វប្បធម៌ ជំនឿ
បទយកការណ៍៖ ការសម្ដែងឡើងវិញ នៃក្រុមល្ខោនបាសាក់មហាជន ក្នុងបរិបទកូវីដ-១៩
បន្ទាប់ពីប្រជាពលរដ្ឋបានទទួលចាក់វ៉ាក់សាំង និងស្ថានភាពប្រសើរឡើងនៃហានិភ័យការឆ្លងរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅ តាមបណ្តាខេត្តទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ជាមួយគ្នានេះ សិល្បៈល្ខោនបាសាក់ ដែលមានប្រជាប្រិយនៅ គ្រប់ស្រទាប់វណ្ណៈ ពិសេសប្រជាពលរដ្ឋតាមបណ្ដាខេត្តនៅ ក្នុងពិធីបុណ្យទាននានានោះ ក៏ចាប់ផ្ដើមដំណើរការការសម្ដែងរបស់ខ្លួនជាបណ្ដើរៗឡើងវិញផងដែរ។
មហាជនភាគច្រើនប្រាកដជាស្គាល់ថា នាយប៉េងប៉ោះ ជា តួកំប្លែង នៅ ក្នុងវង់ល្ខោនបាសាក់។ មិនត្រឹមតែជាតួត្លុកដែលញ៉ាំងសាច់រឿងល្ខោនបាសាក់ផ្ទុះសំណើចកក្អឹកក្អាកក្អាយនោះទេ កម្ពុជាថ្មី សូមបង្ហាញតួនាទីពិតរបស់លោក គឺជា ប្រធានក្រុមល្ខោនបាសាក់ នាយ ប៉េងប៉ោះ តាំងពីឆ្នាំ ១៩៩៩ និងជា ជាអនុប្រធានការិយាល័យដឹកនាំល្ខោនបាសាក់អាជីពខេត្តកំពង់ចាម ផងដែរ មុនពេលលោកចូលនិវត្តន៍។
លោក ស៊ាន សុផល ហៅ នាយប៉េងប៉ោះ វ័យ ៦២ ឆ្នាំ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ រសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នេះ ដោយសម្ដីស្រទន់ និងលាយសំណើរតិចៗថា ការបើកឱ្យល្ខោនបាសាក់សម្ដែងឡើងវិញ សិល្បករទាំងអស់មានទឹកចិត្តសប្បាយរីករាយណាស់ ដោយរដ្ឋាភិបាលបានបើកសេដ្ឋកិច្ច ក៏ដូចជាបើកផ្លូវឱ្យសិល្បករក៏មានការងារ និងចំណូលវិញដែរ។
លោក ស៊ាង សុផល មានប្រសាសន៍បន្តថា៖ “ក្រុមល្ខោនបាសាក់យើងចាប់ផ្ដើមសម្ដែងឡើងវិញ ចាប់តាំងពីពេលក្រសួងវប្បធម៌ចេញសេចក្ដីប្រកាស កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងហ្នឹង ដោយយើងគោរពគោលការរបស់ក្រសួងសុខាភិបាលផងដែរ។ យើងសម្ដែងខ្លះៗតាមកម្មវិធីកម្សាន្តតាមភូមិជារលក្ខណៈខ្នាតតូច មិនបានសម្ដែងខ្នាតធំ ហើយការជួលសម្ដែងក្នុងកម្មវិធីបុណ្យទានផ្សេងៗនោះ មិនទាន់មាននៅ ឡើយទេ ដោយសាររដ្ឋាភិបាលទើបបើកឡើងវិញ ឯម្ចាស់ដើមបុណ្យក៏មិនទាន់បានរៀបចំ”។
ប្រធានក្រុមល្ខោនបាសាក់ ប៉េងប៉ោះ រូបនេះ បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋ ឬព្រះសង្ឃច្រើនជួលក្រុមល្ខោនបាសាក់យកទៅ សម្ដែងនៅ ក្នុងកម្មវិធីបុណ្យនៅ វត្ត ឬបុណ្យឆ្លងសមិទ្ធិផលនានានៅ វត្ត ឬស្រុកភូមិ ក្នុងនោះក៏មានម្ចាស់កម្មវិធីបុណ្យឯកជន ជួលទៅ សម្ដែងដូចជាបុណ្យ សងគុណ មាតាបិតា ជាដើមផងដែរ។ ដោយឥឡូវនេះក្រុមល្ខោនរបស់លោកបានទទួលការជួលទៅ សម្ដែងនៅ កម្មវិធីបុណ្យនៅ វត្ត ចំនួន២វត្តទៀតហើយ។
លោក ស៊ាន សុផល បានឱ្យដឹងបន្ថែមថា ពីមុនក្រុមល្ខោនរបស់លោកមានសមាជិកជាង ៤៥នាក់ តែក្រោយមក សម្រិតសម្រាំងខ្លះ ដើម្បីឱ្យមានតុល្យភាពលើការចំណាយ ដោយឥឡូវមានសមាជិក ៣៥នាក់។ ទាក់ទងទៅ នឹងតម្លៃវិញ លោកបញ្ជាក់ឱ្យដឹងថា មិនមានតម្លៃឋេរទេ គឺអាស្រ័យតាមទីតាំងជិត ឬឆ្ងាយ អាចមានតម្លៃពី ១ ០០០ ទៅ ១ ៧០០ ដុល្លារក្នុង១យប់ ហើយជួនកាលកន្លែងខ្លះបានក្រោមហ្នឹងទៀតក៏មាន បើនៅ ជិត ឬទៅ តាមការធ្លាប់ស្គាល់ និងយោគយល់គ្នា។
តាមរយៈការសម្ដែង និងការងារជាប្រធានក្រុមល្ខោនបាសាក់កន្លងមក លោក ស៊ាង ផល ធ្លាប់បានដឹកនាំក្រុមល្ខោនបាសាក់ប្រឡងរហូតទទួលបានជ័យលាភី មេដាយសំរិទ្ធិ១ ពានប្រាក់ ២ និងពានមាស១។
ជាមួយគ្នា លោក ស៊ាង ផល បានអំពាវនាវថា៖ “ខ្ញុំសូមមហាជនចូលរួមគាំទ្រ សិល្បៈបុរាណគ្រប់វិស័យ ដើម្បីសិល្បៈបុរាណកេរដូនតា មានជីវិត និងអាចដំណើរការសម្ដែងបង្ហាញវប្បធម៌ដល់កូនចៅ ជំនាន់ក្រោយបន្តទៀតបាន។ ខ្ញុំក៏សូមស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួយពង្រឹងសមត្ថភាព ដោយផ្ដល់នូវគ្រូបង្វិក បច្ចេកទេសសម្ដែង ដល់ក្រុមសម្ដែងល្ខោនបាសាក់មហាជននៅ តាមមូលដ្ឋានខេត្តផងដែរ។
ល្ខោនបាសាក់មានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ ទឹកដីកម្ពុជាក្រោមនេះត្រូវបានពួកអាណានិគមនិយមបារាំងកាត់ទៅ ឱ្យវៀតណាម ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៤៩។ ឥឡូវស្ថិតនៅ ភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមសព្វថ្ងៃ។ ល្ខោនបាសាក់ សព្វថ្ងៃនេះមានប្រភពមកពីល្ខោនទ្រើងឃ្លោង ហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះជ្រៅ ជ្រះខាងអក្សរសិល្ប៍ និងសាសនាក្រោមការដឹកនាំ របស់អតីតចៅ អធិការវត្តខ្សាច់កណ្ដាល “បាសាក់ព្រះត្រពាំង” កម្ពុជាក្រោម ឈ្មោះលោកគ្រូ “សួរ”។
តួសម្ដែងល្ខោនបាសាក់ស្រី វ័យ ២៤ឆ្នាំ បានឱ្យដឹងថា ប្រការដែលនាង ចូលសម្ដែងល្ខោនបាសាក់ មកពីនាងស្រលាញ់ នឹងគាំទ្រទម្រង់សិល្បៈមួយនេះតាំងពីក្មេង ហើយក៏ចង់ឱ្យសិល្បៈមួយនេះនៅ តែមានវត្ដមាននៅ តាមភូមិស្រុកមិនឱ្យបាត់បង់។ កញ្ញា វន ឆវី បានឱ្យដឹងបន្ថែមថា កញ្ញាអាចសម្ដែងជាតួអង្គផ្សេងៗបាននៅ ក្នុងទម្រង់បាសាក់ ព្រោះកញ្ញាបានហាត់រៀនពីចំណុចតូចទៅ ធំ តែភាគច្រើនកញ្ញាសម្ដែងជាតួយក្ស ឬតួឆ្នាស់។
កញ្ញា វន ឆវី បានបញ្ជាក់ថា៖ “ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការបើកដំណើរការសិល្បៈខ្មែរគ្រប់ទម្រង់ឡើងវិញក្រោយពីបានធូរស្រាលពីបញ្ហាជំងឺកូវីដ-១៩ ដែលអាចឱ្យក្រុមសិល្បៈបានចេញសម្ដែងឡើងវិញ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងនៅ តែគាំទ្រសិល្បៈល្ខោនបាសាក់បន្ដទៀត ដោយការជួលទៅ សម្ដែងក្នុងកម្មវិធីបុណ្យផ្សេងៗ ដើម្បីលើកកម្ពស់សិល្បៈមួយនេះឱ្យកាន់តែមានប្រជាប្រិយភាពឡើងវិញ”។
ជាមួយគ្នានេះ កញ្ញា ឆវី ក៏មានការព្រួយបារម្ភដែរ ព្រោះការមកទស្សនាមានការជួបជុំគ្នា ដោយខានមិនបាន។ តួយក្សល្ខោនបាសាក់រូបនេះ ថ្លែងថា៖ “ខ្ញុំសូមអំពាវនាវដល់ទស្សនិកជនទាំងអស់ ដែលមកទស្សនាល្ខោនបាសាក់ ឬសិល្បៈផ្សេងៗ សូមពាក់ម៉ាស់ និងលាងដៃ នឹងជែល ឬអាកុល ឱ្យបានខ្ជាប់ខ្ជួន។ ព្រោះខ្ញុំសង្គេតឃើញថា ពួកគាត់ អ្នកខ្លះក៏បានពាក់ម៉ាស់ការពារ តែអ្នកខ្លះទៀតក៏មិនបានពាក់ម៉ាស់ ឬការបង្កាខ្លួនផ្សេងៗ”។
បាសាក់ ជាឈ្មោះទន្លេមួយដែលជា ខ្នែងមួយនៃទន្លេទាំងបួនដែលប្រសព្វគ្នានៅ ភ្នំពេញ “ចតុម្មុខ”។ ទន្លេនេះបានហូរកាត់ទៅ ទិសខាងត្បូងចាក់ទៅ ក្នុងឈូងសមុទ្រចិន ហើយនៅ លើដងទន្លេនេះហើយដែលជាទីតាំងនៃស្រុកបាសាក់ ខេត្តឃ្លាំងទល់មុខនឹងខេត្តព្រះត្រពាំង ដែលល្ខោនបាសាក់បានចាប់កំណើតឡើង។ តំបន់នេះក៏ដូចជាតំបន់ដទៃទៀត មានប្រជាជនខ្មែររស់នៅ ច្រើនជាតំបន់មានអារ្យធម៌ និងមានកេរដំណែលវប្បធម៌ខ្មែរពីបរមបុរាណច្រើនដូចជាប្រាសាទ ស្រះបុរាណ វត្តអារាម តន្ត្រីច្រើនវង់ និងល្ខោនច្រើនប្រភេទ ដូចជាយីកេរ្តិ៍ និងល្ខោនយក្សរាំជាដើម។ល។
បន្ទាប់ពីបានជួបសម្ដី ប្រធានក្រុម និងតួសម្ដែងល្ខោនបាសាក់ហើយ នៅ ពេលនេះ “កម្ពុជាថ្មី” សូមមកជួបទស្សនិកជនវិញម្ដង។ លោក ឡឹក សុភ័ក្រ្ត ជាបុគ្គលិកក្រុមហ៊ុន បានឱ្យដឹងថា លោកចូលចិត្តទស្សនាសិល្បៈល្ខោនបាសាក់ តាំងពីតូច បើទោះបីជាខ្លួនមិនដែលមើលល្ខោនដល់ចប់ ពោលគឺត្រូវដេកលក់ ពាក់កណ្ដាលរឿងក្ដី ក៏លោកសុខចិត្តយកន្ទេលទៅ ក្រាលចាំចាប់កន្លែងអង្គុយទស្សនាតាំងពីម៉ោង ៤ ៥ រសៀលទៅ ដែរ។
លោក ឡឹក សុភ័ក្រ្ត មានពោលបញ្ជាក់ដោយអស់សំណើចថា៖ “ទាល់តែទៅ មុនគេ បានយើងចាប់កន្លែងអង្គុយបានមុខរោង ស្រួលមើលតួល្ខោនបានជិត បើមិនអ៊ីចឹង គឺត្រូវនៅ ឆ្ងាយ ព្រោះមនុស្សទាំងភូមិទាំងឃុំ ឬឆ្លងឃុំទៀត មកមើលល្ខោនដែរ ព្រោះមិនងាយមិនគេជួលល្ខោនទេ គឺទាល់តែមានបុណ្យភូមិធំៗ ដូចជាបញ្ចុះសីមា ឬបុណ្យសព្វចៅ អធិការវត្តជាដើម។
បុរសមកពីខេត្តបន្ទាយមានជ័៧ វ័យ ៤០ឆ្នាំ រូបនេះ បានលើកឡើងថា កាលពីតូចលោកចូលចិត្តល្ខោនបាសាក់ ដោយសារ លោកអាចដឹងសាច់រឿងព្រេងបុរាណខ្មែរ ដែលលោកធ្លាប់តែលឺចាស់ៗនិយាយ ម៉្យាងទៀតល្ខោនបាសាក់មានសាច់រឿងទាំងកំប្លែង កំសត់ មានតួទេវតា ព្រាយ យក្ស ក្បាច់វាយគ្នា ដែលសូម្បីតែពេលតួចេញសម្ដែង ក៏មានក្បាច់បង្ហាញខ្លួនគួរឱ្យចាប់អារម្មណ៍។
លោក សុភ័ក្រ បន្ថែថា៖ “ល្ខោនបាសាក់ មានទាំងការរៀបចំតុបតែងលំអរឆាកស្អាតៗទៅ តាមដំណើរសាច់រឿង មានដូចជាក្នុងព្រៃ ដងជ្រោះ ផ្ទះសេដ្ឋី រាជរាំង ឋានសួគ៌ ជាដើម។ និយាយទៅ សូម្បីតែពេល គេបិទ និងបើកវាំងននដូរឆាកហ្នឹង ក៏ខ្ញុំចង់មើលដែរ”។
លោក ឡឹក សុភ័ក្រ បានបញ្ជាក់ថា បច្ចុប្បន្ន បើមានការសម្ដែងល្ខោនបាសាក់ ដែលលោកអាចទៅ ទស្សនាផ្ទាល់បាន លោកនឹងទៅ ទស្សនា ដោយលោកអះអាងថា លោកនឹងទៅ ទស្សនាដោយអនុវត្តវិធានការរដ្ឋាភិបាល និងសុខាភិបាល ពីវិធីបង្ការជំងឺកូវីដ-១៩ ដោយត្រូវរក្សាគម្លាត ពិសេសពាក់ម៉ាស់ ជាប់ជាប្រចាំមិនប្រហែសឡើយ បើទោះជាលោកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន ៣ដងរួចហើយក្ដី។
គួរបញ្ជាក់ថា ក្នុងការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅ តាមបណ្តាខេត្តទូទាំងប្រទេសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង ឱ្យមហាជនទូទៅ ត្រូវបន្តអនុវត្តឱ្យបានម៉ត់ចត់បំផុត នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ពោលគឺ វិធានការ ៣កុំ ៣ការពារ ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការសុខាភិបាលផ្សេងៗទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ