វប្បធម៌ ជំនឿ
ដឹងកាន់តែលម្អិត ពី ជនជាតិដើមភាគតិច ឞូនង ដែលមានកំណើតជាង ២ ០០០ ឆ្នាំ
ឞូនង គឺជាក្រុមប្រជាជនជនជាតិដើមដែលរស់នៅក្នុងប្រទេស កម្ពុជា ឡាវ និងវៀតណាម។ ពួកគេត្រូវបានចាត់ថ្នាក់ជាក្រុមអំបូរមនុស្ស “មន-ខ្មែរ” ដែលមានទីដែនដីដូនតាចាប់ពីភាគឦសាននៃប្រទេសកម្ពុជា ពីភូមិភាគខ្ពង់រាប កណ្តាលនៃប្រទេសវៀតណាម រហូតដល់ជ្រោយនៃសមុទ្រចិនខាងត្បូង និងនៅភាគត្បូង នៃ ប្រទេសឡាវ។

នៅក្នុងពេលដ៏យូរលង់ណាស់មកហើយ ប្រមាណជាង ២ ០០០ ឆ្នាំមកនេះ ឞូនង ត្រូវបានចិនហៅក្រុមជនជាតិដើមនេះថា “ហ្វូណន” (ដើមឡើយកម្ពុជរដ្ឋ មាននគរហ្វូណន ឬ នគរភ្នំ) វៀតណាម ឬយាគណាម ហៅថា “មនង” ខ្មែរហៅពួកគាត់ថា “ព្នង” ចំណែកឡាវ ហៅពួកគេថា “ម៉យ”។ ផ្ទុយទៅវិញ ជនជាតិដើមឞូនង ហៅខ្លួនឯងថា “ឞូនង”។ ភាគច្រើនពួកគេរស់នៅ ខេត្តមណ្ឌលគិរី និងមួយចំនួនទៀត មាននៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
សព្វថ្ងៃនេះ ឞូនង រស់នៅបែកខ្ញែកនៅតាមផ្នែកខ្លះនៃពិភពលោក ដោយសារសង្គ្រាម បញ្ហាផ្លាស់ប្តូរសង្គម និងនយោបាយពីអតីតកាល។ ឧទាហរណ៍នៅក្នុងសម័យសង្គ្រាមឥណ្ឌូចិន និងបញ្ហាបច្ចុប្បន្នទាក់ទងនឹងសកលភាវូបនីយកម្មពិភពលោក តម្រូវការសេដ្ឋកិច្ចសង្គម។
ឞូនង ត្រូវបានប៉ាន់ប្រមាណប្រហែលមានចំនួនជាង ១ លាននាក់ រស់នៅនៅក្នុងដែនដីដូនតារបស់គេបច្ចុប្បន្ន មាននៅក្នុងកម្ពុជា ឡាវ និងវៀតណាម។ ជនជាតិដើមឞូន៝ង គឺជាឈ្មោះមួយហៅទូទៅ សំដៅទៅក្រុមជនជាតិដើមនេះ ដែលមានអនុអំបូរតូចៗដោយការសំគាល់តាមគ្រាមភាសារបស់ពួកគេ ពីតំបន់មួយទៅតំបន់មួយ និងពីអនុអំបូរមួយទៅអនុអំបូរមួយទៀត។ ឧទាហរណ៍ អនុអំបូរ ឞូន៝ងឞូន៝រ (Bunong Bunor) ឞូនងនង (Bunong Nong) ឞូនងកាហោ (Bunong Kaho) ឞូនងរាអូង (Bunong Ra Ong) ឞូនងក្រោល (Bunong Krol) ជាដើម។
ឞូនង បច្ចុប្បន្ននេះ ប្រឈមទៅនឹងបញ្ហាសេដ្ឋកិច្ចសង្គម និងនយោបាយជាច្រើន។ នៅក្នុងបញ្ហាសង្គម ពួកគេរងនូវការហូរចូលនូវអ្នកចំណូលថ្មីមានដូចជា ខ្មែរទំនាបកណ្តាល វៀតណាម និងឡាវ មកនៅក្នុងដែនដីដូនតារបស់គេដែលជាទូទៅទាញយកធនធានធម្មជាតិដែលមានកំណត់របស់ពួកគេដូចជា ទឹក ដីធ្លី និងធនធានធម្មជាតិ។ ពេលខ្លះ ការទាញយកផល និងអនុផលពីដែនដីដូនតារបស់ពួកគេនេះ មិនបានទាំងសុំការឯកភាព ឬផ្តល់ប្រយោជន៍ត្រលប់ទៅជនជាតិដើមឞូន៝ងនោះទេ ជារឿយៗពួកគេត្រូវបានបណ្តេញចេញជាដើម។ ជាងនេះទៅទៀត ជនជាតិដើមឞូន៝ងកំពុងរងឥទ្ធិពលពីសាសនា សំខាន់ពីរ គឺសាសនាគ្រឹះ និងសាសនាព្រះពុទ្ធ ខណៈជនជាតិដើមមានសាសានបូរាណដើមរបស់ខ្លួន តាំងពីយូរលង់ណាស់មកហើយ។

គួរកត់សម្គាល់កំហុសឆ្គងជាយូរយាណាស់មកហើយនៃការហៅឈ្មោះជនជាតិដើមឞូនង តាមសំណេររបស់សង្ឃរាជ ជួន ណាត ថា ក្រុមជនជាតិដើមនេះគឺជាអំបូរមនុស្សរស់នៅតំបន់ភ្នំដូចនេះ ដូចនេះខ្មែរ ត្រូវហៅថា “ព្នង” ។ តាមពិតជនជាតិដើមឞូនងនេះ មិនមែនរស់នៅតែនៅតំបន់ភ្នំប៉ុណ្ណោះទេ ព្រោះគេក៏រស់នៅនៅតាមតំបន់វាលទំនាបផងដែរ តួយ៉ាងនៅកម្ពុជា គឺតាំងពីបុរមបុរាណមក គាត់រស់នៅតាមបណ្តាខេត្តមួយចំនួនដូចជាកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង (ឥឡូវរកមិនទាន់ឃើញ ដោយសារពួកគាត់បានក្លាយជាខ្មែរ) ស្ទឹងត្រែង ក្រចេះ។ បន្ថែមលើសូរស័ព្ទ ឞូនង ឬ ពូណង នេះវិញ ដោយសារខ្មែរមានតែសូរ “ប” ដែលអក្សរខ្មែរមិនមាន សូរស័ព្ទ អក្សរ “ឞ” (មិនមែន “ម” ទេ នេះជាអក្សរ ឞូនងថ្មី ដែលក្រសួងអប់រំ ឯកភាពបានរៀបចំឱ្យមានអក្សរជនជាតិដើម ឞូន៝ង ចាប់ពីឆ្នាំ ២០០០ មក) មានសូរធ្ងន់ជាង “ប”។
ព្យញ្ជនៈឞូន៝ងមាន៖ ក ខ គ ង ច ឆ ជ ញ ដ ត ថ ទ ម ប ផ ព ម យ យ្ស រ ល វ ឞ ស ហ អ អ្យ។ ចំណែកស្រៈឞូន៝ងមាន៖ ា ិ ី ឹ ឺ ុ ូ ើ ៀ េ ែ ៃ ោ ៅ ៝។
ជាទូទៅ បើខ្មែរ ហៅ “ព្នង” និងឡាវហៅ “ម៉យ” ទៅកាន់ពួកគេ អ្នកអាចនឹងមិនត្រូវបានចម្លើយ ឬពួកគាត់នឹងមិនចង់និយាយរក ឬឆ្លើយឆ្លងជាមួយនឹងអ្នកឡើយ ដោយសារទី១ មិនចាំសូរស័ព្ទ ទី២ មានលក្ខណៈជាការរើសអើង ពីព្រោះពាក្យ “ព្នង” និង “ម៉យ” នេះ មានអត្ថន័យបែបជាការមើលងាយ និងរើសអើងចំពោះពួកគាត់។ ចិនហៅ “ហ្វូណន” វៀតណាមហៅ “មនង” បែបត្រឹមត្រូវជាងទៅវិញ។ ដូចនេះយើងត្រូវហៅគាត់ឱ្យត្រូវ និងចំ គឺហៅគាត់ថា “ឞូនង” (ឬ “ពូណង” ជាពីរពាក្យ) មិនមែន១ពាក្យ “ព្នង” ឬ “ភ្នង” ទេ។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធានាដល់ប្រជាពលរដ្ឋគ្រប់រូបនូវសិទ្ធិស្មើៗគ្នា ដោយមិនប្រកាន់ ជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា និងជំនឿខាងសាសនា ឡើយ។ កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិនៃជនជាតិដើមភាគតិច នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ ២០០៧៕
“កម្ពុជាថ្មី” និងបង្ហាញទំនាក់ទំនង ជនជាតិដើមភាគតិច “ឞូនង” ជាមួយ អាណាចក្រខ្មែរ តាំងពីមុនគ្រិស្តសករាជ ជាបន្តទៀត។
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?