វប្បធម៌ ជំនឿ
តើទេពធីតា ទ្រង់កាន់ “កាំភ្លើង” បែបមនុស្ស ឬ កាំភ្លើងរបស់ព្រះឥន្ទ្រ?
ទេវធីតាឆ្នាំថ្មី ដែលនឹងចុះមកថែរក្សាគ្រប់គ្រងភពផែនដីក្នុងឆ្នាំខាលនេះ ព្រះនាម កិរិណីទេវី ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ដែលបង្កឱ្យមានការងឿងឆ្ងល់ តើទេវតាកាន់កាំភ្លើងមែន ឬយ៉ាងណា? ដោយមានមតិខ្លះលើកឡើងថាមិនមែនជាកាំភ្លើងធម្មតាដូចមនុស្សកាន់នោះទេ តែជា “វជ្រាវុធ ឬអាវុធពេជ្រ” របស់ព្រះឥន្ទ្រ ដែលគ្រវែងចេញជាកាំរន្ទះ។

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជាអ្នកស្រាវជ្រាវចងក្រងសៀវភៅ មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ បានឱ្យ “កម្ពុជាថ្មី” ដឹងថា នៅក្នុងឆ្នាំខាល ចត្វាស័ក នេះ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ព្រះហស្ដស្តាំទ្រង់ កង្វេរ (ប្រដាប់មានផ្លែក្ងក់ធ្វើដោយដែក មានដងធ្វើដោយឈើសម្រាប់កាវដំរី) ព្រហស្តឆ្វេងទ្រង់កាំភ្លើង មិនមែនលោក ឬហោរាសាស្ត្រណាចេះតែសរសេរតាមចិត្តនឹកឃើញទេ គឺជាក្បួនមហាសង្ក្រាន្ត។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “តាមក្បួនហោរាសាស្ត្រដែលខ្ញុំស្រាវជ្រាវមាន ហោរាសាស្ត្រខ្មែរយើងដែលសរសេររដោយ ហ្វារ៉ូ សរសេរដោយហោរា ពៅ អ៊ុំ សៀវភៅព្រហ្មជាតិរបស់ខ្មែរ សៀវភៅព្រហ្មជាតិរបស់ថៃ និងរបស់ឡាវ ក៏សរសេរថា កាំភ្លើងអ៊ីចឹងដែរ មិនមែនកាំអគ្គិសនីទេ ការស្រាវជ្រាវរបស់ខ្ញុំ គឺកាំភ្លើង តែម្ដង ហើយយើងមិនដឹងថា កាំភ្លើងហ្នឹងកើតតាំងពីពេលណាទេ”។
អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សាកល រូបនេះ បញ្ជាក់ថា ទេពធីតា កិរិណីទេវី ឬទេពធីតាបុត្រីកបិលមហាព្រហ្មទាំង ៧ អង្គមិនមានកាន់សាស្ត្រាវុធ ឬប្រកាន់សំលៀកបំពាក់ ឬសោយអាហារអ្វីទេ គឺលោកមានរបស់ទិព្វគ្រប់យ៉ាង ចំណែកឧបករណ៍ទាំងឡាយនោះ គឺទាក់ទងនឹងក្បួនហោរាសាស្ត្រទេ។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “ចាស់បុរាណលោកបានសរសេរជាប្រស្នាដើម្បីឱ្យយើងវែកញែកក្នុងទំនាយនីមួយៗ ដូចជាការកាន់កាំភ្លើង ការកាន់ឈើច្រត កង្វេរ កាន់ម្ជុល កាន់អាវុធត្រីសូល៍ជាដើមនោះ។ ព្រះនាងទេពធីតាអត់កាន់អីទេ គឺលោកកាន់ពានមាសដែលតម្កល់ព្រះសិរសា កបិលមហាព្រហ្ម ដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ។ ឯករណីទេពធីតាកាន់ឧបករណ៍ ឬអាវុធផ្សេងៗនេះ គឺជាប្រស្នារបស់លោកហោរាបុរាណសរសេរទុកឱ្យយើង ចំណាំមានទំនាយយ៉ាងម៉េចៗនោះ”។

លោក ង៉ែត សោភណ្ឌ ជាមន្ត្រីចូលនិវត្តន៍ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត និងជាអ្នកនិពន្ធជើងចាស់ បានឱ្យ “កម្ពុជាថ្មី” ដឹង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នេះថា ក្បួនមហាសង្ក្រាន្តខ្មែរ អាចរៀបចំចងក្រងនៅសម័យអង្គរ ដែលបានចារដាក់ស្លឹករឹត ឬលើស្បែកសត្វសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ និងប្រាប់ទំនាយផ្សេងៗប្រចាំឆ្នាំ។ ជាមួយគ្នានេះឯកសាររបស់ លោក ជីវតាក្វាន់ មន្ត្រីទូតចិន ក៏បានពីពណ៌នាពីពិធីបុណ្យចូលឆ្នាំដែលរៀបចំនៅមុខព្រះបរមរាជវាំង ក្រុងនគរធំ ផងដែរ។

លោក ង៉ែត សោភណ្ឌ មានប្រសាន៍បន្តថា៖ “បណ្ឌិតព្រាហ្មណាចារ្យ អាចប្រជុំគ្នា ដាក់ឈ្មោះ ទេពធីតាទាំង ៧ អង្គ ឱ្យកាន់អាវុធខុសៗគ្នា ជាពិសេស “ព្រះទម្រង់អគ្គី” ឬកាំភ្លើងនេះឯង។ បុព្វបុរសខ្មែរ ចេះធ្វើកាំភ្លើងតាំងពីសម័យអង្គរ។ ដូច្នេះយើងអាចសន្និដ្ឋានបានថា អ្នកប្រាជ្ញរាជបណ្ឌិតខ្មែរដែលបង្កើតក្បួនមហាសង្ក្រាន្ត ពិតជាដាក់ឱ្យទេពធីតាចូលឆ្នាំថ្ងៃព្រហស្បតិ៍ កាន់ព្រះទម្រង់អគ្គី ឬកាំភ្លើងនេះឯង លៃយ៉ាងណាឱ្យមានអាវុធតាមអ្វីដែលមនុស្សអាចផលិតបាន ពុំមែនកាំរន្ទះ អាវុធរបស់ព្រះឥន្ទនោះទេ”។

គួរបញ្ជាក់ថា តាមសៀវភៅមហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ ឆ្នាំថ្មី នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?