Connect with us

ព័ត៌មានជាតិ

កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គូស​បញ្ជាក់​ថា កម្ពុជា នៅតែ​បន្ត​គាំទ្រ​ចំពោះ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO-BFC) ដោយសារ​របាយការណ៍ និង​ការ​វាយតម្លៃ​ចេញពី​កម្មវិធី​នេះ គឺជា​ប្រភព​ព័ត៌មាន​ដ៏​ទុកចិត្ត​សម្រាប់​ម្ចាស់​ម៉ាក អ្នកបញ្ជា​ទិញ និង​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​សម្រាប់​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​ដូចនេះ ក្នុង​ឱកាស លោក ហេង សួរ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ​ជា​សកល (Better Work Global) នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ម្ចាស់​ជំនួយ និង​តំណាង​ស្ថានទូត ដែល​ដឹកនាំ​ដោយ​លោកស្រី Sara Park ប្រធាន​ផ្នែក​ភាព​ជា​ដៃគូ ការ​តស៊ូ​មតិ និង​ទំនាក់ទំនង នៃ​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ​ជា​សកល (Better Work Global) របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ កាលពី​រសៀល​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៥។

នា​ឱកាស​នោះ លោក ហេង សួរ លើក​ឡើង​បន្ត​ថា ការ​អនុវត្ត​ការងារ នៃ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) មិន​ត្រឹមតែ​ជំរុញ​ស្តង់ដារ​ការងារ​នៅ​កម្ពុជា អនុលោម​តាម​ស្តង់ដារ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​បាន​ការ​ទទួល​ស្គាល់ និង​ការ​ទុកចិត្ត​ពី​ភាគី​និយោជក ភាគី​និយោជិត និង​ជា​គំរូ​ដ៏​សំខាន់​មួយ​សម្រាប់​អធិការកិច្ច​ការងារ​របស់​កម្ពុជា​ផង​ដែរ។

ជាមួយ​នេះ គណៈប្រតិភូ​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ​ជា​សកល (Better Work Global) នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ម្ចាស់​ជំនួយ និង​តំណាង​ស្ថានទូត ក៏បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ក្នុង​កិច្ចសហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម