វប្បធម៌ ជំនឿ
វិច្ឆិកា ជាខែដែលមរតកវប្បធម៌ខ្មែរ បានបញ្ចូលក្នុងបញ្ជី យូណេស្កូ ច្រើនជាងគេ
កម្ពុជាគឺជាប្រទេសដែលចំណាស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានខឿនវប្បធម៌ អរិយធម៌តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្ដែង សម្បត្តិមរតកវប្បធម៌អរូបីកម្ពុជា ជាង១០ ត្រូវបានទទួលស្គាល់ជាសាកល និងត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការ អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ហៅកាត់ យូណេស្កូ (UNESCO: United Nations Educational Scientific and Cultural Organization)។

ក្នុងនោះយើងកត់សម្គាល់ឃើញថា វិច្ឆិកា ជាខែដែល យូណេស្កូ បានចុះសម្បត្តិមរតកវប្បធម៌អរូបិកម្ពុជា ចូលបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ច្រើនជាងគេ ដែលមានរហូតទៅដល់៤ ដូចជា៖
១. របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្កការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។

របាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរ ជាសិល្បៈសក្ការៈដ៏ចំណាស់មួយ ដែលមានរៀបរាប់ទាំងក្នុងសិលាចារឹកនិងតាមចម្លាក់ប្រាសាទ។ របាំនេះសម្រាប់សម្តែងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ព្រះនគរ និងក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រនិងប្រមុខរដ្ឋ។ របាំព្រះរាជទ្រព្យបានផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយគង់វង្សរហូតដល់សព្វថ្ងៃ ដោយសារការខិតខំប្រឹងប្រែងរបស់ព្រះមហាវីរក្សត្រ និង ព្រឹទ្ធាចារ្យសិល្បៈខ្មែរ ហើយវីរក្សត្រីយ៍ដែលមានស្នាព្រះហស្ថនិងគុណបំណាច់ដ៏ធំធេងមិនអាចបំភ្លេចបានគឺ ព្រឹទ្ធាចារ្យសិល្បៈនិងជាមរតកមនុស្សរស់ សម្តេចព្រះរាជបុត្រី ព្រះរាជ ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី កាលលោកនៅមានព្រះជន្ម ដែលបានខិខំលះបង់អស់ព្រះកម្លាំងកាយពល ក្នុងការជួយអភិរក្ស និងលើកស្ទួយរបាំព្រះរាជទ្រព្យឲ្យពណ្ណរាយ និងមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងលើឆាកជាតិនិងអន្តរជាតិ។
២. ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។

ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់ល្ខោនមួយ ដែលស្ថិតក្នុងចំណោមល្ខោនដ៏ចំណាស់ និងសក្ការៈនៅក្នុងប្រទេស ហើយជាទម្រង់នៃល្ខោន ស្បែករបស់ខ្មែរ ដែលមានបីប្រភេទគឺល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលស្បែកតូច និងស្បែកពណ៌។ ល្ខោនស្រមោលស្បែកធំគឺសម្តែងបានតែរឿងរាមកេរ្ត៍ ដែលជាទេពកថាបុរាណ ដែលមានលក្ខណៈសក្ការៈ ហើយតាមទំនៀមរៀងមក គេសម្តែងល្ខោនស្រមោលស្បែកធំ តែក្នុងពិធីធំដុំ ដែលមានលក្ខណៈជាជំនឿ ជាកិច្ចឧទ្ទិសបួងសួង ឬបន់ស្រន់ជាដើម…។
៣. ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ អង្គការយូណេស្កូ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចាប៉ីដងវែង ជាសិល្បៈប្រពៃណីបែបប្រជាប្រិយមួយនៅក្នុងសង្គមខ្មែរ។ ចាប៉ីបានជ្រាបចូលយ៉ាងជ្រៅក្នុងជីវិតរស់នៅ ប្រពៃណី និងជំនឿរបស់ ប្រជាជនខ្មែរ តាមរយៈនៃការសង្កេតឃើញគេលេងក្នុងពិធីប្រពៃណីសំខាន់ៗដូចជា កិច្ចជាវខាន់ស្លាក្នុងពិធីមង្គល ពិធីកោរជុក ពិធីបំបួស និងបុណ្យកឋិនជាដើម។ ចាប៉ីអាចលេងម្នាក់ឯង ឬលេងជាក្រុមនៅក្នុងវង់ភ្លេងអារក្ស និងភ្លេងការបុរាណផងដែរ។ ម្យ៉ាងទៀតជួនកាលអ្នកលេង ចាប៉ីក៏ត្រូវច្រៀងឆ្លងឆ្លើយជាមួយដៃគូ ដោយការចោទឆ្លើយគ្នាទៅវិញទៅមក ជាអាថ៌មានប្រស្នាផ្សេងៗ ជាកាព្យឃ្លោងដោយឥតព្រាងទុក។ ម្ល៉ោះហើយអ្នកច្រៀងចាប៉ីច្រើនជាមនុស្សដែលធ្លាប់បួសរៀន ឬជាអ្នកយល់ដឹងច្រើនពីអក្សរសាស្រ្ត ពូកែចាប់ចុងចួន ចេះកំប្លុកកំប្លែង និងមាន បញ្ញាឈ្លាសវៃ ត្បិតត្រូវចេះចាំរឿងច្រើន ហើយត្រូវបង្កើតទំនុកច្រៀងភ្លាមៗស្របតាមបរិយាកាសនៃពិធី។
៤. ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨។

ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែង ហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុង ឈុតឆាករឿង រាមកេរ្តី៍តែប៉ុណ្ណោះ។ល្ខោននេះធ្វើកាយវិការតាមសំឡេងពោលហើយកំដរដោយភ្លេងពិណពាទ្យ។ ផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណ អ្នកស្រាវជ្រាវយល់ថាល្ខោនខោលមានដើមកំណើតពីល្ខោន ភាណី ជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយ ឃើញមានយ៉ាងហោចណាស់ក៏ចាប់ពី សម័យអង្គរ ស.វ ៩-១៤ មកដែរ។ សព្វថ្ងៃនេះ យើងសង្កេតឃើញថាការសម្តែងល្ខោនខោលគឺមានពីរបែប ម្យ៉ាងគឺដើម្បីកំសាន្ត ឬជាប់នឹងកិច្ចសាសនាបន្តិចបន្តួច និងល្ខោនដែលនៅជាប់នឹងជំនឿក្នុងសហគមន៍។
ក្រុមល្ខោនខោលប្រភេទទី១មានដូចជាក្រុមល្ខោនលោកតា ជា ហ៊ា ខេត្តបាត់ដំបងដែលជាក្រុមជួលសម្តែងកម្សាន្តក្នុងពិធីបុណ្យទាននានា។ ចំណែកនៅរាជធានីភ្នំពេញ មានក្រុមល្ខោននៃនាយកដ្ឋានសិល្បៈទស្សនីយភាពនិងសាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមល្ខោនខោលយុវជនល្ខោនខោលកម្ពុជា ហើយនៅខេត្តកំពង់ធំមានក្រុមល្ខោនខោលមន្ទីរវប្បធម៌ខេត្ត ដែលច្រើនតែតម្លើងល្ខោននេះ សម្រាប់សម្តែងលេងកម្សាន្តក្នុងឱកាសពិសេសនានាក្នុងកម្រិតជាតិ។

ចំណែកល្ខោនប្រភេទទី២នោះ គឺជាប់ជាពិសេសនឹងសហគមន៍វត្តស្វាយអណ្តែត ហើយល្ខោនវត្តនេះពុំមែនគ្រាន់តែសម្តែងសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ គេក៏សម្តែងនៅក្នុងបរិបទជំនឿដែលគេជឿថា ពេលសម្តែងល្ខោននេះ នឹងទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន បញ្ចៀសឧបទ្រពចង្រៃហើយពិសេសនោះគឺទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និង ភោគផលល្អបរិបូរណ៍សម្រាប់រដូវដាំដុះខាងមុខ។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរសម្បត្តិមរតកវប្បធម៌អរូបីកម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធ ព្រឹត្តិការណ៍ រាត្រីចងចាំ ដែលលើកទី១ បានធ្វើឡើងនៅ លើទឹកដីអង្គរឆ្នាំ២០១៩ ដែលមានមនុស្សចូលរួមប្រមាណជាងពីរម៉ឺននាក់។ ចំណែកនៅឆ្នាំ ២០២១នេះ កម្ពុជា នឹង រៀបចំព្រឹត្តិការណ៍ រាត្រីចងចាំលើកទី២ នៅចុងខែវិច្ឆិកា ផ្សាយតាមបណ្ដាញសង្គម ក្នុងបរិបទប្រក្រតីភាពថ្មី នៃការបង្ការខ្លួនពីជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ