វប្បធម៌ ជំនឿ
លក្ខណៈពិសេស របស់ ចាប៉ីដងវែង ដែលអ្នកមិនធ្លាប់ដឹង
ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ជាខួបឆ្នាំទី ៥ ដែល ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ តទៅនេះ កម្ពុជាថ្មី សូមបង្ហាញលក្ខណៈពិសេស នៃ ចាប៉ីដងវែង ដែលលោកអ្នកមិនធ្លាប់ដឹង។

ចាប៉ីដងវែងមានមុខងារសំខាន់ ៤យ៉ាងគឺ៖
– សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ។
– សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ។
– សំខាន់សម្រាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត។
– សំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ។

ចាប៉ីដងវែងមានលក្ខណៈពិសេសក្នុងការប្រើសំនៀង ត្រួតជាងសំនៀងរាយ។ នៅពេលប្រគំបទណាក៏ដូចជាបទណាដែរ គេតែងតែត្រេះខ្សែទាំង២ស្មើគ្នា ប៉ុន្ដែលំនាំសាច់បទ គឺស្ថិតនៅលើខ្សែឯកដោយគេប្រើម្រាមដៃចុចចុះចុចឡើងទៅតាមលំនាំ នៅលើខ្សែនេះ រីឯខ្សែគ គេត្រេះបង្ហើរចោលសម្រាប់ជួយបន្ទរសាច់បទប៉ុណ្ណោះ។ ប្រសិនបើគេចង់បានចាប៉ីដងវែងឱ្យមានសំនៀងល្អ ឮខ្លាំង គេត្រូវធ្វើវាតាមពាក្យស្លោកចាស់បុរាណថា “ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង”។
សាច់ភ្លេងធំៗទាំង ៤ សម្រាប់លេងកំដរពេលច្រៀងទោល និងឆ្លើយឆ្លងរួមមាន៖
១. បទផាត់ជាយ៖ ប្រើសម្រាប់នមស្សកា (គុណព្រះរតនត្រ័យ) រំលឹកគុណគ្រូ មាតា បិតា)។
២. បទសំពោង៖ ប្រើសម្រាប់បង្ហាញអារម្មណ៍កំសត់ និរាសព្រាត់ប្រាស។
៣. បទផាត់ជាយក្លាយ៖ ប្រើសម្រាប់រៀបរាប់ដំណើររឿងវែងអន្លាយ។
៤. បទនគររាជ៖ ប្រើសម្រាប់ជូនពរជ័យ។

គួរបញ្ជាក់ថា ចាប៉ីជាឧបករណ៍តន្ត្រីដែលទទួលឥទ្ធិពលពីពុទ្ធសាសនា និងប្រើប្រាស់ក្នុងជីវភាពខ្មែរដូចជា សម្រាប់ការសម្ដែងចាប៉ីក្នុងន័យអប់រំ និងសម្ដែងក្នុងភ្លេងការ អារក្ស និងមហោរី ដែលខុសពីពិណជាឧបករណ៍តន្ត្រីសម្រាប់លទ្ធិទេវនិយម ប្រើប្រគំក្នុងវង់ភ្លេងពិណពាទ្យថ្វាយអាទិទេព។ ឯកសារស្រាវជ្រាវដោយ អង្គការសិល្បៈខ្មែរអមតៈ បង្ហាញថា វត្តមានចាប៉ីក្នុងវប្បធម៌ខ្មែរ កើតមានឡើងមុនឆ្នាំ ១៤៣២ (សតវត្សរ៍ទី១៥) ទៅទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ