វប្បធម៌ ជំនឿ
ខណៈ កម្ពុជា កំពុងប្រារព្ធបុណ្យភ្ជុំបិណ្ឌ ប្រទេសអាស៊ីណាខ្លះមានពិធីនេះស្រដៀងខ្មែរដែរ
ប្រជាជនកម្ពុជាកំពុងប្រារព្ធពិធីបុណ្យភ្ជុំបុណ្យជាបណ្ដើរៗ ជាក់ស្ដែងនេះ ខណៈប្រជាជនខ្មែរកាន់ព្រះពុទ្ធសាសនា បានចាប់ផ្ដើមកាន់បិណ្ឌ ក៏មានបណ្ដាប្រទេសអាស៊ីមួយចំនួនទៀត មានវប្បធម៌ស្រដៀងជាមួយយើងដែរ។
ខាងក្រោមនេះ គឺជាប្រទេសអាស៊ីជិតខាងយើងខ្លះៗ មានទំនៀមទម្លាប់ធ្វើចង្ហាន់និងបាយសម្លសែនដល់ខ្មោចអនាថា ឬញាតិសន្ដានដែលបានចែកឋានទៅកាន់បរលោក។
១ នៅវៀតណាម ពិធីនេះគេហៅ Tết Trung Nguyên ឬបុណ្យខ្មោច ដែលប្រារព្ធធ្វើឡើងនៅខែតាមចន្ទគតិ (ខែកក្កដា ឬសីហា) ជាពិសេសត្រូវបានគេចាត់ទុកថា ជាពេលវេលាសម្រាប់ការលើកលែងទោសដល់ព្រលឹងដែលមានទោស ហើយបានដោះលែងពីនរក។ ចំណែកជនអនាថា នឹងទទួលបានអាហារពីអ្នកមានទឹកចិត្តសប្បុរសក្នុងថ្ងៃនោះដែរ។ អំឡុងពិធីនេះកើតឡើង ជនជាតិវៀតណាមក៏បានធ្វើបុណ្យដោយការដោះលែងសត្វស្លាប និងត្រី រួមទាំងការធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃផងដែរ។

២ បុណ្យ Boun Ho Khao Padabdine នៅប្រទេសឡាវ គេធ្វើឡើងនៅខែ កញ្ញា រៀងរាល់ឆ្នាំ រយៈពេលពីរសប្ដាហ៍។ ក្នុងអំឡុងពេលនេះ គេជឿថា ខ្មោចដែលស្រេកឃ្លានត្រូវបានដោះលែងពីនរក ហើយចូលក្នុងពិភពរបស់មនុស្សដើម្បីតាមរកសាច់ញាតិ។

យោងតាមសិក្ខាបទរបស់ព្រះពុទ្ធ ការចូលវស្សារបស់ពុទ្ធសាសនិកគឺជាពេលល្អដើម្បីចៀសវាងអំពើអាក្រក់។ ពុទ្ធសាសនិកគួរអនុវត្តព្រះធម៌៖ ការគោរពតាមបញ្ញត្តិ ៥ ប្រការរបស់ព្រះពុទ្ធ ការធ្វើសមាធិនិងការធ្វើទាន។
បុណ្យ Boun Ho Khao Padabdine មានន័យថា ខ្ចប់អាហារ ហើយដាក់នៅលើដីទុកចោលឲ្យខ្មោច ឬពូនបាយបិណ្ឌជារាងមូលដូចកម្ពុជាយើងដែរ ដើម្បីសែនសម្រាប់ខ្មោចដែលស្រេកឃ្លាន។
៣ បុណ្យ mataka dānēs ឬ matakadānaya នៅស្រីលង្កា ធ្វើឡើងក្រោយ ៧ថ្ងៃ បីខែនិងខួបមួយឆ្នាំ បន្ទាប់ពីថ្ងៃស្លាប់របស់មនុស្សម្នាក់ ហើយគេនឹងធ្វើម្ហូបអាហារសែនចំពោះខ្មោចដែលស្រេកឃ្លានទាំងនោះ។ វាគឺជាពិធីមួយដែលត្រូវបានធ្វើឡើងបន្ទាប់ពីការស្លាប់ ជាផ្នែកមួយនៃពិធីបូជាសពតាមបែបព្រះពុទ្ធសាសនារបស់ស្រីលង្កា។ ជាទូទៅជនជាតិមួយនេះ នឹងធ្វើអាហារ នៅថ្ងៃទីប្រាំពីរ ដោយទុកនៅក្នុងសួនច្បារចោល ដើម្បីបានដល់ដល់វិញ្ញាណក្ខន្ធសាច់ញាតិដែលបានស្លាប់ឬខ្មោចអនាថាផ្សេងទៀត។

អ្នកស្លាប់ដែលមិនអាចទៅដល់ឋានសួគ៌ នឹងក្លាយជាខ្មោចស្រែកឃ្លាន ហើយត្រូវបានមនុស្សនៅជុំវិញភ័យខ្លាច ព្រោះគេជឿថា អាចបង្កឲ្យមានជំងឺនិងគ្រោះមហន្តរាយផ្សេងៗដល់អ្នករស់នៅ។ ព្រះសង្ឃនឹងនិមន្តទៅសូត្រធម៌ ដើម្បីបញ្ជៀសវិញ្ញាណកុំឲ្យមករញ៉េរញ៉ក្នុងពិភពមនុស្ស។ ពិធីនេះត្រូវបានអនុវត្តនៅប្រទេសថៃ និង មីយ៉ាន់ម៉ា ហើយត្រូវបានអនុវត្តផងដែរនៅក្នុងពិធីបុណ្យខ្មោច ដែលត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសអាស៊ីដទៃទៀត។
៤ នៅប្រទេសថៃ ពិធីបុណ្យនេះមានរយៈពេល ១៥ ថ្ងៃ ដែលគេស្គាល់ថាជាបុណ្យ Sat Thai ប្រារព្ធធ្វើនៅចន្លោះខែកញ្ញានិងតុលា ជាពិសេសនៅភាគខាងត្បូងនៃខេត្ត Nakhon Si Thammarat ។ ដូចជាពិធីបុណ្យប្រពៃណីនិងទំនៀមទម្លាប់ដែលពាក់ព័ន្ធនៅក្នុងតំបន់ផ្សេងទៀតនៃអាស៊ី អ្នកស្លាប់ត្រូវបានគេជឿថានឹងត្រលប់មកពិភពមនុស្សវិញរយៈពេល១៥ថ្ងៃ ហើយញាតិសន្ដានរបស់ពួកនឹងធ្វើអាហារយកទៅប្រគេនព្រះសង្ឃដូចនៅកម្ពុជាយើងដែរ។

៥ បុណ្យ Obon ធ្វើឡើងក្នុងប្រទេសជប៉ុន នៅរៀងរាល់ថ្ងៃទី ១៥ នៃខែចន្ទគតិទី ៧ (ខែកក្កដា ឬសីហា) ។ ពិធីបុណ្យនេះធ្វើឡើង ដើម្បីរំលឹកគុណដល់ព្រលឹងដូនតាដែលបានស្លាប់ទៅ។ នៅពេលប្រារព្ធពិធីបុណ្យម្ដងៗ ប្រជាជនជប៉ុនជាច្រើនបានត្រលប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំគ្រួសារ និងមិត្តភ័ក្ដិខ្លួន។ ក្នុងពិធីនេះផងដែរ មានការរាំបែបប្រពៃណីជប៉ុន ដែលត្រូវបានគេស្គាល់ថាជា Bon-Odori ដើម្បីស្វាគមន៍ព្រលឹង និងបណ្ដែតគោមដើម្បីរំលឹកគុណដល់ព្រលឹងទាំងនោះ។

៦ បុណ្យ Chuseok ធ្វើឡើងក្នុងប្រទេសកូរ៉េទាំងពីរ នៅខែទី៨ នៃប្រតិទិនចន្ទគតិ(ខែកញ្ញា ឬតុលា)។ ដូចបណ្ដាបុណ្យខាងលើដែរ ពិធីបុណ្យនេះធ្វើឡើងដើម្បីគោរពព្រលឹងដូនតាដែលបានទទួលអនិច្ចកម្មទៅ។ ក្នុងពិធីនេះដែរ ប្រជាជនកូរ៉េ បានជួបជុំគ្នារបស់ខ្លួនដើម្បីហូបអាហារជុំគ្នា សម្អាតផ្នូរដូនតារបស់ខ្លួន និងធ្វើការរាំរបាំបុរាណ ព្រមទាំងលេងល្បែងប្រជាប្រិយរបស់ខ្លួនផងដែរ។

៧ បុណ្យសែនក្បាលទឹក ធ្វើឡើងក្នុងប្រទេសចិន និងបណ្ដាប្រទេស ឬទីក្រុងនានា ដែលមានជនជាតិនេះរស់នៅច្រើន នារៀងរាល់ថ្ងៃទី១៥ នៃខែទី ៧ នៃប្រតិទិនចន្ទគតិ (ខែកក្កដា ឬសីហា)។ ក្នុងពិធីនេះ គេឃើញមានការអុជគោម ដុតក្រដាសប្រាក់ក្លែងក្លាយនិងរបស់របរប្រើប្រាស់ផ្សេងៗ ក៏ដូចជា ការសែនម្ហូបចំណី ដើម្បីរំលឹកគុណដល់ដូនតាដែលបានចែកឋានទៅ ហើយការមានសែនអាហារបន្តិចបន្តួចនៅក្រៅផ្ទះដល់ព្រលឹងអនាថាអត់ឃ្លានមួយចំនួនដើម្បីធ្វើឲ្យព្រលឹងនេះសប្បាយចិត្ត៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមជំនឿដូនតាខ្មែរ ការពូនភ្នំខ្សាច់ ពិតជាអាចផ្ដាច់កម្មពៀរចាស់ៗពីអតីតជាតិបានពិតមែន
ចុចអាន៖អត្ថន័យ ៣ សំខាន់បំផុត ទាក់ទងនឹងការពូនភ្នំខ្សាច់ក្នុងរដូវដាក់បិណ្ឌ
ចុចអាន៖ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?