ព័ត៌មានជាតិ
វត្តទូទាំងខេត្តសៀមរាបបានចាប់អនុវត្ត វាយ គងទូងស្គរ ពញ្ញាក់ឱ្យមហាជនបង្ការកូវីដ-១៩
ខេត្តសៀមរាប៖ចាប់ពីម៉ោង៥ព្រឹកថ្ងៃនេះ វត្តក្នុងទូទាំងខេត្តសៀមរាប បានចាប់អនុវត្ត វាយ គង ជួង រគាំង និង ទូងស្គរ ពញ្ញាក់មហាជនឱ្យប្រុងប្រយ័ត្នបង្ការកូវីដ-១៩ ស្របតាមការការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និង សាសនាខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានសេចក្ដីណែនាំរបស់ក្រសួងធម្មការ និង សាសនា ស្តីពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃ “ព្រឹត្តិការណ៍២០កុម្ភៈ” កាលពីល្ងាចម្សិលមិញរួចមក លោកក៏បានណែនាំបន្តដល់ព្រះគ្រូ ព្រះអនុគណក្រុង ស្រុកក្នុងទូទាំងខេត្ត ឱ្យគ្រប់វត្តទាំងអស់ត្រូវអនុវត្តចាប់ពីម៉ោង៥ទាបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់បញ្ចប់ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ”។
លោកបានបញ្ជាក់បន្ថែមទៀតថា ព្រឹកនេះ លោកបានទទួលសេចក្ដីរាយការណ៍ពីព្រះអនុគណក្រុង ស្រុកមួយចំនួន ថាបានអនុវត្តហើយ ហើយលោកនឹងតាមដាននូវការងារអនុវត្តនេះជាបន្តទៀត។
ព្រះវិបុលសត្ថា រី សាត ព្រះរាជគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តកេសរារាម ស្ថិតក្នុងក្រុងសៀមរាប មានថេរដីកាថា បន្ទាប់ពីទទួលបានសេចក្ដីណែនាំនេះហើយ នៅវេលាម៉ោង៥ទាបភ្លឺព្រឹកមិញនេះ វត្តកេសរារាម បានអនុវត្តដោយការវាយគងផង វាយជួងផង និងទូងស្គរផង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទគ្រប់ៗរូប ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ដោយអនុវត្តនូវវិធានការ “៣ការពារ” និង “៣កុំ” ។
ព្រះចៅអធិការវត្តកេសរារាម មានថេរដីកាទៀតថា ជាទំនៀមទម្លាប់ខ្មែរពីបុរាណមកដល់បច្ចុប្បន្ននេះ ការវាយជួង និងទូងស្គរតាមវត្តអារាមនានានៅតែជាជំនឿមួយដែលព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទតែងតែជឿ និងអនុវត្តតៗមក ដើម្បីពញ្ញាក់ស្មារតីអ្នកភូមិស្រុក បានដឹងពីហេតុភេទមិនល្អ គ្រោះភ័យចោររខ្មួយចូលភូមិ ឬព្រះចៅអធិការវត្តទទួលអនិច្ចធម្ម ដើម្បីជាសញ្ញាបណ្តេញនូវឧបទ្រពចង្រៃផ្សេងៗ រួមទាំងការអបអរសាទរនូវសមិទ្ឋផលនានា ឬក៏ជោគជ័យផ្សេងៗក្នុងមូលដ្ឋានស្រុកភូមិ និងទីអារាមនានាផងដែរ។ ជាពិសេសសំឡេងទូងស្គរ ជានិច្ចកាលតែងប្រើនៅក្នុងរដូវចូលព្រះវស្សា ដើម្បីជាសញ្ញាប្រាប់ម៉ោងពេល ហើយឱ្យបរិស័ទ បានដឹងឱ្យដឹងថាដល់វេលា ឈប់សម្រាកពីការងារហើយ និងដាស់ឱ្យភ្ញាក់ពីនិន្ទ្រាបន្តកិច្ចការរៀងៗខ្លួនទៀត។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រសួងធម្មការ និងសាសនា បានចេញសារាចរណែនាំ ស្តីពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដែលសកម្មភាពនេះ គឺជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ “៣កុំ៣ការពារ” របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ។ កិច្ចការនេះត្រូវអនុវត្តចំនួន៥ដងក្នុង១ថ្ងៃ គឺលើកទី១ នៅម៉ោង៥ព្រឹក លើកទី២ នៅម៉ោង១១ព្រឹក លើកទី៣ នៅម៉ោង២រសៀល លើកទី៤ នៅម៉ោង៥ល្ងាច និង លើកទី៥ នៅម៉ោង៨យប់៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់