វប្បធម៌ ជំនឿ
សម្បត្តិវប្បធម៌កម្ពុជាជាច្រើនទៀត ត្រូវបានត្រៀមស្នើសុំចុះបញ្ជីបេតិកភណ្ឌ យូណេស្កូ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងត្រៀមរៀបចំស្នើសុំ សម្បត្តិវប្បធម៌កម្ពុជាជាច្រើនទៀត ចុះបញ្ជីបេតិកភណ្ឌរបស់អង្គការ យូណេស្កូ។

ថ្លែងនៅក្នុង សន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ នៅថ្ងៃនេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុងចំណោមសមិទ្ធកម្មការងារជាច្រើន ក្នុងរយៈជាងពាក់កណ្ដាលអាណត្តិនាពេលកន្លងមក ក្រសួងបានបន្តរៀបចំ និងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុងបាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network)របស់អង្គការយូណេស្កូ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់បន្ថែមថា ក្រសួងក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរី និងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣”, និងព្រះរាជពិធីបុណ្យអុំទូក។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ក្រសួងបានបំពេញការងារអស់រយៈពេលជាងពាក់កណ្ដាលអាណត្តិរួចទៅហើយ នៅក្នុងរយៈពេល ៥ ឆ្នាំនៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលជាងពាក់កណ្ដាលអាណត្តិនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបន្តខិតខំប្រឹងប្រែងអនុវត្តនិងសហការអនុវត្តការងារគ្រប់មុខព្រួញទាំងអស់នៃយុទ្ធសាស្ត្រ ទាំងការងារក្នុងវិស័យវប្បធម៌ ការងារក្រៅវិស័យវប្បធម៌ និងការងារអន្តរវិស័យ ដោយអនុលោមទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។

គួរបញ្ជាក់ថា កន្លងមកមានបេតិកភណ្ឌរូបី និងអរូបី របស់កម្ពុជាចំនួន ១១ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ និងបញ្ជីស្មារតីចងចាំ ពិភពលោក មានដូចជា ឧទ្យានអង្គរ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២, របាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣, ល្ខោនស្រមោលស្បែកធំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥, ប្រាសាទព្រះវិហារ នៅថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨, បណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាស្រ្តទួលស្លែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩, ល្បែងទាញព្រ័ត្រ នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០១៥, ឯកសារសំឡេងនិទានរឿងរាមកេរ្ត៍ដោយតាគ្រុឌ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤, ចាប៉ីដងវែង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦, រឿង អ៊ីណាវ បុស្សា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧, តំបន់ប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ និង ល្ខោនខោល នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ