វប្បធម៌ ជំនឿ
កម្រងជីវិត៖ មេក្រុមល្ខោនបាសាក់ ផ្ដើមពីគ្នា ៥ នាក់ ដល់ ៥០ នាក់ បានជាប់ជ័យលាភីជាច្រើន
“ពេលនោះ វិស័យល្ខោនបាសាក់កំពុងធ្លាក់ប្រជាប្រិយភាព ប៉ុន្តែដោយខ្ញុំស្រឡាញ់សិល្បៈវប្បធម៌ជាតិវិស័យល្ខោនបាសាក់ ដោយចង់លើកស្ទួយ ចង់អភិរក្ស ចង់ការពារទ្រទ្រង់ជ្រោងវប្បធម៌ ខ្ញុំក៏សម្រេចចិត្តសិក្សារៀនសូត្រជំនាញផ្នែកសិល្បៈបុរាណ និងល្ខោនបាសាក់នេះ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/271825063_312382737503574_7677632085119372349_n-683x1024.jpg)
នេះជាការរំលឹកឡើងវិញ របស់ ប្រធានក្រុម ល្ខោនបាសាក់មហាជន វង់ទី១ អុល សំអាង រាជធានីភ្នំពេញ ប្រាប់មក “កម្ពុជាថ្មី”។ តើប្រធានក្រុមល្ខោនបាក់សាក់រូបនេះ មានប្រវត្តិតស៊ូ ការសិក្សា ស្ថានភាពគ្រួសារ ស្នាដៃ និងជ័យលាភីអ្វីខ្លះ?
ពិតណាស់ ល្ខោនបាសាក់មានលក្ខណៈពិសេសដូចជា កាយវិការមានភាពរហ័សរហួន ពិធីហោមរោងប្រើបទភ្លេងហោមរោង របៀបបង្ហាញតួ តួសម្ដែងពោលប្រាប់ឈ្មោះដោយខ្លួនឯង សម្លៀកបំពាក់មានលក្ខណៈភ្លឺផ្លេក មុខតួមានលាបម្សៅច្រើន ការកាត់កងឆាកប្រើកញ្ចែផ្លុំផ្ដាច់ ឬវាយស្គររន្ថើនផ្ដាច់ ការតុបតែងឆាកប្រើផ្ទាំងគំនូរ តួត្លុកសម្ដែងជាមួយតួឯក រីឯឧបករណ៍តន្ត្រីប្រើស្គរឡុក ទ្រ ឃឹម ឆាប ឡោ ប៉ាន់… ចំណែកបទភ្លេង និងចម្រៀងប្រើបទ មហោរី បាសាក់ បទបារាំង…
![](https://www.kampucheathmey.com/wp-content/uploads/2022/01/136398154_1785486301614738_2323797499342951206_n-665x1024.jpg)
និយាយដោយសម្ដីស្រទន់ និងម៉ឺងម៉ាត់ច្បាស់ៗ លោក អុល សំអាង បានឱ្យដឹងថា ក្រុមល្ខោនបាសាក់របស់លោក បានបង្កើតឡើងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០០៧ ដែលការបង្កើតដំបូងនោះមានការលំបាកច្រើន និងមិនមានសមាជិកច្រើនទេ គឺផ្ដើមពីរូបលោក ភរិយា និងបងប្អូន ២ ៣ នាក់។
លោក អុល សំអាង បានឱ្យដឹងបន្តថា៖ “បន្ទាប់មកខ្ញុំបានប្រមូលសិល្បករល្ខោនបាសាក់ដែលបាត់បង់ក្រុមសម្ដែងដោយសារក្រុមពួកគាត់បានបិទ ឱ្យចូលមកសម្ដែងជាមួយក្រុមរបស់ខ្ញុំ គឺមានសមាជិកសរុបតែជាង ២០ នាក់ទេ។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំចេះតែកើន រហូតបច្ចុប្បន្ននេះ ក្រុមល្ខោនយើងមានសមាជិកក្បែរ ៥០ នាក់ ដែលមានអ្នកគ្រូ និងសិល្បៈការិនី ២០ នាក់”។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/155824553_1827738474056187_1753153995159575369_n.jpg)
ស្នាដៃ
ក្រុមល្ខោនបាសាក់មហាជន វង់ទី១ អុល សំអាង រាជធានីភ្នំពេញ ធ្លាប់បានចូលរួមមហោស្រព និងទទួលបានជ័យលាភីជាច្រើន ក្នុងនោះមានជាអាទិ៍ដូចជា៖
ប្រឡងជាប់ថ្នាក់ភូមិភាគ ស្នាដៃល្អឆ្នើម ឆ្នាំ ២០១៣ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
មហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ជាតិ ឆ្នាំ ២០១៤ ទេពកោសល្យល្អក្នុងការគ្រប់គ្រងវង់ល្ខោនបាសាក់
ប្រឡងជាប់ស្នាដៃល្អឆ្នើមថ្នាក់ជាតិ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កម្មវិធី មរតកវប្បធម៌ខ្មែរ ឆ្នាំ ២០១៦
ប្រឡងជាប់លេខ ១ មហោស្រពសិល្បៈចម្រុះខេត្តកណ្ដាល ឆ្នាំ ២០១៩ ២០២០ ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/271706572_307787111153897_425750142504231075_n.jpg)
លោក អុល សំអាង បានឱ្យដឹងបន្ថែមថា៖ “ស្នាដៃធ្លាប់ជោគជ័យមានច្រើន ពិសេសស្នាដៃដែលផលិតដោយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងមានរយៈពេលវែង ដូចជា រឿង សូរវង្សវរវង្ស ផលិតឆ្នាំ ២០១៤ រឿងព្រះទេវន្ទកុមារ ឆ្នាំ ២០១៥ រឿងវរនេត្ត វរនុជ ឆ្នាំ ២០១៧ រឿងខ្យងសាំង ឆ្នាំ ២០១៩ រឿងទិព្វសង្វារ ឆ្នាំ ២០២១។ ក្រៅពីចេញសម្ដែងក្នុងកម្មវិធីបុណ្យនានាតាមបណ្ដាខេត្ត ជាញឹកញយ ក្រុមសិល្បៈល្ខោនបាសាក់ខ្ញុំ ក៏ធ្លាប់ចូលរួមសម្ដែងតាមស្ថានីយ៍ទូរទស្សន៍ធំៗដូចជា ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍បាយន្ត ទូរទស្សន៍ CTN ទូរទស្សន៍ខេមរភូមិន្ទ ទូរទស្សន៍រាជធានីភ្នំពេញ ទូរទស្សន៍អប្សរា”។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/154475868_1827739507389417_43837134205528507_n.jpg)
ប្រធានក្រុមល្ខោនបាសាក់មហាជន វ័យ ៤២ ឆ្នាំ រូបនេះ បានឱ្យដឹងបន្តថា កន្លងមកក្រុមរបស់លោកតែងលើកយករឿងបុរាណមកសម្ដែងជូនសាធារណជនទស្សនា ដូចជា រឿង ព្រះលក្សិណវង្ស រឿងព្រះជិនវង្ស រឿង តារាវិច្ឆ័យម៉ាល័យសូរិយា រឿងម៉ាកភូយង់កែង រឿងនាងបដាចារ រឿងទិព្វសូដាចន្ទ រឿងព្យុះកម្មជីវិត ចន្ទតារាចំប៉ាសក្ដិ ជប់សង្វារវង្សចៅភិរិន្ទ រឿងទិព្វសង្វារ រឿងព្រះវរនេត្ត ព្រះវរនុជ រឿងខ្យល់ស័ង្ខ រឿងសុរិវង្សវរវង្ស និងរឿងជាច្រើនទៀតជា រឿងអក្សរសិល្បិ៍ពុទ្ធនិយម រឿងបុរាណពាក់ព័ន្ធនឹងការអប់រំ និងរឿងបែបមនោសញ្ចេតនា បែបកំសត់ជាដើម។
ការសិក្សា
លោក អុល សំអាង បានឱ្យដឹងថា លោកមិនបានឆ្លងកាត់ការសិក្សាសម្ដែងសិល្បៈបុរាណពីសាលាវិចិត្រសិល្បៈទេ ប៉ុន្តែលោកបានក្រេបជញ្ជក់ចំណេះវិជ្ជាសិល្បៈជាច្រើនឆ្នាំពីលោកគ្រូអ្នកគ្រូជំនាញ និងល្បីឈ្មោះមកពីសាលាវិចិត្រសិល្បៈ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/266755512_1028034654420338_3760139552426233876_n-1024x685.jpg)
លោកបញ្ជាក់ថា កាលនៅពីតូចលោកចេះច្រៀងចម្រៀងសម័យ ប៉ុន្តែសូម្បីតែម្ដាយឪពុក ក៏មិនដឹងថាលោកចេះច្រៀងដែរ។ លោកជាសិស្សពូកែប្រចាំសាលា។ បញ្ចប់បាក់ឌុប ពីខេត្តកំពង់ចាម លោកបានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីដាក់ពាក្យប្រឡងយកអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង វិទ្យាស្ថានជាតិគ្រប់គ្រង (បច្ចុប្បន្ន សាកលវិទ្យាល័យជាតិគ្រប់គ្រង) ប៉ុន្តែមិនជាប់។
លោក អុល សំអាង លើកឡើងថា៖ “សម័យនោះ ក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ សាកលវិទ្យាល័យជ្រើសរើសផ្ដល់អាហារូបករណ៍សិក្សាដល់និស្សិតតែជាង ៤ ១០ នាក់ទេ។ ពេលនោះខ្ញុំរាងបាក់ទឹកចិត្តដែរ ព្រោះគិតថាខ្លួនជាសិស្សពូកែ តែប្រឡងមិនជាប់ ព្រមទាំងមានបញ្ហាជីវភាពគ្រួសារទៀត”។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/271751834_2067141783449187_1666357174254945260_n-1024x745.jpg)
គាប់ជួននៅឆ្នាំ ២០០០ ក្លិបសម្ដែង អឹមអេសអិល នៅទួលទំពូង បានជ្រើសរើសសិស្សហាត់រៀនចម្រៀងបុរាណ សម័យ។ លោក អុល សំអាង បានដាក់ពាក្យ និងប្រឡងជាប់ ហើយហាត់រៀននៅទីនោះ ពីឆ្នាំ ២០០០-២០០២។ លុះឆ្នាំ ២០០២ ដល់ ២០០៥ លោកសិក្សាចម្រៀងបុរាណ ល្ខោនបាសាក់ ល្ខោនយីកេ និងរបាំព្រះរាជទ្រព្យ នៅសមាគម អប្សរា នៅទួលគោក។ នៅឆ្នាំ ២០០៣ ដល់ ២០០៥ លោកត្រូវបានជ្រើសរើសជាសិល្បករវ័យក្មេងសម្រាប់បណ្ដុះបណ្ដាលសម្ដែងជាតួឯក នៅមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ។
លោកបានរំលឹកថា ជាយុវជនមកពីខេត្ត តែដើម្បីមកស្វែងរកចំណេះជំនាញនៅ រាជធានីភ្នំពេញ លោកបានតស៊ូសុំព្រះសង្ឃស្នាក់អាស្រ័យតាមបណ្ដាវត្តនានាផង ស្នាក់នៅផ្ទះជួលជាមួយមិត្តរួមថ្នាក់ផង ក៏ដូចជាស្នាក់នៅសមាគមដែលលោកហាត់រៀននោះផងដែរ។
ស្ថានភាពគ្រួសារ
លោក អុល សំអាង កើតនៅខេត្តកំពង់ចាម មាន ឪពុកឈ្មោះ អឿន សំអុល ភ្នាក់ងារមណ្ឌលសុខភាព ស្រុកជើងព្រៃ និងម្ដាយឈ្មោះ អ៊ូ រ៉េន ជាស្ត្រីមេផ្ទះ។ លោកមានមានបងប្អូនបង្កើត ៦ នាក់ ស្រី ៣ នាក់ លោកជាកូនច្បង។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/250254779_2018756261627850_5209108060029071752_n.jpg)
លោក អុល សំអាង រៀបការនៅឆ្នាំ ២០០៦ ជាមួយ ភរិយានាម លាភ សម្ផស្ស និងមានកូនប្រុស ២ នាក់ជាចំណងដៃអាពាហ៍ពិពាហ៍។ កូនទី១ ឈ្មោះ សំអាង បរមី អាយុ ១៦ ឆ្នាំ និងកូនទី ២ ឈ្មោះ សំអាង សំណាង អាយុ ៦ ឆ្នាំ។ លោក បញ្ជាក់ថា៖ “ភរិយាខ្ញុំ ដើមឡើយមិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែដោយការបង្ហាត់បង្រៀនពីខ្ញុំចាប់ពីឆ្នាំ ២០១០ ទើបគាត់បានចេះសម្ដែង និងបានក្លាយជាតួឯកល្ខោនបាសាក់រហូតមក”។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/271738689_930926431149896_7737491815838845999_n-1024x683.jpg)
លោកអះអាងថា កូនទាំង ២ សុទ្ធតែមាននិស្ស័យសិល្បៈ តែត្រង់ថា ឱ្យពួកគេចាប់យកជំនាញសិល្បៈបន្តពីលោក ឬយ៉ាងណានោះ លោកមិនបង្ខិតបង្ខំពួកគេទេ គឺទុកឱ្យពួកគាត់ជាអ្នកសម្រេច។ ទោះគាត់ចាប់យកជំនាញអ្វី ក៏កុំឱ្យបោះបង់វិស័យសិល្បៈវប្បធម៌ ព្រោះលោកជាឪពុកបានខំថែអភិរក្សវិស័យសិល្បៈបុរាណហើយ គឺមិនចង់ឱ្យបាត់បង់។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/269941020_624815612174265_5747773968541640064_n.jpg)
ចំណាប់អារម្មណ៍សិល្បករបុរាណ ក្នុងយុគសម័យទំនើប
លោក អុល សំអាង មានប្រសាសន៍ថា អ្នកសិល្បៈបុរាណមានការព្រួយបារម្ភខ្លាចបាត់បង់វិស័យវប្បធម៌ខ្មែរ ដូចជាផ្នែកវិស័យល្ខោនបាសាក់ នេះជាដើម។ លោកបន្តថា ការធ្លាក់ចុះ ឬរីកចម្រើន កើតឡើងដោយសារ សិល្បករ ថ្នាក់ដឹកនាំក្រសួង មន្ទីរ ក៏ដូចជាមហាជនអ្នកគាំទ្រ បើបងប្អូនប្រជាជនខ្មែរនៅតែគាំទ្រ នៅតែចូលរួមផ្សព្វផ្សាយទេ ទើបវិស័យហ្នឹងមិនបាត់បង់។
លោកលើកឡើងថា៖ “ប៉ុន្តែបើយើងព្រងើយកន្តើយ ឱ្យវិស័យល្ខោនបាសាក់រស់តាម យថាកម្ម គឺមានក៏មានទៅ អត់ក៏អត់ទៅ ល្ខោនបាសាក់នឹងបាត់បង់ដូចល្ខោនយីកេ ល្ខោនមួយចំនួនទៀត ព្រោះយើងគិតថា មិនអីៗ តែនៅដំណាក់កាលណាមួយវានឹងបាត់សូន្យ ដោយខ្វះអ្នកបន្តវេន”។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/262700423_198691105804950_1766520474191616751_n-1024x680.jpg)
ប្រធានក្រុមល្ខោនបាសាក់រូបនេះ សូមសំណូមពរដល់ថ្នាក់ដឹកនាំ ក៏ដូចជាស្ថានីយ៍ទូរទស្សន៍ផ្សេងផលិតកម្មវិធី សិល្បៈបុរាណ ឱ្យបានច្រើនតាមអ្វីដែលអាចធ្វើទៅបាន ដើម្បីជាការជួយផ្សព្វផ្សាយ បំផុសបំផុលឱ្យវប្បធម៌ជាតិកាន់តែរុងរឿង និងមានប្រជាប្រិយ ឱ្យអ្នកសិល្បៈបុរាណមានឱកាសបញ្ចេញសមត្ថភាព ព្រោះសិល្បៈបុរាណទាំងអស់មិនមែនជាកម្មសិទ្ធិរបស់បុគ្គល ឬក្រុមណាទេ គឺជាសម្បត្តិជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។ បើខ្មែរមិនជួយការពារ និងផ្សព្វផ្សាយទេ តើឱ្យបរទេសណាធ្វើកិច្ចនេះជំនួសយើង?
ស្ថានភាពក្រុមល្ខោនបាសាក់ បន្ទាប់ពីរដ្ឋាភិបាលបើកឱ្យសម្ដែងវិញ
លោក អុល សំអាង បានបង្ហាញសេចក្ដីរីករាយជាខ្លាំង ដែលស្ថានភាពជំងឺកូវីដ-១៩ បានស្រាកស្រាន្ត និងរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យដំណើរការរស់នៅធម្មតាក្រោមការបង្ការជំងឺកូវីដ។
លោកបញ្ជាក់ថា៖ “ព្រោះជីវភាពរបស់សិល្បករបុរាណមានភាពខ្សត់ខ្សោយប្រឈមនឹងបញ្ហាច្រើនពេលផ្អាកការជួលសម្ដែង។ ដោយមិនបានរកចំណូល ឬបានធ្វើការផ្សេងទៀតនោះទេ ដោយសារ១ឆ្នាំៗ ពួកគាត់ផ្ដោតតែលើការសម្ដែងល្ខោនបាសាក់បម្រើអារម្មណ៍ និងសេចក្ដីត្រូវការរបស់មហាជន”។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/271746438_2067141760115856_4476540557095390717_n-1024x606.jpg)
ប្រធានក្រមល្ខោនបាសាក់រូបនេះ បានឱ្យដឹងលទ្ធផលល្អថ្មីៗមួយចំនួនដូចជា កាលចុងឆ្នាំ ២០២១ ក្រុមល្ខោនរបស់លោកបានចូលរួម ផលិតល្ខោនបាសាក់ទ្រង់ទ្រាយធំ គឺរឿង “ទិព្វសង្វារ” ដែលមានការចូលរួមពីសិល្បកររហូតជាង ៦០នាក់ ផលិតដោយទូរទស្សន៍ជាតិកម្ពុជា។ កាលឆ្លងឆ្នាំ ២០២២ បានទៅសម្ដែងនៅខេត្តត្បូងឃ្មុំ ចំនួន ៣ យប់។ ក្នុងខែមករានេះ ក៏បានចេញសម្ដែង និងត្រៀមសម្ដែងជាបន្តបន្ទាប់ទៀតនៅខែកុម្ភៈ ខែមីនា ខាងមុខ។
លោក អុល សំអាង បានបញ្ជាក់ថា រាល់មុនការសម្ដែងម្ដងៗ ក្រុមល្ខោនបាសាក់តែងផ្សព្វផ្សាយនូវសាររបស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងសាររបស់ក្រសួងសុខាភិបាល ក្រើនរំលឹកដាស់តឿនបងប្អូនចូលមកទស្សនាល្ខោនបាសាក់ ឱ្យប្រុងប្រយ័ត្ន ពាក់ម៉ាស រក្សាគម្លាត ទន្ទឹមពេលអ្នកមកទស្សនាក៏ថយចុះ មកនៅត្រឹមជាង ៥០ ភាគរយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/270042091_2057282541101778_4755908024362327695_n-1.jpg)
គួររំលឹកថា ល្ខោនបាសាក់មានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ កាលពីដំបូង អ្នកស្រុកនាំគ្នាហៅល្ខោនបាសាក់នេះថា ល្ខោនទ្រើងឃ្លោក ដោយហេតុថា សិល្បករសម្ដែងផ្ទាល់លើដី ក្នុងរោងដែលសង់ឡើងដោយយកមែកឈើប្រក់គ្រប មានទម្រង់ប្រហែលនឹងទ្រើងឃ្លោក។ ទន្ទឹមនេះ ក៏មានខ្មែរក្រោមខ្លះ ហៅល្ខោននេះថា ល្ខោនយូរកេរ ព្រោះជាកេរមរតករបស់ខ្មែរដែលកើតឡើងតាំងពីយូរលង់មកហើយ។ ល្ខោនបាសាក់បានពង្រឹងពង្រីកប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ព្រោះអ្នកដឹកនាំ និងអ្នកសម្ដែងជាអ្នកបួសរៀនពូកែខាងអក្សរសិល្ប៍ ពូកែប្រើពាក្យសម្ដី លើកជាកំណាព្យ លើកជាកម្រងកែវ និងលើកទំនុកច្រៀងដោយឥតព្រាងទុក៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://www.kampucheathmey.com/wp-content/uploads/2022/01/271756496_2066422036854495_4170187938124763173_n.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?