វប្បធម៌ ជំនឿ
កម្រងជីវិត៖ មេជាងរូបសំណាកស្ពាន់ធំជាងគេនៅកម្ពុជា
“ការងារហ្នឹងខ្ញុំពិតជាមានមោទនភាពណាស់ ព្រោះបានធ្វើអ្វីដែលខ្ញុំបានប៉ងប្រាថ្នាតាំងពីតូច គឺខ្ញុំគិតថា ខ្ញុំកើតជាកូនខ្មែរ មុនខ្ញុំទៅវិញ (អស់ជីវិត) ខ្ញុំត្រូវបន្សល់ស្នាដៃនៅលើទឹកដីបុព្វបុរសរបស់ខ្ញុំ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយដែរ។ ខ្ញុំបានធ្វើការងារប៉ុណ្ណេះ គឺខ្ញុំស្ងប់ចិត្តហើយ។”
នេះជាសម្ដីប្រកបដោយទំនុកចិត្ត ក្ដីរំភើប រួមទាំងស្នាមញញឹមរបស់បុរសម្នាក់វ័យ៤២ឆ្នាំ ដែលជាអ្នកគ្រប់គ្រងក្រុមសិប្បកម្ម នរៈសឹង្ហសិល្បៈខ្មែរ និងជាមេជាងដឹកនាំកសាងរូបសំណាក សីហរាជមុខបី ព្រះសិវៈ និង ព្រះថោងនាងនាគ ដែលមានកម្ពស់ ពី៩ម៉ែត្រ ដល់ ២១ម៉ែត្រ និងជារូបសំណាក់ស្ពាន់មានទំហំធំជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយកំពុងទទួលការចាប់អារម្មណ៍ពីមហាជនទូទៅគ្រប់មជ្ឈដ្ឋាន។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/196243785_339531404240328_7365921287972534044_n.jpg)
ក្នុងពេលកំពុងដឹកនាំក្រុមការងារដំឡើងរូបសំណាកស្ពាន់ ព្រះសិវៈ និងព្រះនាងឧមាភគវតី កម្ពស់៩ម៉ែត្រ នៅទីតាំងរង្វង់មូលស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីរាម និង មហាវិថីឆ្នេររាម នៃខេត្តព្រះសីហនុ លោក សុខ ចំរើន បានឆ្លៀតពេលផ្ដល់បទសម្ភាសដល់ “កម្ពុជាថ្មី” ដោយលោកបានឱ្យដឹងថា ចំពោះការធ្វើរូបសំណាក់ស្ពាន់ធំជាងគេនៅកម្ពុជាពេលនេះ គឺលោកមិនបានគិតចង់បានកម្រៃ ឬផលចំណេញនោះទេ។ លោកគ្រាន់តែចង់មានស្នាដៃសម្រាប់ជាតិ និងព្រលឹងវប្បធម៌កេរដូនតាដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។
លោក សុខ ចំរើន មានប្រសាសន៍ថា៖ “រូបសំណាកខ្ញុំធ្វើកន្លងមក មិនដែលមានធំបែបនេះហើយ ហើយរូបសំណាកស្ពាន់នៅស្រុកខ្មែរក៏មិនដែលមានទំហំធំដូចនេះដែរ ហើយក៏ជាការងារទីមួយរបស់ខ្ញុំដែរដែលបានធ្វើការងារហ្នឹង។ ប៉ុន្តែដោយសារខ្ញុំជំនាញខាងប្លង់ ខ្ញុំគូរប្លង់ មានក្បួនខ្នាតទៀតនោះ ដូចនេះអ្វីដែលខ្ញុំធ្វើគឺអត់ល្អៀងភ្លាវចេញពីក្បួនខ្នាតទេ”។
មេជាងរូបនេះបានឱ្យដឹងទៀតថា លោកមានជំនាញច្រើនលើផ្នែកសិល្បៈសូន្យរូប មានទាំងគំនូរ សូន្យរូបស៊ីម៉ងត៍ ចម្លាក់ឈើ ចម្លាក់ថ្ម រហូតចម្លាក់ស្ពាន់ ឬជាងស្មិត (ជាងអ្នកសិតលោហជាតិឱ្យកើតបានជារូប ឬជារបស់ផ្សេងៗ)។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/192180484_4062972787082493_8249142366330207751_n-1-768x1024.jpg)
ពិតមែនហើយ ដំបូងឡើយ លោក សុខ ចំរើន បានសិក្សាជំនាញគំនូរសូន្យរូបទេ ប៉ុន្តែតើហេតុអ្វីលោកអាចចេះជំនាញជាច្រើនរហូតមានសមត្ថភាពកសាងដឹកនាំកសាងបដិមាស្ពាស់ធំជាងគេនៅកម្ពុជាបាន?
តទៅនេះ “កម្ពុជាថ្មី” នឹងនាំប្រិយមិត្តមកដឹងពីប្រវត្តិសិក្សា បទពិសោធន៍ការងារ រហូតមេជាងចម្លាក់រូបនេះ អាចម៉ៅការ ព្រមទាំងជម្នះឧបសគ្គដើម្បីកសាងរូបចម្លាក់ស្ពាន់ដ៏ធំជាងគេនៅកម្ពុជានេះ។
ប្រវត្តិការសិក្សា
លោក សុខ ចំរើន បច្ចុប្បន្នរស់នៅ ក្រុងសៀមរាប ខេត្តសៀមរាប លោកកើតនៅខែតុលា ឆ្នាំ១៩៧៩ នៅសង្កាត់ផ្សារដើមថ្កូវ ក្រុងភ្នំពេញ។ គ្រួសាររបស់លោកមិនមានអ្នកចាប់ជំនាញសិល្បៈសូន្យរូបនេះទេ គឺមានតែជីតាខាងឪពុកដែលជាជាងចម្លាក់ដំណាក់ស្ដេចនៅខេត្តពោធិ៍សាត់ ប៉ុន្តែជីតារបស់លោកបានចែកឋានតាំងពីឪពុករបស់លោកនៅកំឡោះមកម្ល៉េះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/93244112_2721140928012693_1431396760193859584_n.jpg)
មាននិស្ស័យពីកំណើតខាងគំនូរតាំងពីអាយុ ៤-៥ឆ្នាំ កុមារា សុខ ចំរើន ចេះគូររូបភាពផ្សេងៗលើដីបានយ៉ាងស្អាត រហូតទទួលការភ្ញាក់ផ្អើលពីញាតិមិត្តក្មេងចាស់។ ពេលនៅរៀនតាំងពីកម្រិតបឋម រហូតដល់មធ្យមសិក្សា លោកគ្រូអ្នកគ្រូតែងផ្ដល់ទំនុកចិត្តឱ្យសិស្ស សុខ ចំរើន ឡើងគូររូបក្នុងមេរៀនលើក្ដារខៀនជាប្រចាំ។
បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យ ទួលទំពូង នៅឆ្នាំ១៩៩៤ យុវជន សុខ ចំរើន បានប្រឡងជាប់អាហារូបករណ៍ក្នុងចំណោមបេក្ខជនជាង៤០០នាក់ ដោយបានចូលសិក្សាជំនាញសិល្បៈសូន្យរូប សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោយសារមន្ទីរជាតិ ភ្នំពេញ។
លោករំលឹកថា៖ “ពីដំបូងខ្ញុំរៀនផ្នែកគំនូរទេ។ នៅទីនោះមានរោងជាងចម្លាក់ឈើ ដោយសារការចូលចិត្ត ខ្ញុំឧស្សាហ៍ចូលចិត្តទៅមើលជាងចម្លាក់ឆ្លាក់ឈើនៅទីនោះ ហើយក៏បែកគំនិតចេះឆ្លាក់តិចតួចបន្ថែមទៀត”។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/71318607_2304144036379053_1926253507535437824_n.jpg)
មេជាងវ័យ៤២ឆ្នាំរូបនេះ បន្តថា៖ “ប៉ុន្តែឆ្នាំ៩០ជាងហ្នឹង អ៊ុនតាក់នៅ គឺផ្នែកចម្លាក់មានទីផ្សាររកលុយបានច្រើនខាងគំនូរ។ រៀនបាន២ឆ្នាំ ពេលនោះខ្ញុំក៏ទៅចាប់ជំនាញចម្លាក់ថ្មមួយទៀត ដោយទៅរៀននៅ សារមន្ទីរ ខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតខាងឪពុក និងមានមាមីងនៅទីនោះដែរ គឺខ្ញុំរៀនជាមួយ លោកគ្រូ សុទ្ធ ដែលជាគ្រូខ្លាំងជើងចាស់”។
គួរបញ្ជាក់ថា លោក សុខ ចំរើន បានឆ្លៀតពេលបន្តការសិក្សា រហូតទទួលបានសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកស្ថាបត្យកម្ម ក្នុងឆ្នាំ២០០៩។
បទពិសោធន៍ការងារ ផ្សារភ្ជាប់ចំណេះជំនាញថ្មីបន្ថែម
បន្ទាប់ពីរៀនជំនាញចម្លាក់ថ្មចប់នៅខេត្តពោធិ៍សាត់ជិត២ឆ្នាំ លោក សុខ ចំរើន បានចេញទៅធ្វើការនៅអង្គការ Our Home ជាអ្នកបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសជំនាញវិជ្ជាជីវៈផ្នែកចម្លាក់ ទៅដល់ក្មេងអនាថា។ ពេលធ្វើការនៅទីនោះជិតមួយឆ្នាំ លោកបានបែកគំនិតចេញរកស៊ីជាអ្នកម៉ៅការ ផ្នែកតុបតែងលំអរស្ថាបត្យកម្មចម្លាក់ថ្ម ចម្លាក់ឈើ នៅខេត្តសៀមរាប គឺចាប់ផ្ដើមនៅសណ្ឋាគារ អង្គរបាលេសរីសត និងសណ្ឋាគារបុរីអង្គរ។
លោកមានប្រសាសន៍ថា៖ “នៅពេលនោះហើយ ខ្ញុំបានចាប់ផ្ដើមបែកចំណេះទៅលើការងារជាក់ស្ដែងដែលធ្វើការផ្ទាល់។ ដំបូងឡើយ ខ្ញុំចេញពីជាងចម្លាក់ថ្ម ដល់ពេលខ្ញុំចេញទៅម៉ៅការងារសណ្ឋាគារនៅសៀមរាប គឺចម្លាក់ខាងថ្មក៏ធ្វើ ចម្លាក់ខាងឈើក៏ធ្វើ ហើយពេលខ្លះតម្រូវការរបស់ម្ចាស់សណ្ឋាគារចង់បានចម្លាក់ស្ពាន់ អ៊ីចឹងខ្ញុំចេះតែស្រាវជ្រាវ ចេះតែរៀនសូត្រពីគ្រូចាស់ៗទៅ ក៏ចេះតែចេះគ្រប់មុខអ៊ីចឹងទៅ ទាំងគំនូរ សូន្យរូបស៊ីម៉ង់ ឆ្លាក់ថ្ម ឆ្នាក់ឈើ ធ្វើរូបស្ពាន់ និងគូរប្លង់ជាដើម តាមរយៈការសិក្សា ការងារ និងស្រាវជ្រាវជាង៣០ឆ្នាំមកនេះ”។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/107561908_2916828355110615_2958048917582153234_n.jpg)
មេជាងចម្លាក់ស្ពាន់រូបនេះ បានរំលឹកថា កាលនោះនៅសៀមរាបមានកន្លែងចាក់ស្ពាន់មួយនៅក្រោយវត្តថ្មី លោកក៏ឧស្សាហ៍ទៅលេង និងមើលការងារជាងស្ពាន់នៅទីនោះ។ ម៉្យាងលោកមានជំនាញខាងសូន្យរូបផង រួមទាំងខិតខំស្រាវជ្រាវខ្លួនឯងបន្ថែមទៀត លោកក៏សាកធ្វើពុម្ព ស្ល និងចាក់ស្ពាន់ជារូបព្រះពុទ្ធ ហើយទទួលបានជោគជ័យ លោកក៏ចាប់ផ្ដើមធ្វើការងារចម្លាក់ស្ពាន់បន្ថែមទៀតជាហូរហែរហូតមក។
លោក សុខ ចំរើន បញ្ជាក់បន្ថែមថា៖ “រឿងចម្លាក់ស្ពាន់ ពេលយើងចេះសូន្យរូប យើងចេះធ្វើពុម្ព យើងអាចធ្វើចម្លាក់ស្ពាន់បានហើយ ចំណែកការស្លស្ពាន់ យើងដឹងរូបមន្ត ហើយស្រាវជ្រាវបន្ថែមទៀត ដូចនេះខ្ញុំអាចធ្វើបានតាមតម្រូវការម្ចាស់សណ្ឋាគារ”។
ឱកាសចូលរួមកសាងរូបសំណាកស្ពាន់ដ៏ធំជាងគេនៅកម្ពុជា និងការជម្នះឧបសគ្គ
ដោយសារតែធ្លាប់ឃើញការងារស្នាដៃចម្លាក់ស្ពាន់របស់លោក សុខ ចំរើន កន្លងមក លោកក៏ត្រូវបានទទួលការអញ្ជើញចូលរួមក្នុងការដេញថ្លៃសាងសង់រូបចម្លាក់ស្ពាន់ ក្នុងគម្រោងស្ថាបនាផ្លូវនៅខេត្តព្រះសីហនុ ហើយលោកក៏ដេញថ្លៃការងារកសាងរូបសំណាកស្ពាន់អង្គធំសម្រាប់តម្កល់នៅរង្វង់មូល៣ទីតាំង។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/196808131_810089309898578_7441086659353192584_n.jpg)
មេជាងរូបនេះលើកឡើងថា ដំបូងលោកចង់ស្លស្ពាន់ និងចាក់រូបស្ពាន់ទាំងនោះនៅកម្ពុជាទេ ប៉ុន្តែតាមទំហំការងារនៃការសាងសង់រូបសំណាកដ៏ធំទាំង៣រូបនេះ គឺត្រូវការពេលវេលា២៥ខែ ហើយគម្រោងឱ្យពេលវេលាតែ៦ខែ ដូចនេះលោកក៏សហការជាមួយក្រសួងវប្បធម៌ចិននៅខេត្ត គ័ងចូវ។
លោក សុខ ចំរើន បានឱ្យដឹងបន្ថែមថា៖ “សាស្ត្រាចារ្យជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ចិន បានចុះមកធ្វើការជាមួយខ្ញុំ៣ខែ ទើបគាត់យករូបប៉ាន់ (រូបគំរូ) ទៅស្លស្ពាន់ចាក់នៅប្រទេសចិន ព្រោះចិនមានរោចចក្រស្លស្ពាន់ដែលអាចស្លស្ពាន់បានច្រើន ក្នុងរយៈពេលខ្លី គឺ១ថ្ងៃអាចស្លស្ពាន់២០-៣០តោនក៏បាន ចំណែករោងជាងស្រុកខ្មែរយើងយ៉ាងច្រើន១ថ្ងៃស្លស្ពាន់ ៥០០គីឡូក្រមទេ”។
លោក ចំរើន បានលើកឡើងថា សំណាកស្ពាន់ទាំងនេះគឺមានភាពប្រណិតតែជាង៨៥ភាគរយនៃការរំពឹកទុករបស់លោកតែប៉ុណ្ណោះ ព្រោះដោយសារលោកមិនអាចទៅដល់រោងចក្រនៅប្រទេសចិនបាន ដោយសារបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ចំណេះមិនមែនមានតែសៀវភៅនៅសាលា
លោក សុខ ចំរើន បានលើកឡើងថា ក្រៅពីរៀនមូលដ្ឋានគ្រឹះសិល្បៈសូន្យរូបពីគ្រូ ពីសាលាដែលមានក្បួនខ្នាតត្រឹមត្រូវហើយ ជំនាញនេះគឺគួបផ្សំនឹងដុង ទេពកោសល្យ ពីកំណើតផង ទើបធ្វើឱ្យជំនាញកាន់តែច្បាស់លាស់ និងរឹងមាំ។
លោក បញ្ជាក់បន្ថែមថា៖ “ពេលទៅធ្វើការនៅសៀមរាបនោះ អ្វីដែលនាំឱ្យខ្ញុំបែកបញ្ញាកាន់តែច្រើន គឺបានពីការសិក្សាឈ្វេងយល់ផ្ទាល់នៅតាមរូបចម្លាក់ជាក់ស្ដែងនៅប្រាសាទអង្គរ បាយ័ន ប្រាសាទបន្ទាយស្រី និងប្រាសាទជាច្រើនទៀតដែលខ្ញុំបានស្រាវជ្រាវជាមួយគ្រូចាស់ៗ”។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/190974604_3822816161178492_1419120560400891251_n-1.jpg)
លោក ចំរើន បានបង្ហាញអារម្មណ៍ត្រេកអរដោយឃើញកូនខ្មែរបច្ចុប្បន្នចាប់អារម្មណ៍ផ្នែកសិល្បៈច្រើន។ ជាមួយគ្នានេះលោកមានបំណងឱ្យកូនខ្មែរដែលមាននិស្ស័យផ្នែកសិល្បៈវប្បធម៌ បើចង់កែច្នៃ សូមកែច្នៃពីមូលដ្ឋានសិល្បៈដូនតាខ្មែរ កុំយកសិល្បៈបរទេសហើយមកថាជារបស់ខ្លួនកែច្នៃ ព្រោះកេរមរតកដូនតាខ្មែរទោះប្រើ ឬស្រាវជ្រាវអស់មួយជីវិតក៏មិនអស់ផង។
លោក សុខ ចំរើន មានកូនទាំងអស់៦នាក់ គឺកូនប្រុស២នាក់ និងកូនស្រី៤នាក់។ កូនរបស់លោកក៏មាននិស្ស័យផ្នែកសិល្បៈដូចលោកដែរ ប៉ុន្តែលោកចង់ឱ្យកូនរៀនឱ្យចប់ថ្នាក់ទី១២សិន ទើបបណ្ដុះកូនសិក្សាជំនាញតាមចំណូលចិត្តរបស់ពួកគេនៅសាកលវិទ្យាល័យ ដោយមិនបង្ខំកូនទេ៕
អត្ថបទ៖ ច័ន្ទ វីរៈ
ព័ត៌មានពាក់ព័ន្ធ៖ មិនធម្មតា ពេលដឹងទម្ងន់ និងចំនួនជាងកសាងមហាបដិមាស្ពាន់ទាំង៣នៃខេត្តព្រះសីហនុ
![](https://www.kampucheathmey.com/wp-content/uploads/2021/06/184329326_3778340695626039_385520406466506614_n.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/06/135775635_3421246111335501_5702036518576903398_n.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?