ព័ត៌មានជាតិ
បណ្ឌិត អ៊ិន ចាន់នី៖ នៅក្នុងស្ថានភាពកូវីដ១៩ បើអតិថិជនជួបបញ្ហា ធនាគារក៏ជួបបញ្ហាដែរ
ដើម្បីសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋ និងអាជីវកម្មដែលរងគ្រោះដោយសារជំងឺកូវីដ១៩ គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុទាំងអស់នៅប្រទេសកម្ពុជាបានអនុវត្តការរៀបចំឥណទានឡើងវិញ តាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាដែលបានដាក់ចេញនៅឆ្នាំ២០២០។
លោកបណ្ឌិត អុិន ចាន់នី ដែលជាប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា៖ «ដើម្បីរួមចំណែកជួយសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩គ្រឹះស្ថានធនាគារនៅទូទាំងប្រទេសបានផ្ដល់ការអនុគ្រោះដល់អ្នកខ្ចី តាមរយៈការរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង៤៣.០០០គណនីយកាលពីឆ្នាំ២០២០។»
លោក អុិន ចាន់នី បានបន្តថា៖ «គ្រឹះស្ថានធនាគារនឹងបន្តរៀបចំឥណទានឡើងវិញដល់អតិថិជនបន្ថែមទៀតនៅឆ្នាំ ២០២១នេះ ពីព្រោះការលូតលាស់របស់ធនាគារផ្សាភ្ជាប់នឹងការរីកចម្រើនរបស់អតិថិជន។ នៅក្នុងស្ថានភាពកូវីដ១៩ បើអតិថិជនជួបបញ្ហា ធនាគារក៏ជួបបញ្ហាដែរ ដូច្នេះយើងយោគយល់គ្នាដោយអនុវត្តតាមគោលការណ៍របស់ធនាគារជាតិក្នុងការបន្ធូបន្ថយសម្រាលការបង់ប្រាក់រំលស់។»
ទាក់ទងនឹងការបន្ធូបន្ថយការបង់ប្រាក់ លោក អុិន ចាន់នី បានពន្យល់ថា នៅពេលដែលអតិថិជនបានស្នើសុំរៀបចំឥណ ទានឡើងវិញ ដោយសារតែមុខរបររបស់គាត់បានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដូចជាវិស័យផ្ទះសំណាក់ ភោជនីយដ្ឋាន និងម៉ូតូកង់បីជាដើម ពួកគាត់នឹងត្រូវបានធនាគារបន្ធូបន្ថយការបង់ប្រាក់ដូចជា ពីមុនពួកគាត់ធ្លាប់បង់រំលស់១០០ដុល្លារក្នុងមួយខែ តែបន្ទាប់ពីមានការបន្ធូរបន្ថយ ពួកគាត់សុំសងមួយខែតែ១០ដុល្លារទេ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាឆ្នាំ២០២០ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកប្រជាពលរដ្ឋដែល រងផលប៉ះពាល់ពីជំងឺកូវីដ១៩ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានផ្ដល់ការអនុគ្រោះដល់អ្នកខ្ចី តាមរយៈការរៀបចំឥណទានឡើងវិញចំនួនជិត៣សែនគណនីយស្មើនឹង៤,២ពាន់លានដុល្លារ។
ទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ក្ដី ការផ្ដល់ឥណទានដល់អតិថិជនមិនមានការថយចុះនោះទេ តែបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២០។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាឆ្នាំ២០២០បង្ហាញថា ឥណទានរបស់គ្រឹះស្ថានធនាគារបានកើនឡើងប្រមាណ១៥% ស្មើនឹងជាង៣០ពាន់លានដុល្លារអាមេរិក ដោយមាន១,២លានគណនីយ។ ឥណទានដែលត្រូវបានផ្ដល់ឱ្យច្រើនជាងគេគឺនៅក្នុងវិស័យសំណង់ និងការជួញដូរអចលនទ្រព្យស្មើនឹង ១៧,៦% នៃឥណទានសរុប ការជួញដូររាយ ១៥,៥% និងការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ១២,៨% ៕
លោក អុិន ចាន់នី បានបញ្ជាក់ថា ការកើនឡើងនៃឥណទានឆ្នាំ២០២០ គឺដោយសារតែគោលនយោបាយរបស់ធនាគារជាតិ ដែលអនុគ្រោះចំពោះបទបញ្ញតិផ្សេងៗទាក់ទងនឹងការរៀបចំឱ្យមានឥណទានឡើងវិញ ដូចជាការបន្ធូបន្ថយអនុបាតទុនបំរុង ការពន្យាការអនុវត្តដើមទុនទ្រនាប់ និងការបន្ធូបន្ថយពន្ធកាត់ទុកសម្រាប់កម្ចីពីបរទេសជាដើម។
ធនាគារជាតិនៃកម្ពុជាបានទម្លាក់អត្រាប្រាក់បំរុងកាតព្វកិច្ចជារៀល និងជាដុល្លារអាមេរិកមកត្រឹម៧%ចាប់ពីខែមេសាឆ្នាំ២០២០ពីកម្រិត៨%សម្រាប់ប្រាក់រៀល និង១២,៥%សម្រាប់រូបិយប័ណ្ណបរទេស ដើម្បីផ្ដល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រការនេះធ្វើឱ្យវិស័យធនាគារមានលទ្ធភាពបង្កើនឥណទាន និងផ្ដល់ការអនុគ្រោះនានាដល់អតិថិជនដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ១៩។
អត្ថបទ៖ វ៉ាត វិន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់