Connect with us

វប្បធម៌ ជំនឿ

ឈ្វេងយល់ អំពី អាសាឡ្ហបូជា ពីវាគ្មិនជំនាញ ៤ អង្គ និងនាក់

បានផុស

នៅ

កម្មវិធីឈ្វេងយល់អំពី អាសាឡ្ហបូជា និង បុណ្យផ្កាប្រាក់ ដើមី្បប្រមូលបច្ច័យកសាងផ្លូវបេតុង ប្រវែង៤៥០ម៉ែត្រ បានប្រារព្ធនៅបរិវេណវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ក្រោមព្រះរាជវត្តមាននិមន្តជាអធិបតី សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការស្ដីទីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ព្រះមហាវិមលធម្ម ពិន សែម សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា និង ជាព្រះចៅអធិការវត្តរាជបូណ៌ ដោយមានវត្តមានព្រះគ្រូចៅអធិការវត្តនានាក្នុងក្រុងសៀមរាប និង បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ថ្នាក់ដឹកនាំមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ គរុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា ក្រុមយុវជនកាយរិទ្ធកម្ពុជា សិស្សានុសិស្ស និង ពុទ្ធបរិស័ទ ប្រមាណជា៥០០ អង្គ/នាក់ នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថា កម្មវិធីអាសាឡ្ហបូជា នៅថ្ងៃ ១៥ កើត ខែអាសាឍនេះ គឺជាប្រវត្តិសាស្ត្រមួយដែលគួរកក់ត្រាទុក គឺថា គណៈសង្ឃបានប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពត្រឹមត្រូវជាប្រយោជន៍ទៅដល់សង្គម ដោយការចាប់ផ្តើមឆ្លងទិវាដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនាមួយនេះ និង បុណ្យផ្កាប្រាក់សាមគ្គី គឺដើម្បីជាការរៃអង្គាសបច្ច័យយកទៅសងថ្លៃបេតុង ដែលបានចាក់ធ្វើផ្លូវ ១ ខ្សែនៅក្នុងវត្ត បានចំណាយថវិកាអស់ចំនួន ១២ ពាន់ដុល្លារ។

ព្រះមហាវិមលធម្ម ពិន សែម សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា និង ជាព្រះចៅអធិការវត្តរាជបូណ៌ បានលើកឡើងពីគោលបំណងកម្មវិធីឈ្វេងយល់ពី បុណ្យអាសាឡ្ហបូជានេះថា គឺជាថ្ងៃរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំង ៥ របស់ព្រះពុទ្ធ។ ទី១ ថ្ងៃដែលព្រះពុទ្ធទ្រង់ចាប់បដិសន្ធិ ទី២ ថ្ងៃដែលព្រះពុទ្ធទ្រង់ចេញទៅសាងផ្នួស ទី៣ ថ្ងៃដែលព្រះពុទ្ធទ្រង់សម្តែងព្រះធម៌ទេសនាជាលើកដំបូងប្រោសបញ្ចវគ្គីយ៍ ទី៤ ថ្ងៃដែលព្រះពុទ្ធទ្រង់ស្ថាបនាភិក្ខុសង្ឃជាលើកដំបូង និងទី៥ ថ្ងៃដែលព្រះពុទ្ធទ្រង់សម្តែងយមកប្បាដិហារ្យ។ 

បណ្ឌិត សៀង ណាំ មានចាប់អារម្មណ៍ខ្លាំងត្រង់ថា មជ្ឈិមាបដិបទា ឬក៏ធម្មចក្កប្បវត្តនសូត្រ មានអដ្ឋង្គិកមគ្គទាំង ៨ មានអរិយសច្ច ៤ ធ្វើឱ្យមនុស្សក្លាយជាអរិយបុគ្គល ដែលមនុស្សសាមញ្ញឱ្យតែលះបង់ អំពើអាក្រក់ចោលទៅ មានចិត្តជ្រះថ្លា ធ្វើតែអំពើល្អ ទៅជាអរិយបុគ្គល។ លោកបន្តទៀតថា ការឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជានេះ គោលបំណងផ្តល់នូវការយល់ដឹងអំពីដំណើរនៃការស្វែងរកសច្ចធម៌ នៃការរំលត់ទុក្ខរបស់ព្រះសម្មាសម្ពុទ្ធ តាំងតែព្រះអង្គទ្រង់ប្រសូត្រពីផ្ទៃមាតា ព្រះអង្គត្រាស់ដឹងនៅព្រះជន្មាយុ ៣៥ ព្រះវស្សា និងការបំពេញពុទ្ធកិច្ចចំនួន ៤៥ វស្សា ដើម្បីប្រោសសត្វលោក និង បង្កើតពុទ្ធសាសនាទុកដល់មនុស្សជាតិរហូតដល់បច្ចុប្បន្ន។ កម្មវិធីឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជានេះពិតជាល្អ និង មានសារៈសំខាន់ណាស់សម្រាប់ពុទ្ធសាសនិកជនខ្មែរ ក្នុងការអប់រំទៅតាមផ្លូវព្រះធម៌ ឱ្យប្រព្រឹត្តតែអំពើល្អ និង ស្គាល់បុណ្យ ស្គាល់បាប។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានមានថេរដីកាថា អាសាឡ្ហ ជាឈ្មោះខែទី ៨ នៃចន្ទគតិ ដែលហៅថា ខែអាសាឍ ឬ អាសាឡ្ហ ហើយចំណែកឯពាក្យ បូជា មានន័យថា ការថ្វាយ ការគោរពប្រតិបត្តិ ឬគោរពជូនវត្ថុអ្វីៗ ចំពោះបូជនីយបុគ្គល ការស្ដាប់ឱវាទ ប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព ដែលជារួម អាសាឡ្ហបូជាមានន័យថា ការគោរព ការរំលឹកនូវសេចក្តីអ្វីមួយ ខ្លឹមសារអ្វីមួយនៅក្នុងខែអាសាឍ។ ពិធីបុណ្យអាសាឡ្ហបូជា ដែលនឹងប្រារព្ធឡើងនេះគឺ ដើម្បីរំលឹកនឹកដល់ថ្ងៃខួប នៃការចុះចាប់បដិសន្ធិ និងខួបការចេញបួស ជាខួបថ្ងៃសម្តែងបឋមទេសនា និងកំណើតព្រះសង្ឃ ព្រមទាំងសម្តែងយមកប្បាដិហារ្យ។

ព្រឹត្តិការណ៍ប្រកបដោយអភិលក្ខិតសម័យទាំង ៥ នេះ កើតឡើងនៅចំថ្ងៃ ១៥ កើត ខែអាសាឍ ខុសគ្នាតែឆ្នាំតែប៉ុណ្ណោះ។ បុណ្យអាសាឡ្ហបូជា គឺជាថ្ងៃដែល ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ បានកើតគ្រប់ជាចំនួន ៣ ដែលនឹងអាចហៅថា ជាថ្ងៃកំណើតត្រៃសរណៈ គឺជាទីពឹង ៣ ប្រការរបស់ពុទ្ធសាសនិកជនគ្រប់រូបផងដែរ។ ក្នុងការប្រតិបត្តិតាមផ្លូវ អរិយសច្ចៈ ក៏ដូចអដ្ឋង្គិកមគ្គទាំង ៨ នេះ បានផ្តល់អត្ថប្រយោជន៍ដល់ជីវភាពខ្លាំងណាស់ ព្រោះជីវិតត្រូវតែប្រកាន់ខ្ជាប់នូវផ្លូវដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានត្រាស់មក ហើយប្រាប់យើង ។ កាលណាយើងអនុវត្តតាមព្រះសម្មាសម្ពុទ្ធទៅ នឹងធ្វើឱ្យយើងមានការរីកចម្រើន ក៏ដូចជារស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ ហើយមួយវិញទៀតក៏ធ្វើឱ្យយើងមានប្រាជ្ញាស្មារតីក្នុងការដោះស្រាយអ្វីមួយដោយសន្តិវិធី និងគ្មានការប្រើប្រាស់អំពើហិង្សា៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម