វប្បធម៌ ជំនឿ
ការសម្ដែងសិល្បៈបុរាណប្រចាំសប្ដាហ៍ ត្រៀមដំណើរការឡើងវិញ នៅខែក្រោយ
បន្ទាប់ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថា តាមបណ្ដារោងភាពយន្តបានចាប់ផ្ដើមបើកដំណើរវិញភ្លាមៗ ស្របពេលដែលមានភាពយន្តជាច្រើនកំពុងកកស្ទះរង់ចាំចាក់បញ្ចាំងជាបន្តបន្ទាប់នោះ។ ជាមួយគ្នានេះ សមាគមសម្ដែងសិល្បៈបុរាណដែលបានអាក់ខានជិត២ឆ្នាំមកនេះ ក៏ត្រៀមនឹងចាប់ផ្ដើមដំណើរការសម្ដែងប្រចាំសប្ដាហ៍របស់ខ្លួនឡើងវិញផងដែរ។

លោក ឃីម មាឃ ប្រធានសមាគម សុវណ្ណភូមិ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា សមាគមរបស់លោកនឹងមានការសម្ដែងសិល្បៈបុរាណចម្រុះឡើងវិញនៅចុងឆ្នាំ ២០២១នេះ ព្រោះសិស្សសិល្បៈ កំពុងជាប់ត្រៀមប្រឡងបញ្ចប់ឆ្នាំសិក្សារបស់ពួកគេនៅឡើយ។
លោក ឃីម មាឃ មានប្រសាសន៍បញ្ជាក់ថា៖ “យើងបានរៀបចំប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេង ឆាកសម្ដែងរួចរាល់អស់ហើយ យើងនៅរង់ចាំតែរៀបចំកម្មវិធីពេវេលាសម្ដែង និងការផ្សព្វផ្សាយ។ ប្រហែលជានៅចុងឆ្នាំនេះ គឺនៅពាក់កណ្ដាលខែ ១២ [ខែធ្នូ] នឹងរៀបចំសម្ដែងសាកល្បង ដោយជាដំបូងគឺជាការសម្ដែងជាលក្ខណៈអញ្ជើញចូលទស្សនា ដោយមិនលក់សំបុត្រ ដើម្បី [ការសម្ដែងសិល្បៈបុរាណ] មានសកម្មភាពឡើងវិញ”។

ប្រធានសមាគម សុវណ្ណភូមិ រូបនេះ លើកឡើងថា នៅពេលរដ្ឋបើកឡើងវិញបែបនេះ លោក ក៏ដូចជាសិល្បករទាំងអស់ មានទឹកចិត្តសប្បាយរីករាយ និងសង្ឃឹមថា សិល្បករនឹងមកជុំគ្នា ដើម្បីកសាងក្រុមការងារឡើងវិញ បន្ទាប់ពីខកខានសម្ដែងយូរហើយ ប្រហែលជាង២ឆ្នាំមកនេះ។
លោក ឃីម មាឃ មានប្រសាសន៍អំពីការបង្ការសុវត្ថិភាពសុខភាពពីជំងឺកូវីដ-១៩ ថា៖ “ចំពោះការសម្ដែង យើងនៅតែគោរពវិធានការសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដោយសិល្បករ និងទស្សនិកជន ត្រូវអនុវត្ត ៣កុំ៣ការពារ មានបណ្ណចាក់វ៉ាក់សាំង ហើយត្រូវកំណត់ចំនួនអ្នកចូលរួម”។
ប្រធានសមាគម សុវណ្ណភូមិ ដដែលនេះ បានរំលឹកថា មួយរយៈកន្លងមកមិនមានការសម្ដែងជូនសាធារណជនចូលទស្សនាក្ដី ប៉ុន្តែការមានការសម្ដែងដោយថតទុកសម្រាប់អបអរពិធីបុណ្យជាតិធំៗ ជាក់ស្ដែងកាលពីខែតុលា កន្លងទៅថ្មីៗនេះ ក្រុមសិល្បៈ សុវណ្ណភូមិ ទើបបានថតការសម្ដែងល្ខោនស្បែកតូច រយៈពេល ១៥នាទី ក្រោមប្រធានបទ “ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩” ដើម្បីរៀបចំថតជាវីដេអូ សម្រាប់ការចាក់ផ្សាយក្នុងមហោស្រព International Rain Festival តាមបណ្ដាញ YouTube ក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងប្រទេសជប៉ុន ថៃ និងឥណ្ឌូនេស៊ី។

ប្រធានសមាគម សុវណ្ណភូមិ ខាងលើ មានក្ដីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរនឹងគាំទ្រសិល្បៈបុរាណជាតិជាបន្តទៀតនៅពេលបើកសម្ដែងឡើងវិញ ជាមួយគ្នានេះ លោកសំណូមពរ នៅពេលមានការសម្ដែងសិល្បៈបុរាណ សូមមហាជនអញ្ជើញចូលមកទស្សនា ក៏ដូចជាលើកទឹកចិត្តដល់សិល្បករ។
លោក ឃីម មាឃ មានប្រសាសន៍ថា៖ “សមាគមគ្រោងនឹងបើកការសម្ដែងប្រចាំសប្ដាហ៍ឡើងវិញនេះ ដោយការសម្ដែងនឹងមានការផ្លាស់ប្ដូរទស្សនីយភាពផ្សេងៗ មានដូចជា ល្ខោនស្បែងតូច ស្បែកធំ យីកេ ល្ខោនបាសាក់ របាំ ជាដើម។

ជាមួយគ្នានេះ លោក ឃីម មាឃ មានក្ដីរំពឹងថា បន្ទាប់ពី កម្ពុជាបើកប្រទេសឡើងវិញ ក៏ដូចជាទទួលទេសចរវ៉ាក់សាំង នោះនឹងមានភ្ញៀវទេសចរបរទេសថែមទៀតចូលមកទស្សនាការសម្ដែងសិល្បៈបុរាណជាតិកាន់តែច្រើន។
គួរបញ្ជាក់ថា នៅទីតាំងសមាគមន ដែលនៅក្នុងបរិវេណ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលស្ថិតនៅ វិថីបណ្ឌិតម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររំលឹកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ ការបើកដំណើរការឡើងវិញនូវការទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសិល្បៈនេះ ត្រូវធ្វើឡើងដោយប្រតិបត្តិនិងអនុវត្តយ៉ាងតឹងរ៉ឹងនូវគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) និងវិធានសុខាភិបាល ក្នុងនោះ អ្នកចូលទស្សនាចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ត្រូវតែបង្ហាញកាតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្កេនកូដ QR។

បន្ថែមពីនោះ ក្រសួងបានណែនាំឱ្យពាក់ម៉ាសការពារជានិច្ច វាស់កម្ដៅចំពោះទស្សនិកជនគ្រប់រូប ដែលចេញចូលក្នុងបរិវេណរោងភាពយន្តឬរោងសម្ដែងសិល្បៈ ខណៈការទិញសំបុត្រ ក្រសួងលើកទឹកចិត្តឱ្យទស្សនិកជនទិញតាមប្រព័ន្ធអនឡាញ (online) ឬតាមអែប (App) របស់រោងភាពយន្ត ឬរោងសម្ដែង ដើម្បីកាត់បន្ថយការលក់សំបុត្រដោយផ្ទាល់។ ចំពោះការទិញអាហារសម្រន់ ត្រូវរក្សាអនាម័យឱ្យបានខ្ពស់ រោងភាពយន្តឬរោងសម្ដែង ត្រូវរកវិធានការបង់ប្រាក់ដែលចៀសវាងការបង់ប្រាក់ដោយផ្ទាល់តាមដែលអាចធ្វើទៅបាន។

លើសពីនេះ ក្រសួងបានតម្រូវឱ្យទស្សនិកជនចូលបានតែ ៥០ ភាគរយនៃចំនួនកៅអីសរុបតែប៉ុណ្ណោះ នៅក្នុងរោងបញ្ចាំង ឬរោងសម្ដែងសិល្បៈនីមួយៗ និងត្រូវរក្សាគម្លាតរវាងទស្សនិកជនពីម្នាក់ទៅម្នាក់ទៀតយ៉ាងតិចចន្លោះមួយម៉ែត្រកន្លះ។ ជាមួយគ្នានោះ ទ្វារនៃរោងបញ្ចាំង រោងសម្ដែងសិល្បៈ ត្រូវទុកឱ្យចំហ មុននឹងចាប់បញ្ចាំងភាពយន្តឬសម្តែងសិល្បៈម្តងៗ និងត្រូវរក្សាសីតុណ្ហភាពក្នុងរោងបញ្ចាំងឬរោងសម្ដែងសិល្បៈ ជាមធ្យមចន្លោះពី២៤ទៅ៣០អង្សា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ