Connect with us

វប្បធម៌ ជំនឿ

បទយកការណ៍៖ ហេតុអ្វីយុវជនបច្ចុប្បន្នសរសេរខុសអក្ខរាវិរុទ្ធច្រើន?

បានផុស

នៅ

បច្ចុប្បន្ននេះ មនុស្សភាគច្រើនជាពិសេសយុវជនសរសេរខុសនូវអក្ខរាវិរុទ្ធ ក៏ដូចជាវេយ្យាករណ៍ខ្មែរច្រើន។ ការសរសេរខុសបែបនេះមានសឹងតែគ្រប់ទីកន្លែងមិនថាក្នុងសំណេរប្រចាំថ្ងៃ សៀវភៅ អត្ថបបទចម្រៀង ឬអក្សររត់ចម្រៀងខារ៉ាអូខេ យីហោអាជីវកម្មនៅតាមទីសាធារណៈនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើបញ្ហាកំំហុសអក្ខរាវិរុទ្ធទាំងនេះបណ្តាលមកពីមូលហេតុអ្វី? គួរដោះស្រាយដូចម្ដេច?

សាស្រ្តចារ្យ ធា សុកម៉េង ប្រធានដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការណ៍ដែលយុវជនកម្ពុជាមិនអាចសរសេរនូវអក្សរខ្មែរឱ្យបានត្រឹមត្រូវ ទៅតាមអក្ខរាវិរុទ្ធ និងវចនានុក្រមខ្មែរនោះ បណ្តាលមកពីបញ្ហាធំគឺ ការមិនឱ្យតម្លៃ និងមិនយល់ពីតម្លៃរបស់ភាសាជាតិ។

សាស្រ្តាចារ្យ ធា សុកម៉េង មានប្រសាសន៍ថា៖ “គេពុំឱ្យតំលៃភាសាជាតិ ជាហេតុធ្វើឱ្យគេមិនស្រឡាញ់ មិនខិតខំសិក្សារៀនសូត្រភាសាជាតិ។ ការមិនយល់អំពីតំលៃ ជាមូលហេតុធំជាងគេបង្អស់។ សេដ្ឋកិច្ចជាតិចំណុះឱ្យសេដ្ឋកិច្ចបរទេស វប្បធម៌តិច ឬច្រើនក៏ចំណុះឱ្យបរទេសដែរ។ ឧទាហរណ៍ភាសាក៏ជាផ្នែកមួយនៃវប្បធម៌។

សាស្ត្រចារ្យបានបន្តថា៖ “ដោយក្រុមហ៊ុនវិនិយោគភាគច្រើនជារបស់បរទេស គេតម្រូវការបុគ្គលិកចេះភាសាបរទេស នាំឱ្យកូនខ្មែរខំរៀនភាសាបរទេស ដើម្បីងាយស្វែងរកការងារដែលមានប្រាក់ខែខ្ពស់។ ម្យ៉ាងអ្នកមានបំណងសិក្សានៅបរទេសក៏ខំរៀនភាសាគេដោយពុំសំចៃកម្លាំង។”

ប្រធានដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែររូបនេះ បានឱ្យដឹងបន្តទៀតថា ការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ ឬព័ត៌មានសង្គមដែលពុំសូវមានតម្លៃ ពុំមានប្រយោជន៍មានច្រើន ភាគច្រើនមិនបណ្ដុះគំនិត បណ្ដុះតែការសប្បាយ ជាហេតុនាំឱ្យក្មេងៗ ឬយុវជន ចំណាយពេលច្រើនទៅលើការកម្សាន្តសប្បាយទាំងនោះជាងការអានសៀវភៅ។

កញ្ញា សី ចរិយា ជានិសិ្សតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ កម្ពុជា បានប្រាប់ “កម្ពុជាថ្មី” ថា កញ្ញាអាចសរសេរអក្សរខ្មែរត្រូវបាន ៧០% ចំណែកខុស ៣០% នោះគឺ ទី១ ទាក់ទងជាមួយនឹងពាក្យបច្ចេកទេស គឹប្រសិនបើកញ្ញាមិនធ្លាប់អាន់ប៉ះ ឬកត់សម្គាល់ទេ គឺមិនអាចសរសេរចេញឡើយ។ ទី២ គឺមានបញ្ហាជាមួយនឹងវេយ្យាករណ៍ខ្មែរ នៅមិនទាន់អាចប្រើប្រាស់ជាផ្លូវការបានត្រឹមត្រូវនៅឡើយទេ គឺត្រូវការពេលវេលាសិក្សាបន្ថែមទៀត។

យុវតី ចរិយា បាននិយាយថា៖ “ខ្ញុំឥឡូវកាត់បន្ថយការនិយាយអង់គ្លេសហើយ ពីមុនវិញគឺ ប្រើអង់គ្លេសសឹងតែរាល់ថ្ងៃ រហូតពេលសរសេរខ្មែរភ្លេច មិនដឹងសរសេរបែបណាត្រឹមត្រូវតាមវេយ្យាករណ៍ ប៉ុន្តែឥឡូវកែប្រែបានច្រើនហើយ”។

កញ្ញា សី ចរិយា បានស្រដីបន្តថា៖ “កូនខ្មែរគួរតែឈប់ប្រព្រឹត្តនូវទង្វើដែលធ្វើឱ្យអក្សរជាតិបាត់បង់ចំនួន៣។ ទី១ ឈប់ប្រើប្រាស់អក្សរអង់គ្លេសជាសំនៀងខ្មែរ បើប្រើអង់គ្លេសឱ្យចំអង់គ្លេស។ ទី២ កុំយកភាសានិយាយ និងភាសាសរសេរមកលាយឡំគ្នា ដូចជាពាក្យ “ញុម និង ខ្ញុំ” ជាដើម។ ទី៣ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការសរសេរ ត្រូវចេះអាន និងចេះចំណាំនូវពាក្យពិបាក ជាពិសេសពាក្យបច្ចេកទេស”។

កញ្ញា ចាន់ ដាណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្របរិស្ថាន នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានប្រាប់ “កម្ពុជាថ្មី” ថា កាលពីនៅវិទ្យាល័យនាងសរសេរអក្សរខ្មែរស្ទើរតែទាំងស្រុង ប៉ុន្តែនៅពេលដែលចូលសាកលវិទ្យាល័យ គឺកញ្ញា ដាណៃ ប្រើប្រាស់តែភាសា អង់គ្លេស ស្ទើរតែ ៨០% ទៅហើយ ព្រោះគឺជាតម្រូវការរបស់សាលា និងសង្គម។

និសិ្សត ចាន់ ដាណៃ​ បានលើកឡើងថា៖ “ខ្ញុំកត់សម្គាល់ខ្លួនឯងថា តាំងពីចប់វិទ្យាល័យមក គឺប្រឹងតែអង់គ្លេស ព្រោះនៅសាលាភាគច្រើនប្រើតែភាសាបទរទេស រហូតដល់ពេលខ្លះសរសេរអក្សរខ្មែរមិនត្រូវ ប្រកបមិនចេញទៀត ដល់ថ្នាក់មិត្តភក្តិ និយាយថាលេងថា គេរៀនបានខ្ពស់ រហូតភ្លេចអក្សរខ្មែរអស់ហើយ”។

កញ្ញា ចាន់ ដាណៃ និយាយបន្តថា៖ “យើងកូនខ្មែរទាំងអស់គ្នាគួរតែចាប់ផ្តើម ដោយការអានឡើងវិញ ដូចជាការអានកាសែត ឬការអានសៀវភៅជាដើម ទើបអាចពង្រឹងការសរសេរឱ្យល្អបាន”។

ចំណែក លោក ពត ជីវ័ន្ត ស្ថាបនិកក្រុមយុវជនម្លប់មេត្តា និងជាអ្នកអភិរក្សអក្សរខ្មែរ នៅខេត្តបាត់ដំបង បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដើម្បីឱ្យកូនខ្មែរសរសេរអក្សរជាតិឱ្យបានត្រឹមត្រូវតាមវចនានុក្រមខ្មែរ គឺកូនខ្មែរគ្រប់រូបត្រូវតែមានវចនានុក្រមផ្ទៀងផ្ទាត់រាល់ការមិនច្បាស់លាស់ត្រង់ពាក្យណាមួយ។

លោក ពត ជីវ័ន្ត បានលើកឡើងបន្តថា នាពេលបច្ចុប្បន្នមានភាពងាយស្រួលបំផុតសម្រាប់ការដាក់វចនានុក្រមជាប់តាមខ្លួន ព្រោះសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យឡើងគឺសុទ្ធសឹងតែប្រើស្មាតហ្វូនដែលអាចដំឡើងកម្មវិធីវចនានុក្រមអេឡិចត្រូនិចបានយ៉ាងងាយស្រួល អាចមានវចនានុក្រមជាប់ខ្លួនគ្រប់ពេល។ ម្យ៉ាងវិញទៀតក្រសួងអប់រំ យុវជន និងកីឡា គួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងរឹតបន្តឹងចំពោះកំហុសអក្ខរាវិរុទ្ធរបស់សិស្សានុសិស្សគ្រប់កម្រិត ដើម្បីមានតម្លាភាពក្នុងការប្រើប្រាស់ឱ្យបានត្រឹមត្រូវចំពោះអក្ខរាវិរុទ្ធនៃភាសាជាតិ។

លោក ពត ជីវ័ន្ត មានប្រសាសន៍បន្តថា៖ “ក្នុងនាមជាយុវជនដែលស្រឡាញ់ និងព្យាយាមអភិរក្សអក្សរសាស្ត្រជាតិមួយរូប ខ្ញុំសូមផ្ដាំផ្ញើដល់កូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងនាំគ្នាអភិរក្សរក្សាអក្សរសាស្ត្រជាតិឱ្យបានល្អប្រសើរ ព្រោះនាពេលបច្ចុប្បន្ននេះ ភាសាខ្មែរយើងកំពុងពេញនិយម និងការទទូចចង់បានយកទៅប្រើប្រាស់ជាភាសាផ្ទាល់ខ្លួននៃប្រទេសជិតខាងយើងផងដែរ។ ដូច្នេះហើយប្រសិនបើកូនខ្មែរមិននាំគ្នាអភិរក្ស និងរក្សាចាប់ពីពេលនេះទេ អាចទៅថ្ងៃខាងមុខអក្សរសាស្ត្រជាតិយើងនឹងវិវត្តក្លាយជាអក្សរសាស្ត្រគេជាក់ជាមិនខាន។”

គួរបញ្ជាក់ថា កត្តាដែលនាំឱ្យការសរសេរខុសអក្ខរាវិរុទ្ធមានកត្តាផ្សេងៗគួបផ្សំគ្នា។ កត្តាទាំងនោះអាចកើតមកពី កត្តាសង្គម កត្តា​កំហុសអ្នកសរសេរ កត្តាបច្ចេកទេស (បញ្ហាកុំព្យូទ័រ) កត្តាមិនទាន់មានក្បូនខ្នាតខាងសរសេរបែបស្តង់ដារ។ ជាមួយគ្នានេះការវិវត្ត ឬការផ្លាស់ប្ដូរទម្រង់ និងការសរសេរនៃអក្សរសាស្ត្រខ្មែរពីមួយជំនាន់ទៅមួយជំនាន់ ការទទួលសម្ពាធពីអាណានិគមនិយមបារាំងដែលចង់ប្ដូរការសរសេរភាសាខ្មែរទៅជាអក្សរឡាតាំងដូចប្រទេសវៀតណាមជាដើម ព្រមទាំងការប្រើក្បួនសរសេរចម្រុះពីអ្នកអក្សរសាស្ត្រ ការប្រើក្បួនខេមរយានកម្ម ជាដើម។ កន្លង​មក អ្នក​ប្រើ​ប្រាស់​អក្សរ​ខ្មែរ ធ្លាប់​ប្រទាញ​ប្រទង់​គ្នា​យ៉ាង​ខ្លាំង​ ជុំវិញ​ការ​ប្រើប្រាស់​សំណេរ​​ព្យាង្គ​តម្រួត និង​ព្យាង្គ​រាយ។ នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឱ្យ​ប្រើ​ប្រាស់​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត​ នៅ​ឆ្នាំ​២០១០​ ដើម្បីបញ្ចប់ភាពប្រទាញប្រទង់នេះ៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម