ព័ត៌មានជាតិ
វ៉ាក់សាំងស៊ីណូវ៉ាក់ ចិនលក់ឲ្យខ្មែរតម្លៃទាបជាងទីផ្សារទូទៅតាមប្រទេសមួយចំនួន
បើយោងតាមប្រភពពី BBC វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដាក់លក់ជាទូទៅក្នុងមួយដូសតម្លៃ ២០០ យ័ន ប្រមាណ ៣០ ដុល្លារ។ យ៉ាងណា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១.៥ លានដូស ក្នុងតម្លៃមួយទាបជាងទីផ្សារទូទៅ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា កម្ពុជាបានចំណាយថវិកាដើម្បីទិញវ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន ១.៥ លានដូសបន្ថែមពីប្រទេសចិន។ វ៉ាក់សាំងស៊ីណូវ៉ាក ដែលរដ្ឋាភិបាលចិនលក់ឲ្យកម្ពុជាក្នុងតម្លៃមួយដែលទាបជាងទីផ្សារទូទៅតាមប្រទេសមួយចំនួន។
លោក វ៉ាង វិនធាន ឯកអគ្គរាជទូតចិនប្រចាំនៅកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលចិនបានសម្រួលឲ្យកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ប្រើប្រាស់ពេលត្រឹម ២ សប្ដាហ៍ប៉ុណ្ណោះ។ លោកបន្តថា កម្ពុជាបានបញ្ជាទិញជាលើកដំបូង ហើយរដ្ឋាភិបាលចិនលក់ឲ្យក្នុងតម្លៃពិសេសបំផុត។ វ៉ាក់សាំងនេះនឹងបង្កើតជញ្ជាំងការពារសុខភាពប្រជាជនកម្ពុជាពីការវាយប្រហារនៃមេរោគកូវីដ១៩។
រាជរដ្ឋាភិបាលកម្ពុជា មានផែនការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ប្រមាណ៤លានដូសបន្ថែមទៀតពីភាគីចិន ខណៈបានទិញវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ១.៥លានដូស ដែលបានដឹកមកដល់កាលពីព្រឹកម្សិលមិញនេះ។
តាមរយៈការបង្ហោះនៅលើគេហទំព័រហ្វេសបុកផ្លូវការនារសៀលថ្ងៃទី២៦ មីនា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកំពុងចរចាជាមួយភាគីចិន ដើម្បីបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀត ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃតាមផែនការ។
កម្ពុជានៅមានតម្រូវការវ៉ាក់សាំងជាច្រើនលានដូសទៀត សម្រាប់ចាក់ជូនប្រជាពលរដ្ឋឲ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។
បើតាមលោកជំទាវ យក់សម្បត្តិ ប្រសិទ្ធភាពរបស់វ៉ាក់សាំងស៊ីណូវ៉ាក់ មិនខុសប្លែងពីវ៉ាក់សាំង Sinopharm នោះទេ ហើយជីវិតវ៉ាក់សាំងនេះអាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។
រាជរដ្ឋាភិបាលកម្ពុជាកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងយន្តការខូវ៉ាក់ (Covax)។ ក្រៅពីវ៉ាក់សាំងស៊ីណូវ៉ាក់ដែលទើបមកដល់ ១.៥លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជានាពេលខាងមុខនេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព