Connect with us

វប្បធម៌ ជំនឿ

បុរាណាចារ្យ បង្ហាញ ភស្តុតាងថ្មី ពីគម្រោងសាងអង្គរវត្តទី២ របស់វត្តភូម៉ានហ្វា

បានផុស

នៅ

ទំព័រហ្វេសប៊ុក បុរាណាចារ្យ ដែលតែងតែបង្ហោះចំណេះដឹងនានាទាក់ទងទៅនឹងវប្បធម៌ និងសិល្បៈខ្មែរនោះ នារាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញ ភស្តុតាងចំនួន១០ចំណុចស្តីពីគម្រោងសាងអង្គរវត្តទី២របស់វត្តភូម៉ានហ្វា នៅភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំព័រហ្វេសប៊ុក បុរាណាចារ្យ បានបង្ហាញទិន្នន័យដូចខាងក្រោម៖

១. ប្រាសាទអង្គរវត្តចម្លង និងប្រាសាទកំពូល៣ជាគម្រោង២ផ្សេងពីគ្នា​

សួស្តីប្រិយមិត្តទាំងអស់គ្នា ទាំងអស់គ្នាប្រាកដជាបានដឹងហើយនូវប្រកាសរបស់ក្រសួង ដែលមានខ្លឹមសារជាការបដិសេដរបស់ព្រះចៅអធិការវត្តភូម៉ានហ្វា ស្តីពីការចម្លងប្រាសាទអង្គរវត្ត នៅក្នុងគម្រោងសាងប្រាសាទថ្មរបស់វត្ត ដែលគេស្គាល់ឈ្មោះថា គម្រោងសីហនគរនោះ។ មិនតែប៉ុណ្ណោះមានអ្នកសារព័ត៌មានថៃ មន្ត្រីវប្បធម៌ថៃជាច្រើនបានតាមដានរឿងនេះនឹងបានចុះទៅកាន់ទីតាំងផ្ទាល់ ដើម្បីស្វែងរកពត៌មាន និងពិនិត្យមើល។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយបំផុតគឺ ពួកគេទាំងនោះបានចុះទៅទីតាំងប្រាសាទកំពូល៣ ដែលមិនមែនជាទីតាំងសាងប្រាសាទអង្គរវត្តចម្លងនោះឡើយ។ ជាហេតុធ្វើឱ្យយើងពុំទទួលបានយុត្តិធម៌ ឬ ការពិតពីគម្រោងការសាងសង់ប្រាសាទអង្គរវត្តចម្លងរបស់វត្តនេះឡើយ។ រីឯព្រះចៅអធិការវត្តក៏បានប្រកែក បដិសេធថា មិនបានមានគំនិតចម្លងអង្គរវត្តឡើយ ដោយយកប្រាសាទកំពូល៣នោះជាកិច្ចសំអាង។ ដោយឡែកងាកមកខាងកម្ពុជាវិញ មនុស្សមួយចំនួនក៏បានយកប្រាសាទកំពូល៣ នេះមកបង្ហាញហើយបកស្រាយថា មិនមានលក្ខណៈជាប្រាសាទអង្គរវត្តទេ ត្បិតយើងខិតខំបញ្ជាក់ហើយបញ្ជាក់ទៀតថា គម្រោងប្រាសាទអង្គរវត្តទី២ និងគម្រោងប្រាសាទកំពូលបីនោះ ជាគម្រោងផ្សេង។ ជាការពិតណាស់ ពួកគេបានយល់ច្រឡំពីគម្រោងនេះ ឯខាងវត្តវិញក៏បន្លំថែមទៀត ប្រាសាទកំពូល៣នេះគ្រាន់តែជាជំហានដំបូងនៃការកសាងប្រាសាទរបស់ពួកគេតែប៉ុណ្ណោះ ដោយឡែកគម្រោងកសាងប្រាសាទអង្គរវត្តទី២គឺ នៅខាងមុខឯណោះទេ ហើយគម្រោងកសាងអង្គរវត្តទី២នេះ បានដំណើរការរហូតដល់ពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី៥ ខែមេសាកន្លងទៅហើយ។ តែខាងវត្តហាក់បានបិទបាំងរឿងនេះ និងបានលុបរូបភាពទាំងអស់ស្តីពីពិធី បុកគ្រឹះបឋមកាលពីថ្ងៃនោះចោលទាំងហាក់មិនមានរឿងអ្វីកើតឡើង។

២. វីដេអូរៀបរាប់ពីទីទួលសម្រាប់កសាងប្រាសាទអង្គរវត្តចម្លង (មានវីដេអូនៅក្នុង comment) យើងបាននាំមកជូនអ្នកទាំងអស់គ្នានូវវីដេអូចំនួន៣ ដោយវីដេអូទី១ គឺជាកិច្ចសម្ភាសន៍រវាងព្រះចៅអធិការវត្តភូម៉ានហ្វា និងភ្នាក់ងារវិទ្យុក្រុមឃោសនាការខេត្តបុរីរម្យ ដោយក្នុងវីដេអូនោះ ស្ត្រីដែលជាអ្នកសម្ភាសន៍បានបង្ហាញពីគម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ នៅលើដីទួលដែលគេបានចាក់រៀបចំអស់រយៈជាយូរមកហើយ ដោយបានសាកសួរព្រះចៅអធិការពីការចាក់ដី ដែលមាន៣ស្រទាប់ដី ឯព្រះចៅអធិការលោកបានរៀបរាប់ពីបុព្វហេតុការដែលមានការសាងសង់ប្រាសាទនោះ គឺដោយ​សារលោកបានមកលេងប្រាសាទអង្គរវត្ត អង្គរធំ ក្នុងចិត្តលោកគិតថា ចង់តែនឹងលើកយកទៅស្រុកវិញ។ ដូចនេះហើយទើបបានជាមានការកសាងប្រាសាទចម្លងនៅទីនេះ។ ឯវីដេអូ២ទៀត ក៏បានលើកឡើងនិយាយច្បាស់ៗពី ការកសាងប្រាសាទអង្គរវត្តចម្លងនៅលើ ទីតាំងដីទីទួលដែលខាងវត្តបានរៀបចំចាក់ជាស្រទាប់ៗផងដែរ។

៣. ប្លង់ប្រាសាទចម្លងដែលបង្ហោះដោយវិស្វករគម្រោង យើងបានរក្សាទុកនូវ ប្លង់បាតជាច្រើនសន្លឹក ដែលជាប្លង់សម្រាប់​សាងសង់ប្រាសាទអង្គរវត្តទី២ ពីគណនីហ្វេសប៊ុកវិស្វករវាស់វែងនៅវត្តនោះផ្ទាល់ ទោះបច្ចុប្បន្នគាត់បានលុបរូបចេញពីហ្វេសប៊ុកគាត់ទៅហើយក្តី។ ក៏ប្លង់នេះនៅតែជាភស្តុតាងដ៏មានសារៈសំខាន់មួយ ព្រោះថាបើពិនិត្យឱ្យប្រាកដទៅ ប្លង់នេះគឺជាប្លង់ប្រាសាទចម្លងទី២នោះហើយ ព្រោះទំហំ និងរចនាសម្ព័ន្ធសំណង់ខុសពីប្រាសាទអង្គរវត្តរបស់យើងបន្តិច។ ក្នុងគណនីផ្ទាល់ខ្លួន វិស្វកររូបនោះបានបញ្ជាក់ថា ជាគម្រោងសាងប្រាសាទអង្គរវត្តចម្លងធំជាងគេលើលោក។ ប៉ុន្តែជាការសោកស្តាយមួយបន្ទាប់ពីហេតុការណ៍បានកើតឡើងគត់បានលុការបង្ហោះទាំងអស់ចេញពីបណ្តាញសង្គម ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងទាំងអស់។ ទាំងដែលគាត់ជាអ្នកទទួលតួនាទីវាស់វែង ក្នុងការដ្ឋានសាងសង់ប្រាសាទអង្គរវត្តចម្លងនេះទាំងមូល។

៤. ពិធីបុកគ្រឹះដំបូងសាងសង់ប្រាសាទសីហនគរ

យើងបានរកឃើញរូបភាព និងវីដេអូជាច្រើន ស្តីពីពិធីបុកគ្រឹះបឋម នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ជាការចាប់ផ្តើមដំបូងនៃការសាងសង់ដែលគេហៅថា សីហនគរ ឬ គម្រោងអង្គរវត្តចម្លងនោះ។ ពិធីនេះមានការចូលរួមពីបរិស័ទវត្តជាច្រើន ហើយវិស្វករផ្នែកវាស់វែងម្នាក់នោះក៏ធ្លាប់បានបង្ហោះដែរថា ការបុកគ្រឹះដំបូងនេះគឺ ជាការកសាងស្ពាននាគ និងគោបុរៈទី១នៃ ប្រាសាទអង្គរវត្តចម្លង (ក្រោយមកគាត់បានលុបការបង្ហោះចោល)។ ពិធីបុកគ្រឹះនេះត្រូវរៀបចំនៅផ្នែកខាងមុខទីទួលដី ដែលត្រូវបាននិយាយនៅវីដេអូនានាស្តីពីការកសាងប្រាសាទអង្គរវត្តចម្លងនោះ។ ទោះជាយ៉ាងណា ហ្វេសប៊ុកខាងវត្ត និងក្រុមការងារបានលុបចោលការបង្ហោះស្តីពីពិធីដ៏សំខាន់មួយនេះ។

៥. រូបម៉ូឌែលប្រាសាទអង្គរវត្តមានពិតដែរឬទេ?

បញ្ហារូបម៉ូឌែល ប្រាសាទអង្គរវត្ត ដែលយើងទទួលបានក្នុងបណ្តាញសង្គម (ថតដោយស្ត្រីដែលជាបរិស័ទ្ធខាងវត្ត) ធ្វើឱ្យមានការសង្ស័យថា តើរូបម៉ូឌែលនេះពិតជាម៉ូឌែលខាងវត្តមែន ឬទេ? ជាបឋមតាមការសង្កេតរបស់យើង យើងសន្និដ្ឋានថា រូបម៉ូឌែលប្រាសាទអង្គរវត្តនេះ ត្រូវបានដាក់តាំងក្នុងទូរកញ្ចក់ ក្នុងអាគារមួយរបស់វត្តដែលខាងមុខអាគារនោះមានព្យួរបដា រូបប្រាសាទអង្គរវត្តពីខាងមុខ អាគារនេះយើងក៏សង្កេតឃើញថា ត្រូវបានគេបង្ហាញជាញឹកញាប់ក្នុងវីដេអូនានា ស្តីពីវត្តនេះ ព្រោះមានទីតាំងខាងមុខទួលសាងប្រាសាទតែម្តង ដោយក្នុងរូបយើងសង្កេតឃើញមានស្រមោលបដា ប្រាសាទអង្គរវត្តនោះជះនៅពីក្រោយម៉ូឌែលប្រាសាទ។

៦. ការបង្ហោះហ្វេសប៊ុករបស់ក្រុមការងារស្តីពីការសង់ប្រាសាទ

យើងបានរកឃើញការបង្ហោះក្នុងបណ្តាញសង្គមរបស់នារីម្នាក់ដែលស្ថិតក្នុងចំណោមក្រុមការងារវាស់វែង ដែលនិយាយ​ពីការកសាងប្រាសាទកំពូល៣ តែមានទាក់ទិនដល់គម្រោងសាងប្រាសាទអង្គរវត្តដូចដែលមានអធិប្បាយក្នុងការបង្ហោះ​ថា “តំបន់ប្រាសាទថ្ម ការងារហាត់សម កសាងប្រើរយៈពេល៣ឆ្នាំជាងហើយ រយៈពេលកសាងក្រុមប្រាសាទនេះត្រូវចំណាយពេល៥ឆ្នាំ មុននឹងសាងរបស់ពិត គឺប្រាសាទអង្គរវត្ត សូមប្រញាប់មកអ្នកសីហនគរ នៅទាន់វេលា….”។

យើងក៏បានរកឃើញការឆ្លើយតប comment ទៅកាន់មិត្តក្នុងបណ្តាញសង្គមមួយរបស់នាងដោយបាននិយាយពីការកសាងប្រាសាទអង្គរវត្តចម្លង ដូចមានសេចក្តីដូចតទៅ

” A៖ ជិតរួចរាល់ហើយ

ស្ត្រីក្រុមការងារ៖ នៅទេចាស៎! នេះជាក្រុមប្រាសាទដំបូង (សំដៅលើប្រាសាទកំពូល៣) គ្រាន់តែជាការសាកល្បងដៃ របស់​ពិតនឹងចាប់ផ្តើមពីប្រាសាទអង្គរវត្តដែល បច្ចុប្បន្ននេះកំពុងកែកំពស់ (ដី) ត្រៀមធ្វើគ្រឹះប្រាសាទ តែកំពុងចាប់ផ្ដើមធ្វើស្ពាននាគ និងខ្លោងទ្វារ។ គម្រោងសាងសង់ប្រាសាទថ្មពេញទាំងអស់លើផ្ទៃដី២០០រ៉ៃ ត្រូវសាងទាំងអស់៣ជំនាន់ នេះទើបតែសាងបាន៣ឆ្នាំទេ បើមានឱកាសអាចមកលេងបាន”។ ដែលអាចរាប់ជាភស្តុតាងដែលនិយាយចេញពីមាត់របស់ក្រុមការផ្ទាល់។

៧. ការបង្ហោះរបស់បរិស័ទវត្តផ្ទាល់

យើងបានរកឃើញការបង្ហោះខ្លះៗរបស់បរិស័ទវត្ត ដែលបាននិយាយពីគម្រោងកសាងនៅក្នុងវត្តនេះ។ បុរសម្នាក់ដែលទំនងជាបានដឹកនាំក្រុមជាងឆ្លាក់មកឆ្លាក់ប្រាសាទនៅវត្ត បានបង្ហោះថា គ្រួសារលោកបានមកជួយវត្ត សាងវិហារ សាងប្រាសាទ ហើយគម្រោងបន្ទាប់ពីសាងប្រាសាទកំពូល៣រួច គឺប្រាសាទអង្គរវត្តស្រុកថៃ។ ឯស្ត្រីម្នាក់ដែលជាបរិស័ទវត្តក៏បានបង្ហោះ រៀបរាប់ផងដែរថា នាងមានសទ្ធានឹងស្នាដៃកសាងរបស់ចៅអធិការវត្ត ដែលលោកនឹងកសាងឱ្យមានប្រាសាទអង្គរវត្ត អង្គរធំ នៅខេត្តបុរីរម្យ។

៨. បុណ្យកឋិនវត្តភូម៉ានហ្វា

រូបភាពផ្ទាំងបដារូបប្រាសាទអង្គរវត្តដោយមានអក្សរថា សីហនគរនៅពីក្រោម និងពាក្យកឋិនសាមគ្គីនៅខាងលើ ដែលឃើញមានបង្ហោះព្រោងព្រាតនោះ គឺជារូបភាពក្នុងឱកាសនៃពិធីបុណ្យកឋិនទានដើម្បីរៃអង្គាសបច្ច័យមកកសាងគម្រោង​ដែលគេហៅថា សីហនគរ នោះ ដោយគម្រោងសីហនគរ គឺសំដៅលើប្រាសាទអង្គរវត្តចម្លងនេះឯង។

៩. ការស្វែងរកភស្តុតាង

ដោយខាងវត្តបានលុបចោលពត៌មានទាំងអស់ពីរឿងនេះធ្វើឱ្យការស្វែងរកភស្តុតាងប្រៀបបាននឹងការរាវម្ជុលក្នុងបាតសមុទ្រអ៊ីចឹងដែរ។ ក្រុមការងារផ្សេងៗរបស់ថៃដែលចុះមកពិនិត្យ ក៏បានត្រឹមតែពិនិត្យគម្រោងប្រាសាទកំពូលបី ដោយពុំបានមកពិនិត្យខាងគម្រោងសីហនគរនោះ ដោយសេចក្តីយល់ច្រឡំពីគម្រោងធ្វើឱ្យពួកគេ ប្រកាសជាឱឡារិកថា ខាងវត្តមិនបានចម្លងប្រាសាទអង្គរវត្តទេ ព្រោះសំណង់មានលក្ខណៈមិនដូចគ្នា (ឱ្យទៅដូចគ្នាយ៉ាងម៉េច បើចុះទៅត្រួតពិនិត្យខុសកន្លែង)។ យើងបានត្រឹមតែសង្ឃឹមថា ខាងក្រសួងនាថ្ងៃអនាគតនឹងស្វះស្វែងរកភស្តុតាងបន្ថែមពីវត្តឱ្យបានជាក់លាក់ និងត្រឹមត្រូវ។ ជាពិសេសប្លង់គម្រោងសីហនគរ ដូចដែលយើងបានរៀបរាប់ពីខាងដើមនោះ។

១០. ក្រោយហេតុការណ៍ដូចនេះ តើខាងវត្តនឹងបញ្ចប់គម្រោងរបស់ខ្លួនដែរ ឬទេ

ចំពោះរឿងនេះយើងពិបាកនឹងស្វះស្វែងរកព័ត៌មានណាស់ ពីព្រោះចាប់ពីពេលនេះតទៅ អ្វីដែលខាងវត្តកសាង នឹងមិនត្រូវបានបង្ហោះក្នុងបណ្តាញសង្គមទៀតឡើយក៏ថាបាន មានតែការរង់ចាំពិនិត្យមើលទៅថ្ងៃអនាគត ទៀតតើខាងគេមា សកម្មភាពអ្វីបន្តទៀតតែប៉ុណ្ណោះ។

យើងសូមអភ័យទោសដោយការមកយឺតពេលទៅហើយ តែដោយយើងត្រូវជួបនូវឧបសគ្គជាច្រើនទើបមិនអាចមកទាន់ពេលវេលា។ យើងសូមសំណូមពរម្តងទៀត សូមអោយក្រសួងតាមដានរឿងនេះឱ្យបានដិតដល់ រហូតរកការពិតឃើញ។

គួរបញ្ជាក់ថា បន្ទាប់ពីមានប្រតិកម្មពីមហាជនទាក់ទងទៅនឹងប្រទេសថៃ គ្រោងសាងសង់ប្រាសាទអង្គរវត្តនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ ដែលស្រដៀងប្រាសាទអង្គរវត្ត។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុងប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម។

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលបានព័ត៌មានជាបឋមមួយចំនួន ដូចខាងក្រោម៖

១៖ សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៉ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។

២៖ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។

៣៖ តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជា ចុះពិនិត្យដោយផ្ទាល់បាន ក្នុងករណីមានការមន្ទិលសង្ស័យ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិ ដែលតែងយកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិប្រកបដោយសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់។ ក្រសួងនឹងធ្វើការហើយតាមដានការងារនេះជាបន្តដោយយកចិត្តទុកដាក់។

គួររំលឹកថា កាលពីឆ្នាំ២០១២ នៅប្រទេសឥណ្ឌា ក៏ធ្លាប់មានការលួចសាងសង់ប្រាសាទ ដែលស្រដៀងនឹងប្រាសាទអង្គរវត្តផងដែរ ដោយគេដាក់ឈ្មោះថា Virat Angkor Wat Ram Mandir ។ ប៉ុន្តែដោយសារមានការតវ៉ាយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ទើបឥណ្ឌាសម្រេចផ្អាកការសាងសង់ប្រាសាទនោះវិញ។

ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងក្រោមស្នាព្រះហស្តព្រះបាទសូរ្យវរ្ម័នទី២ (King Suryavarman II) នៅដើមសតវត្សទី១២ ហើយត្រូវបានអង្គការយូណេស្កូ ដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះ បានជាប់ឈ្មោះជាមហាប្រាសាទព្រហ្មញ្ញសាសនាធំជាងគេ ខណៈរមណីយដ្ឋានអង្គរទាំងមូល ក៏បានជាប់ឈ្មោះជាទេវស្ថានដ៏ធំបំផុតមួយក្នុងលោកផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម