ព័ត៌មានជាតិ
មន្ត្រីក្រសួងបរិស្ថាន៖ ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបាញ់សម្លាប់សត្វដំរីព្រៃ មានការធ្លាក់ចុះយ៉ាងខ្លាំង
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នៅក្នុងរយៈពេលជាង១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុក និងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មាន ដោយសារតែការអនុវត្តច្បាប់តឹងរឹង។
ប៉ុន្តែជាការកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើង នៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយ និងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណី អាចរងការរំខាន ដោយសារតែវត្តមានរបស់មនុស្ស នៅក្នុងតំបន់ដែនជម្រករបស់ពួកវា និងលើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជន រហូតដល់រងរបួស ឬឈានដល់ការសម្លាប់ជាការសងសឹកនឹងដំរីព្រៃ ដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។
លោករដ្ឋលេខាធិការបានឲ្យដឹងទៀតថា កម្រិតនៃការបរបាញ់សត្វដំរីព្រៃត្រូវបានកត់សម្គាល់ឃើញថា មានការធ្លាក់ចុះខ្លាំងស្ទើរតែគ្មានក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់បានយ៉ាងល្អ ខណៈពីជាង៣០ ឆ្នាំមុន ការបរបាញ់បានសម្លាប់សត្វដំរីព្រៃអស់ជាច្រើនក្បាល។ បើតាមលោក នេត្រ ភក្ត្រា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី៤០០ ទៅ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថាមានចំនួន៧១ ក្បាល។
លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល៦០ ទៅ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ី នៅលើពិភពលោកបានថយចុះប្រហែលជា៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត៩០ភាគរយ។ ក្នុងចំណោម ដំរីអាស៊ី សរុបប្រមាណពី៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល៧៥ភាគរយ រស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ី ត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ ដោយសារ សារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពល ដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅ ក្នុងដែនជម្រករបស់វា។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ដំរីអាស៊ីកំពុងតែទទួលរង ការគំរាមកំហែងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រក បានធ្វើឲ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។ លោកបន្តទៀតថា យោងតាមរបាយការណ៍សិក្សា នៅក្នុងតំបន់ជួរភ្នំក្រវាញ មិនមានរបាយការណ៍ណាមួយស្ តីពីឧបទ្ទវហេតុនៃការបរបាញ់សត្វដំរីខុសច្បាប់ តាំងពីឆ្នាំ២០០៣ មកម្ល៉េះ។
រដ្ឋលេខាធិការបានថ្លែងទៀតថា ចំណែកនៅក្នុងតំបន់ទេសភាពភាគខាងកើត មានការកត់សម្គាល់ថា មានដំរីស្លាប់ចំនួន៨ ក្បាលក្នុងនោះមានទាំងកូនដំរី និងដំរីធំ ដែលករណីដំរីធំស្លាប់ ត្រូវបានសង្ស័យថា មានការពាក់ព័ន្ធនឹងការបរបាញ់។ កាលពីដើមឆ្នាំ២០១៩ សត្វដំរីព្រៃវ័យចំណាស់មួយក្បាល ត្រូវបានប្រទះឃើញស្លាប់ ដោយត្រូវគេបាញ់ងាប់នឹងគ្រាប់កាំភ្លើងកែច្នៃ នៅចំណុចចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅក្បែរដែនជម្រកសត្វព្រៃកែសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី ហើយភ្លុក និងកន្ទុយរបស់វា ត្រូវបានគេលួចកាត់យកទៅបាត់។ នៅឆ្នាំ២០២០នេះ កូនដំរីព្រៃចំនួន២ ក្បាលបានរកឃើញស្លាប់ នៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ១ លង់ទឹកស្លាប់ ដោយសារជើងជាប់នឹងល្បាក់ថ្ម និងមួយទៀត កើតមកមិនមានសុខភាពល្អ បានស្លាប់ទៅវិញ ក្រោយក្រុមមន្ត្រីជួយសង្គ្រោះ។
លោក នេត្រ ភក្ត្រា បានថ្លែងដែរថា តាមលទ្ធផលពីការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងថ្មីៗនេះ ក្នុងចំណោមកូនដំរី៧ ក្បាលមាន៤ ក្បាល ដែលមានអន្ទាក់ នៅជាប់នឹងជើងរបស់ពួកវា ហើយក៏មានកូនដំរីព្រៃមួយក្បាលដែរ ដែលបានស្លាប់ដោយជាប់អន្ទាក់។ លោកបន្តថា ភស្តុតាងនេះ បានបញ្ជាក់ថា ការប្រើប្រាស់អន្ទាក់សម្រាប់ចាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា នៅតែជាក្តីព្រួយបារម្ភដ៏ចម្បងនៅឡើយ ហើយក៏ជាគ្រោះថ្នាក់ដល់សត្វដំរីអាស៊ីផងដែរ ព្រោះវាអាចបណ្តាលឲ្យសត្វដំរីរងរបួស និងស្លាប់បាន។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា នៅក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២០ ក្រុមមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ ដែលចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈ ចម្រុះទាំង៦៨ កន្លែង ដែលមានផ្ទៃដីសរុបជាង៧,៣ លានហិកតា ប្រមាណ៤១ភាគរយ នៃផ្ទៃប្រទេសកម្ពុជា បានដកអន្ទាក់ បានប្រមាណ៣០០០០ អន្ទាក់ និងជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល។
ជាមួយគ្នានេះ អ្នកជំនាញក៏បានព្រមានផងដែរថា ដោយសារតែរយៈពេល នៃការបន្តពូជរបស់ដំរីអាស៊ីយឺត (ប្រាំឆ្នាំបង្កើតបានកូនមួយ) បើសិនអត្រាស្លាប់ នៃកូនដំរីព្រៃខ្ពស់ដោយសារតែរងរបួសពីអន្ទាក់នោះ ចំនួនដំរីព្រៃនៅកម្ពុជា អាចមានបញ្ហាប្រឈមខ្ពស់ ក្នុងការផុតពូជ។ ពលរដ្ឋខ្លះបានប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីរំខានដំរីដូចជា ការធ្វើក្តារដាំដែកគោលដាក់តាមផ្លូវ ដើម្បីកុំឲ្យដំរីចូលស៊ីដំណាំរបស់ខ្លួនជាដើម។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងការដាំដំណាំនៅតាមច្រករបៀងដែលសត្វដំរី ឆ្លងកាត់ក៏ជាបញ្ហាមួយចោទផងដែរ។
ចំពោះមុខ នៃការគំរាមកំហែងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានខិតខំរៀបចំផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយបានថ្លែងថា “ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឲ្យមានកំណើនចំនួនប្រភេទនេះ នៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាព ដើម្បី អភិរក្សសត្វដំរីអាស៊ីឲ្យនៅគង់វង្ស ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល១០ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន៦ ក្នុងនោះរួមមាន ១. ការកាត់បន្ថយការបាត់បង់ទីជម្រក ២. អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣. ពង្រឹងការអនុវត្តច្បាប់ ៤. បង្ការមិនឲ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥. បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦. អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាមការប៉ាន់ស្មាន ផែនការសកម្មភាពរយៈពេល១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់