វប្បធម៌ ជំនឿ
ពិធីឡើងអ្នកតា របស់អ្នកភូមិ នៅជុំវិញប្រាសាទអធ្វា ខេត្តសៀមរាប រៀបចំប្លែកពីគេ
អ្នកភូមិទាំងចាស់ក្មេងបានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារ ទី៣ ខែឧសភា ដើម្បីប្រារព្ធពិធីមួយក្នុងប្រាសាទអធ្វា ស្ថិតិនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ដែលអ្នកស្រុកតែងហៅថា ពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក។ អ្នកភូមិតែងតែនាំគ្នាប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅចំថ្ងៃ៣កើត ខែមាឃ ឬក៏ថ្ងៃ៣កើត ខែពិសាខ។ នៅវត្ដអធ្វា មានទម្លាប់ខុសពីវត្ដដទៃទៀត ដោយសារវត្តនេះ មិនប្រារព្ធធ្វើពិធីបុណ្យពិសាខបូជាទេ ដោយសារតែនៅថ្ងៃ៣កើត ខែពិសាខ ជារៀងរាល់ឆ្នាំ គឺអ្នកភូមិតែងនាំគ្នាធ្វើពិធីឡើងអ្នកតា។

ក្រុមអ្នកភូមិបានឱ្យដឹងថា ដើម្បីឱ្យពិធី ឡើងអ្នកតា ឬពិធីឡើងម្ចាស់ស្រុក អាចប្រព្រឹត្តទៅបាន គឺពួកគាត់បានរៃអង្គាសប្រាក់គ្នា ដើម្បីយកមកធ្វើបាយសម្ល នំចំណី និងទិញផ្លែឈើ ព្រមទាំងគ្រឿងដង្វាយខ្លះទៀតមានដូចជា ក្បាលជ្រូក មាន់ស្ងោរ ភេសជ្ជៈផ្សេងៗ ព្រមទាំងគ្រឿងស្រវឹងខ្លះផង យកទៅរៀបចំធ្វើជាគ្រឿងសំណែន និងដង្វាយ។

ពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក រៀបចំដោយនៅកន្លែងប្រារព្ធ ត្រូវមានស្លាធម៌ បាយសី មានគ្រឿងសំណែន មានផ្ដិលទឹក និងផ្កាមួយថាស ទៀនធូប ដោយមានចាស់ព្រឹទ្ធាចារ្យ អ្នកស្នងរូប និងក្រុមអ្នកភ្លេងអារក្ស មកជួបជុំគ្នាអុជទៀន ធូបបួងសួង ក៏អាចធ្វើទៅបាន។ ការចាប់ផ្ដើមនៃពិធីឡើងអ្នកតានេះ មិនមានព្រះសង្ឃសូត្រមន្ត និងអាចារ្យធ្វើពិធីបួងសួងអ្វីដូចពិធីដទៃទេ គឺកិច្ចចាប់ផ្ដើមដំបូង ដោយគ្រាន់តែក្រុមអ្នកភ្លេងចាប់ផ្ដើមប្រគុំ ហើយស្រែកច្រៀងអញ្ជើញព្រលឹង និងបារមីអ្នកថែរក្សាម្ចាស់ទឹកដីឱ្យមកចូលរួមសប្បាយ និងសេពសោយអាហារ ហើយបន្ទាប់មក មានសំឡេងស្រែកបន្ទរថា “យក្សអរ” ៣ចប់ប៉ុណ្ណោះ ក៏មានព្រលឹង និងវិញ្ញាណ នៃអ្នកថែរក្សា ម្ចាស់ទឹក ម្ចាស់ដី បានមកសណ្ឋិត លើអ្នកស្នងរូបទាំងឡាយ ដោយចាប់ផ្ដើមរាំចាក់ក្បាច់ និងលូនក្រាបទៅតាមលំនាំរបស់គេទៅហើយ។

លោក សុង ស៊ាង អាយុ៧៥ឆ្នាំ ដែលជាចាស់ព្រឹទ្ធាចារ្យនៅក្នុងពិធីឡើងអ្នកតា មានប្រសាសន៍ថា ពិធីឡើងអ្នកតានេះ មានជាយូរយារណាស់មកហើយ ដោយលោកមិនដឹងថាចាប់ពីពេលណាមកឡើយ។ នៅឆ្នាំនេះ អ្នកស្រុកមកពីភូមិចំនួន៤ បានមកធ្វើពិធីឡើងអ្នកតា ឬពិធីឡើងម្ចាស់ស្រុក នៅក្នុងប្រាសាទអធ្វានេះ។ អ្នកភូមិទាំងនោះ មកពីភូមិក្រសាំងរលើង ភូមិទ្រាក ភូមិកក្រាញ់ នៃសង្កាត់សៀមរាប ក្រុងសៀមរាប និងអ្នកភូមិស្ពានជ្រាវ។

លោកព្រឹទ្ធាចារ្យមានប្រសាសន៍បន្តទៀតថា៖ “ពិធីឡើងអ្នកតានេះ គឺអ្នកភូមិតែងនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខាន ដើម្បីសុំឱ្យម្ចាស់ទឹក ម្ចាស់ដីតាមជួយថែរក្សា និងសូមឱ្យអ្នកស្រុក អ្នកស្រែ ព្រមទាំងសត្វចិញ្ចឹមបានសេចក្តីសុខសប្បាយ ជៀសផុតអស់គ្រោះកាចចង្រៃទាំងឡាយចេញពីភូមិ និងស្រុក ព្រមទាំងសុំឱ្យមានទឹកភ្លៀងបរិបូរណ៍ និងដីមានជីជាតិ ធ្វើឱ្យកសិកម្មទទួលបានផលល្អផងដែរ”។
ក្រុមអ្នកភូមិដែលមានជំនឿលើពិធីឡើងអ្នកតានេះ នៅពេលមានស្នងចូលរូបម្ដងៗ គឺពួកគេតែងនាំគ្នាសំពះ ព្រមទាំងសូមឱ្យស្នងរូបនោះ ប្រោះព្រំទឹកមន្ត ឬក៏ជួយប្រសិទ្ធិពរជ័យសិរីសួស្ដី ស្ដោះផ្លុំ មកឱ្យពួកគេជាដើម។

លោកព្រឹទ្ធាចារ្យ សុង ស៊ាង បានឱ្យដឹងថា ពិធីឡើងអ្នកតារបស់អ្នកភូមិនេះ គឺតែងតែងធ្វើឡើងនៅក្នុងប្រាសាទអធ្វា ពីព្រោះគេជឿថាបារមីរបស់អ្នកតាមួយអង្គ ព្រះនាមមហារាជ មហាជម្ពូរ បានគង់នៅក្នុងនោះ។ ចំណែកឯរូបស្នង សម្រាប់ចូលរូបនៅក្នុងពិធីឡើងអ្នកតានោះ គឺមានមនុស្សស្រី៣នាក់ ដោយម្នាក់ជាស្នងរូបឱ្យអ្នកតាម្ចាស់ស្រុកដែលធំជាងគេ ម្នាក់ទៀតជាស្នងរូបពស់ខៀវ រូបយមភូបាល រូបក្រពើស និងម្នាក់ទៀត គឺជាស្នងរូបរបស់គ្រូបាធ្យាយ។

គួរបញ្ជាក់ថា នៅចំថ្ងៃពិសាខបូជានោះ ក្រុមអ្នកភូមិ តែងនាំគ្នាធ្វើពិធីនិមន្តព្រះសង្ឃឆាន់ចង្ហាន់ នៅលើទួលបុរាណមួយដែលអ្នកភូមិហៅថា ទួលតាមឿង ជាផ្នែកមួយនៃរចនាសម្ព័ន្ធរបស់ប្រាសាទអធ្វាដែរ។ នៅថ្ងៃជាមួយគ្នាដែល អ្នកភូមិធ្វើពិធីឡើងអ្នកតា ឬពិធីឡើងម្ចាស់ស្រុក។ ក្រៅតែពីអ្នកភូមិបានធ្វើពិធីសែនព្រេន និងបញ្ចូលរូប នៅក្នុងប្រាសាទអធ្វានោះ អ្នកភូមិក៏នៅបន្តធ្វើពិធីនេះនៅទួលដូនប៉ុក ហើយបញ្ចប់នៅកន្លែងទួលតាមឿង។ នៅលើទួលតាមឿងនោះ គឺក្រុមអ្នកភូមិបានធ្វើពិធីបញ្ចប់ដោយពិធីបញ្ជូនអ្នកតាឡើងគោក។ ពិធីបញ្ជូនអ្នកតាឡើងគោកនេះ គឺមានន័យថា ជាពិធីធ្វើឡើងឱ្យអ្នកតានាំយកអស់គ្រោះកាច គ្រោះភ័យចង្រៃឧបទ្រពទាំងឡាយចេញពីភូមិស្រុកទាំងអស់ ហើយនាំមកនូវសេចក្តីសុខចម្រើនសិរីសួស្ដីចូលមកជំនួសវិញ។ ក្នុងពិធីបញ្ជូនអ្នកតាឡើងគោកនោះ គឺគេសំដៅឱ្យអ្នកតាឡើងទៅលើភ្នំគូលែន ដោយគេមានធ្វើឡានក្រដាសជូនដំណើរអ្នកតា ជាមួយនឹងការសែនបាយទឹកដាក់ក្នុងឡាននោះផង ហើយគេក៏យកឡានក្រដាសទៅដាក់នៅទិសខាងជើងឆ្ងាយពីកន្លែងពិធី ដោយសន្មត់ថា អ្នកតាបានធ្វើដំណើរទៅហើយ៕
អត្ថបទ៖ កុសល



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ