វប្បធម៌ ជំនឿ
ត្រណមប្លែកៗ ក្នុងតម្បាញរបស់ជនជាតិដើមភាគតិច ទំពួន ដែលមហាជនមិនធ្លាប់ដឹង
ស្ត្រីជនជាតិដើមភាគតិចទំពួនភាគច្រើនចេះត្បាញក្រណាត់នៅក្នុងក្រុមគ្រួសារ និងបានបង្កើតជាសហគមន៍លក់ក្រណាត់ និងដាក់បង្ហាញលក់ជូនភ្ញៀវទេសចរ។ មុខរបរត្បាញក្រណាត់ ក៏បានជួយលើកស្ទួយជីវភាពគ្រួសារថែមមួយកម្រិត។
មហាជនភាគច្រើនពិតជាមិនដែលដឹងទេថា បងប្អូនជនជាតិដើមភាគតិច ទំពួន រស់នៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគីរី មានទំនៀមទម្លាប់ និងត្រណមមួយចំនួន ក្នុងតម្បាញប្រពៃណីដ៏យូរលង់នេះ។
លោក ឆាយ សាវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ នេះថា ប្រពៃណីត្បាញក្រណាត់ របស់ជនជាតិដើមភាគតិចទំពួន មានត្រណមមិនឱ្យបុរសត្បាញក្រណាត់បានទេ។ ចាស់ៗមានជំនឿថា បើសិនជាបុរសត្បាញក្រណាត់ ពេលដើរចូលព្រៃនឹងត្រូវសត្វខ្លាខាំ។ ហេតុនេះហើយបានជាគេមិនអនុញ្ញាតឱ្យបុរសមកត្បាញក្រណាត់។
លោក ឆាយ សាវុធ បានឱ្យដឹងបន្ថែមថា ទម្លាប់មួយទៀត ពេលត្បាញក្រណាត់ អ្នកភូមិជនជាតិដើមភាគតិច ទំពួន ក៏មានពិធីសែនផងដែរ។ ពិធីសែននោះគេមិនប្រើធូបទៀនដូចខ្មែរយើងទេ គឺតែងតែកាប់មាន់ និងកាប់ជ្រូក។ គេយកគ្រឿងក្នុងមាន់ និងគ្រឿងក្នុងជ្រូក ដែលមានឈាមទៅក្រលៀសជាមួយមាត់ពាងស្រា។ គេយកគ្រឿងក្នុងមាន់ ឬជ្រូក ទៅដោតជាមួយឈើ រួចធ្វើពិធីសុំ ម្ចាស់ទឹក ម្ចាស់ដី អារក្សអ្នកតា ដើម្បីមានសុខសប្បាយដល់ក្រុមគ្រួសារ។
ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បញ្ជាក់បន្តថា ពិធីសែននេះ គឺគេតែងតែធ្វើនៅពេលក្រោយត្បាញក្រណាត់រួចរាល់បានច្រើន។ នៅក្នុងពិធីសែននោះ គេមិនអនុញ្ញាតឱ្យអ្នកពីក្រៅចូលទៅថតក្នុងបរិវេណរៀបចំពិធីសែនបានទេ។ ក្រៅពីនេះ ពេលបង្ហាត់បង្រៀនដល់អ្នកជំនាន់ក្រោយ ក៏ត្រូវមានរៀបចំពិធីសែនផងដែរ។ ផ្ទុយពីនេះ បើសិនជាត្បាញក្រណាត់យកទៅលក់ដោយមិនបានសែន ស្ត្រីដែលត្បាញនោះនឹងងងឹតភ្នែក។ ទំនៀមទម្លាប់ខាងលើនេះ បានបន្តរក្សារហូតមកដល់សព្វថ្ងៃ។
គួរបញ្ជាក់ថា មុខរបរត្បាញក្រណាត់នេះ មានតាំងពីយូរលង់ណាស់មកហើយ ដោយការត្បាញពីដើម បងប្អូនជនជាតិដើមភាគតិច ទំពួន បានយកកប្បាស កី និងប្រើវិធីជ្រលក់ស្លឹករុក្ខជាតិ ឱ្យអំបោះឡើងជាពណ៌។ ក៏ប៉ុន្តែ វត្ថុធាតុដើមពិបាករក ទើបសព្វថ្ងៃ ស្ត្រីជនជាតិទំពួនបានទិញអំបោះ ដែលមានពណ៌ស្រាប់ពីផ្សារ បានលុង យកមកត្បាញជាក្រណាត់ ច្នៃបានជាច្រើនមុខ សម្រាប់ប្រើប្រាស់នៅក្នុងគ្រួសារ។ ក្រោយពីត្បាញរួច មួយផ្នែកខ្លះបានយកទៅលក់នៅរមណីយដ្ឋានបឹងយក្ខឡោម ឬក៏នៅផ្សារបានលុង និងលក់ជូនអ្នកបញ្ជាទិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក