Connect with us

វប្បធម៌ ជំនឿ

ទេពធីតាទាំង ៧ អង្គ ទ្រង់កាន់សាស្ត្រាវុធ មែន ឬទេ?

បានផុស

នៅ

ប្រជាពលរដ្ឋខ្មែរមានជំនឿថា បើថ្ងៃសង្ក្រាន្ត ឬថ្ងៃចូលឆ្នាំថ្មី ប៉ះចំថ្ងៃណាមួយក្នុងចំណោមថ្ងៃទាំង៧ ប្រចាំសប្ដាហ៍ នោះនឹងមានទេពធីតាមួយអង្គដែលជាកូនកបិលមហាព្រហ្មចុះមកឋានមនុស្សលោកដើម្បីថែរក្សានាំជោគនាំជ័យសិរីសួស្តីដល់មនុស្សលោក គេជឿទៀតថា ទេពធីតាមហាសសង្ក្រាន្តទាំង ៧ អង្គ មានការតុងតែងលម្អព្រះកាយ ព្រមទាំងមានកាន់សាស្ត្រាវុធ មានភក្សាហារ ឬចំណីអាហារ ផ្សេងទៀតផង ទើបគេ​រៀប​គ្រឿង​សក្ការ​បូជា​ សម្រាប់​ទទួល​ទេវតា​ឆ្នាំថ្មី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើទេពធីតាទាំង៧អង្គ កាន់សាស្ត្រាវុធ មែន ឬទេ?

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជាអ្នកស្រាវជ្រាវចងក្រងសៀវភៅ មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ទេពធីតាទាំង ៧ អង្គ មិនមានកាន់សាស្ត្រាវុធអីទេ ប៉ុន្តែឧបករណ៍ទាំងឡាយនោះ គឺទាក់ទងក្បួនហោរាសាស្ត្រទេ។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “ចាស់បុរាណលោកបានសរសេរជាប្រស្នាដើម្បីឱ្យយើងធ្វើការវែកញែកនូវទំនាយនីមួយៗ ដូចជាការកាន់កាំភ្លើង ម្ជុល កងចក្រ ឈើច្រត ព្រះខាន់ អាវុធត្រីសូល៍ជាដើមនោះ គឺព្រះនាងទេពធីតាអត់កាន់នោះទេ គឺលោកកាន់ជើងពានមាសដែលតម្កល់ព្រះសិរសា កបិលមហាព្រហ្ម ដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ”។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “​ការកាន់កាំភ្លើង ឬអាវុធផ្សេងៗនេះ ជាប្រស្នារបស់ហោរាសរសេរទុកឱ្យយើង ថាមានទំនាយយ៉ាងម៉េចៗនោះ។ ជាក់ស្ដែង នៅក្នុងឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នេះ​នឹងចូលនៅថ្ងៃព្រហស្បតិ៍ ចំ​ ទេវធីតា ព្រះនាម កិរិណីទេវី ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង”។ ​

គួរបញ្ជាក់ថា ទេពធីតាមហាសង្ក្រាន្ត ដែលជាបុត្រីរបស់កបិលមហាព្រហ្ម ទាំង ៧ អង្គ មាន៖

១. ថ្ងៃអាទិត្យ៖ ព្រះនាងទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ ភក្សាហារផ្លែឧទុម្ពរ (ផ្លែ​ល្វា) អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ ពាហនៈគ្រុឌ។

២. ថ្ងៃច័ន្ទ៖ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា។

៣. ថ្ងៃអង្គារ៖ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ។

៤. ថ្ងៃពុធ៖ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា។

៥. ថ្ងៃព្រហស្បតិ៍៖ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី។ (ទេពធីតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័កនេះ)

៦. ថ្ងៃសុក្រ៖ កិមិរាទេវី សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី ។

៧. ថ្ងៃសៅរ៍៖ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក។

គួរបញ្ជាក់ថា តាមសៀវភៅមហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ ឆ្នាំថ្មី នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា។ នៅក្នុងឱកាសឆ្នាំថ្មី សូមអស់ប្រជាពលរដ្ឋទាំងឡាយ ខំលះបង់ចិត្តអាក្រក់អន្យតិ​រ្ថិយជាចិត្តអប្រិយជាប់ដោយគំនុំគុំកួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន ឬទានល្អតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖ ទំនាយការកាន់សាស្ត្រាវុធ របស់ទេពធីតាឆ្នាំខាល ដែលអ្នកមិនធ្លាប់ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម