតី ម៉ាកូស, ឯកអគ្គរាជទូតថ្មីកម្ពុជាប្តេជ្ញាធ្វើឱ្យទំនាក់ទំនង​ប្រទេសទាំងពីរកាន់តែរឹងមាំ​

បានផុស

នៅ

នៅចំពោះមុខប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស, ឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំទីក្រុងម៉ានីល បានបង្ហាញការប្ដេជ្ញាចិត្តជាចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងហ្វីលីពីន ឱ្យឈានទៅដល់កម្រិតខ្ពស់​ និងកាន់តែរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្ដេជ្ញាចិត្តនេះបានធ្វើឡើងក្នុងពេលដែលលោក ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីប្រចាំនៅហ្វីលីពីន ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំងជូនលោក ហ្វឺឌីណាន់ ម៉ាកូស ជេអវ (Ferdinand R. Marcos Jr.) ប្រធានាធិបតីហ្វីលីពីន នៅវិមាន Malacañang នារដ្ឋធានីម៉ានីល។

លោក ស៊ិន សារៀម ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំហ្វីលីពីន ជំនួសលោក ផន ពៅ ដែលត្រូវចប់អាណត្តិបេសកកម្ម។ មុនមកកាន់ជាឯកអគ្គរាជទូត លោក ស៊ិន សារៀម មានតួនាទីជាអគ្គនាយករងនៃអគ្គនាយករដ្ឋានអាស៊ាន នៃក្រសួងការបរទេស។

ក្នុងជំនួបជាមួយលោកប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកឯកអគ្គរាជទូត ស៊ិន សារៀម បានបញ្ជាក់ការប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ដើម្បីជាផលប្រយោជន៍ និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ លោក ស៊ិន សារៀម បានរម្លឹកពីជំនួបពិភាក្សាប្រកបដោយផ្លែផ្កា និងការចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួន៨ ទៅលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ទេសចរណ៍ ការងារ បច្ចេកវិទ្យាទូរគមនាគមន៍ និងវប្បធម៌ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការដ៏ជោគជ័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅហ្វីលីពីន កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។

លោកប្រធានាធិបតី ម៉ាកូស បានស្វាគមន៍ចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូត ហើយលោកប្រធានាធិបតីក៏បានគូសបញ្ជាក់ពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី កន្លងទៅ ដែលជាសក្ខីភាពនៃទំនាក់ទំនងកាន់តែជិតស្និទ្ធ និងស៊ីជម្រៅរវាងកម្ពុជា និងហ្វីលីពីន។ លោកប្រធានាធិបតី បានបង្ហាញពីបំណងជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីហ្វីលីពីន-កម្ពុជាបន្ថែមទៀត និងបានទទួលស្គាល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនង ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម