ជីវិតកម្សាន្ដ
ផ្ទុះប្រតិកម្មវែកញែក ក្រោយលេចឮដំណឹងនៃការផលិតរឿង “ភ្លើងឆេះក្លឹបក្រោមដី” វគ្គថ្មី មិនមែន LD
ស្របពេលដែលខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម LD ដែលដកស្រង់ចេញពីសោកនាដកម្មពិត ហើយទទួលបានជោគជ័យខ្លាំងក្នុងកំណត់ត្រាថ្មីនៃភាពយន្តរបស់ផលិតកម្ម ស្រាប់តែលេចឮដំណឹងនៃគ្រោងផលិតរឿង “ភ្លើងឆេះក្លឹបក្រោមដី” វគ្គថ្មី។
ខណៈដំណឹងនៃការលេចឮនេះ ម្ចាស់ផលិតកម្ម ក៏ដូចជាអ្នកសិល្បៈបានទម្លាយ រឿងនោះ មានផលិតកម្មផ្សេងគ្រោងផលិតបន្តពីសាច់រឿងដែល LD ផលិត ដោយមានបំណងប្រើតួសម្តែងក្នុងរឿងតែមួយថែមទៀត។ ហេតុនេះហើយ ទើបធ្វើឱ្យបណ្តាផលិតករ អ្នកសិល្បៈ ក៏ដូចជាសាធារណជន រួមទាំងអ្នកផលិតមាតិកាល្បីៗដែរនោះ បានចេញមកប្រតិកម្មព្រោតព្រាត។



យ៉ាងណា ជុំវិញរឿងរ៉ាវនៃការគ្រោងប្រើតួសម្តែងពីក្នុងសាច់រឿង “ភ្លើងឆេះក្លឹបក្រោមដី” នោះ ក៏មានការអះអាងពីសាមុីខ្លួនជាតារាសម្តែងផងដែរថា ខ្លួនបានបដិសេធមិនទទួលការថតនោះឡើយ។ ជាមួយនឹងការតាំងចិត្តពីសំណាក់សិល្បករទាំងនេះដែរ ម្ចាស់ផលិតកម្ម LD លោក លៀក លីដា ក៏បានសម្តែងការគោរពអរគុណផងដែរ។

ទន្ទឹមនឹងរឿងរ៉ាវនេះ កំពុងត្រូវបានវែកញែកពេញបណ្តាញទំនាក់ទំនងសង្គម លោក ឌៀប សុវណ្ណតារា អ្នកមានឈ្មោះបោះសំឡេងម្នាក់ក្នុងវិស័យផលិតភាពយន្តដែរ បានចេញមកពន្យល់នូវតួនាទីក្នុងនាមជាផលិតករ។
ក្នុងនាមជាផលិតករម្នាក់ មុនផលិតភាពយន្ត អ្នកគិតពីអ្វីមុនគេ?
លោក ឌៀប សុវណ្ណតារា បានលើកឡើងនូវ ៣ចំណុចធំ សម្រាប់ផលិតករមុនផលិតភាពយន្ត គឺត្រូវគិតលើ ស្គ្រីបរឿងl, ទីផ្សារ និង សម្ថភាពក្រុមផលិតឬផលិតកម្មភាពយន្ត។
លោកសង្កត់ធ្ងន់ថា អ្នកមានសម្ថភាព កុំថាឡើយគិតពីសាច់រឿងកូពី សូម្បីតែស្រដៀងបន្តិចក៏គេមិនចង់អោយមានផង ផ្ទុយពីអ្នកគ្មានសម្ថភាពនិងអ្នកចាំតែគេងចំណេញលើផលប្រយោជន៍អ្វីមួយ សាច់រឿង ទោះស្ថិតក្នុងរូបភាពណាក៏ដោយ វាជាដំណើររឿងកើតចេញពីវគ្គ១ សិទ្ធអ្នកនិពន្ធនិងសិទ្ធប្រហាក់ប្រហែល តួរអង្គ ទីតាំង ដំណើររឿង ជៀសមិនផុត ទោះរើសតួផ្សេងមកសម្តែងក៏ដោយ។
ត្រង់ចំណុចនេះ លោកពន្យល់បន្ថែមថា៖
១. វគ្គ២ ជា “ការងារបន្ត” (Derivative Work): តាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល (ដែលប្រទេសភាគច្រើនលើសកលលោក រួមទាំងកម្ពុជា មាន ឬគោរពតាមគោលការណ៍អន្តរជាតិ), ស្នាដៃវគ្គ២ ដែលបន្តដំណើររឿង តួអង្គ ពិភព ឬដោះស្រាយចំណងពីវគ្គ១ ត្រូវបានចាត់ទុកថាជា “ការងារបន្ត” ឬ “ការងារដេរីវេ” (ពាក្យបច្ចេកទេស ‘derivative work’) នៃស្នាដៃដើម (វគ្គ១)។
២. សិទ្ធិផ្ដាច់មុខរបស់អ្នកបង្កើតដើម៖ ម្ចាស់សិទ្ធិនៃស្នាដៃដើម (អ្នកនិពន្ធ ឬផលិតកម្មនៃវគ្គ១) មានសិទ្ធិផ្ដាច់មុខ ក្នុងការផលិតឡើងវិញនូវស្នាដៃរបស់ខ្លួន។ មួយវិញទៀត គឺអនុញ្ញាតឱ្យអ្នកដទៃបង្កើត “ការងារបន្ត” (Derivative Work) ពីស្នាដៃរបស់ខ្លួន ឬចែកចាយ ឬផ្សព្វផ្សាយស្នាដៃរបស់ខ្លួន និងការងារបន្ត។
៣. ការរំលោភសិទ្ធិ (Copyright Infringement)៖ ប្រសិនបើបុគ្គល ឬក្រុមហ៊ុនណាមួយ យកស្នាដៃវគ្គ១ មកបង្កើតវគ្គ២ ដោយខ្លួនឯង ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ (License ឬ Permission) ពីម្ចាស់សិទ្ធិវគ្គ១ នោះវាគឺជា ការរំលោភសិទ្ធិអ្នកនិពន្ធយ៉ាងច្បាស់ក្រឡែត។
៤. អ្វីដែលត្រូវបានការពារ៖ ការការពារនេះ មិនមែនត្រឹមតែចំណងជើងរឿងទេ វាគ្របដណ្ដប់លើ៖
– តួអង្គ (Characters): ការយកតួអង្គដដែលពីវគ្គ១ មកប្រើក្នុងវគ្គ២ គឺជាការប្រើប្រាស់ស្នាដៃដើម។
– ដំណើររឿង (Plot): ការបន្តដំណើររឿង ឬដោះស្រាយបញ្ហាដែលនៅសល់ពីវគ្គ១។
៥. ភាពខុសគ្នាពី “ការទទួលបានការជំរុញទឹកចិត្ត” (Inspiration): ការត្រូវបាន “ជំរុញទឹកចិត្ត” ដោយរឿង ឬប្រភេទរឿងណាមួយ គឺជារឿងធម្មតា។ ឧទាហរណ៍ អ្នកអាចត្រូវបានជំរុញចិត្តដោយភាពយន្តខ្មោចមួយ ហើយចង់បង្កើតភាពយន្តខ្មោចថ្មីមួយទៀត ដែលមានតួអង្គ និងដំណើររឿងផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុង។ នេះមិនមែនជាការរំលោភសិទ្ធិទេ។ ប៉ុន្តែ ការយកតួអង្គ និងសាច់រឿងជាក់លាក់ពីវគ្គ១ មកបន្តក្នុងវគ្គ២ គឺលើសពីការជំរុញទឹកចិត្ត គឺវាជាការបង្កើត “ការងារបន្ត”។

គួររំលឹកថា ភ្លើងឆេះក្លឹបក្រោមដី ជាសាច់រឿងដកស្រង់ពីសោកនាដកម្មពិតមួយ នៃហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែង កាលអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ដែលមានភាពល្បីល្បាញខ្លាំង និងត្រូវបានគេចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។ បើតាមការស៊ើបអង្កេតរបស់ប៉ូលីសត្រូវបានឱ្យដឹងថា មូលហេតុគឺដោយសារតែផ្ទុះចរន្តអគ្គសនី ប៉ុន្តែបើតាមជំនឿ គេជឿថា មានព្រាយដ៏កាចសាហាវមួយបានធ្វើរឿងនេះឡើង គោលបំណងចង់យកជីវិតអ្នកចម្រៀងប្រុសម្នាក់។
ជុំវិញរឿងរ៉ាវនៃការផលិតភាពយន្តដកស្រង់ពីហេតុការណ៍ពិតនេះ លោក លៀក លីដា បានឱ្យដឹងថា គឺចាប់ផ្ដើមផលិតឡើងដោយមានការយលព្រមរបស់គ្រួសារនៃសព ហើយត្រូវបានសិក្សានិងយកចិត្តទុកដាក់អស់រយៈពេលជិតមួយឆ្នាំ ដើម្បីផលិត ខណៈរឿងនេះទទួលបានការគាំទ្រខ្លាំង ក្លាយជាកំណត់ត្រាថ្មីនៃភាពយន្តដ៏មានប្រជាប្រិយភាពរបស់ LD ៕



-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា