វប្បធម៌ ជំនឿ
ស្រាយបញ្ជាក់ប្រវត្តិសាស្ត្រ ស្ដេចសៀមកាត់ព្រះសិរស្ដេចខ្មែរ យកឈាមលាងព្រះបាទា
សៀវភៅប្រវត្តិសាស្ត្រ និងឯកសារនានារបស់ថៃបានបង្ហាញវីរភាពរបស់ ក្សត្រនរេសូរ នៃក្រុងស្រីអយុធ្យាដែលជាក្សត្រខ្លាំងពូកែខាងកិច្ចសឹកសង្គ្រាមវាតទីអំណាច ពង្រីកទឹកដី។ ស្នាព្រះហស្ថសំខាន់មួយជាប្រវត្តិសាស្ត្រដែលតែងតែលើកឡើងនោះគឺ ស្ដេចនរេសូរ បានលើកទ័ពមកវាយដល់ក្រុងលង្វែករបស់កម្ពុជាបានជោគជ័យ និងចាប់ព្រះបាទសត្ថាទី១ ព្រះមហាក្សត្រក្រុងលង្វែក មកប្រហារជីវិតដោយពិធីបឋមកម្ម គឺកាត់ព្រះសិរ (ក្បាល) យកឈាមមកលាងព្រះបាទា (ជើង)។
ពិធីកម្មនេះមានលើកឡើងក្នុងពង្សាវតាក្រុងអយុធ្យាដែលសរសេរជាថ្មីនៅសម័យរតនៈកោសិន្ទ្រ មានសេចក្តីថា៖ “ទ្រង់ត្រាស់ថា យើងបានវាចាហើយថា ប្រសិនបើមានជ័យជម្នះលើព្រះអង្គ យើងនឹងធ្វើពិធីបឋមកម្ម យកលោហិតទ្រង់លាងបាទាយើងឱ្យបាន… ត្រាស់ហើយទើបមានព្រះរាជឱង្ការទៅកាន់មុខមន្ត្រី ឱ្យរៀបចំពិធីបឋមកម្មតាមសាស្ត្រ ព្រះហោរាធិបតីជីព្រាហ្មណ៍ចាត់ចែងកិច្ចសព្វគ្រប់ទើប យាងព្រះបាទនរេសូរគង់លើកើយ រាជអង្គរក្សយកខ្លួនស្តេចក្រុងលង្វែកយកទៅក្រោមកើយ កាត់ក្បាលយកថាសត្រងលោហិត ហើយយកទៅលាងជម្រះព្រះបាទាព្រះចៅនរេសូរ…”។
ដោយសារអត្ថបទមួយវគ្គក្នុងព្រះរាជពង្សាវតារសៀមនេះហើយ ទើបធ្វើឱ្យជនជាតិថៃជំនាន់ក្រោយជាច្រើនជឿថា មានពិធីនេះពិតមែន ឬរហូតដល់មានការគូរជាគំនូរបរិយាយពីទិដ្ឋភាពនេះនៅឯក្នុងព្រះវិហារវត្ដសុវណ្ណតារារាម ដែលគូរឡើងពីប្រវត្តិ ព្រះនរេសូរ នារជ្ជកាលស្តេចរាមាទី៧ ទៀតផង។
ករណីនេះ ទំព័រហ្វេសប៊ុក “បុរាណាចារ្យ” ថ្មីៗនេះ បានលើកឡើងថា សៀវភៅប្រវត្តិវិទ្យាកម្ពុជា មានសរសេរពីរឿងនេះដែរ តែមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ ថាជារឿងប្រឌិត ឬយ៉ាងណា ជាហេតុធ្វើឱ្យអ្នកខ្លះស្រពិចស្រពិល សឹងជឿថា រឿងនេះជារឿងពិតទៀតផង។
អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក “បុរាណាចារ្យ” ប្រាប់ “កម្ពុជាថ្មី” ថា តាមឯកសារមួយចំនួនដែលខ្លួនបានស្រាវជ្រាវបង្ហាញថា រឿងរា៉វទាក់ទងនឹងការប្រហារជីវិតស្តេចខ្មែរក្នុងព្រះរាជពង្សាវរតាសៀមសម័យអយុធ្យានេះមានភាពមិនប្រក្រតី ខុសឆ្ងាយចេញពីភស្តុតាងឯកសារប្រវត្តិសាស្ត្រនានា ទាំងឯកសារខាងខ្មែរ ឯកសារបរទេស និងឯកសារខាងថៃខ្លួនឯង។
១. ខុសពីឯកសារប្រវត្តិសាស្ត្រ ព្រះរាជពង្សាវតារខ្មែរគ្រប់តម្រាទាំងអស់ ដែលនិយាយថា ព្រះបាទសត្ថាទី១ ស្តេចយាងទៅភាគខាងជើងប្រទេស។
២. ខុសពីព្រះរាជពង្សាវតារថៃរបស់ហ្លួងប្រសិទ្ឋ ដែលសរសេរនៅសម័យអយុធ្យាផ្ទាល់ ដោយក្នុងព្រះរាជពង្សាវតារនេះមិនមាននិយាយពីព្រឹត្តិការណ៍ការប្រហារជីវិត ឬចាប់បានព្រះបាទសត្ថាទី១ ទេ។
៣. ខុសពីភស្តុតាងសហសម័យ កំណត់ហេតុរបស់បរទេសនាសម័យនោះទាំងអស់ ជាពិសេសគឺកំណត់ហេតុរបស់លោក Antonio de Morga ដែលបង្ហាញថា ព្រះមហាក្សត្រលង្វែកស្តេចភាសព្រះកាយទៅភាគខាងជើងប្រទេសរហូតដល់ស្រុកលាវ ហើយចូលទិវង្គតនៅទីនោះ។
៤. គំនូរដែលគូរនៅវត្តមួយឯក្រុងអយុធ្យា ឈ្មោះវត្តសុវណ្ណតារារាម គឺជាគំនូរសម័យយុគដំបូងៗរបស់ថៃ ដោយគូរពីប្រវត្តិនានារបស់ព្រះចៅនរេសូរ គំនូរនេះទើបតែគូរដោយ ពញាអនុសាសនចិត្រករ នៅឆ្នាំ១៩៣១ តែប៉ុណ្ណោះ។
៥. មានការសន្និដ្ឋានជាច្រើនរបស់អ្នកស្រាវជ្រាវថៃផ្ទាល់ខ្លួនឯង ទាក់ទងនឹងការដែលពង្សាវតារសម័យរតនកោសិន្ទ្រ បានតែងរឿងប្រឌិតពីការកាត់ក្បាលស្តេចលង្វែកនោះ គឺទំនងជាឧបាយ ឬអាចជាការគំរាម បង្ហាញអំណាចមិនឱ្យកម្ពុជា រើបម្រះនឹងសៀម នៅខណៈដែលខ្លួនមានអំណាចលើកម្ពុជានាសម័យនោះ។
៦. ប្រវត្តិសាស្ត្រជាតិនិយមរបស់ថៃ បានបង្ហាញថា កម្ពុជាចូលចិត្តរករឿងសៀម មិនរម្លឹកនូវគុណបុណ្យសៀម ថាជាពួកទុកចិត្តមិនបាន បានចាក់ជ្រៅក្នុងឫសគល់ការគិតរបស់ជនជាតិថៃជាច្រើនជំនាន់ ក៏ដោយសាររឿងរ៉ាវស្តេចក្រុងលង្វែកនេះឯង។
បុរាណាចារ្យ លើកឡើងថា ព្រះបាទសត្ថា ជាក្សត្រលង្វែកដែលបានលើកទ័ពមកវាយសៀមជាច្រើនលើកជាច្រើនសារ ពេលដែលសៀមកំពុងជាប់សឹកជាមួយនឹងភូមា ជាហេតុដែលស្តេចនរេសូរ ត្រូវលើកទ័ពទៅវាយលង្វែកវិញ។ ហេតុដែលគេតែងលើកយករឿងនេះមកនិយាយជាញឹកញាប់ គឺគ្រាន់តែដើម្បីរម្លឹកថា ខ្មែរគួរតែមានភក្តីភាព ចុះញ៉មនឹងសៀម។ តែអ្វីដែលប្រវត្តិសាស្ត្រជាតិនិយមថៃមិនបានបង្រៀនប្រាប់ជនជាតិថៃនោះគឺ ការណ៍ដែលលង្វែកលើកទ័ពទៅវាយនោះគឺ ដើម្បីយកនូវតំបន់ដែលធ្លាប់ជាកម្មសិទ្ធបុព្វបុរសរបស់ខ្លួន ហើយការវាយដណ្តើមប្រជាជន ឬអាណាខេត្ត ពេលរដ្ឋណាមួយចុះទន់ខ្សោយនោះ គឺជាទំនៀមរបស់បណ្តាអាណាចក្រនៅអាស៊ីអាគ្នេយ៍នេះតាំងពីបុរាណមកហើយ ដែលសៀមខ្លួនឯងធ្លាប់ធ្វើជាច្រើនលើកច្រើនសារផងដែរ តែមិនត្រូវបានយកមកនិយាយក្នុងប្រវត្តិសាស្ត្រសៀម ឬត្រូវបានយកមកនិយាយក្នុងន័យផ្សេងទៅវិញ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ ម៉ាណារ៉ា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ភាគីម្ខាងៗតែងតែទោរទន់ទៅរកភាពជាតិនិយម ឯជំនិតជាតិនិយមរហូតបង្កើតជាជ្រុលនិយម ក្នុងការលើកឡើងនូវប្រវត្តិការណ៍នីមួយៗតាមរយៈគំនូរ វិចិត្រការណ៍របស់ខ្លួន។ ខាងថៃគិតថា ខ្លួនមានកម្លាំងអានុភាពនៅពេលស្ដេចខ្មែរខ្វះរាជានុភាព ឬខ្វះកម្លាំងរហូតធ្វើទុក្ខទោម្នេញដល់ស្ដេចខ្មែរដែលគេបានលើកឡើងបែបនោះ។
សាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា មានប្រសាសន៍បន្តថា៖ “រឿងដែលសំខាន់ គឺបានចុះសន្និសញ្ញាសម្ព័ន្ធភាព ការពារគ្នាទៅវិញទៅមក។ ពេលមានប្រវត្តិការណ៍ច្បាំងជាមួយភូមា ថៃត្រូវការសម្ព័ន្ធភាពជាមួយខ្មែរ ដល់ពេលថៃបានចប់សង្គ្រាម ក៏ប្រកាន់ ថាខ្មែរមិនគោរព (សន្ធិសញ្ញា) អ៊ីចឹងក៏គិតថា ខ្មែរចង់ប្រឆាំង ហើយក៏បង្កើតប្រវត្តិការណ៍។ រឿងនេះ មិនជាការពិតទាំងអស់នោះទេ គឺជាការសម្ដែងចេញនូវភាពសម្ញែងណាមួយ។ ខ្មែរបុរាណក៏មានពិធីកម្មសម្ញែងបែបនេះដែរ”។
សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ជម្រាបថា ប្រវត្តិសាស្ត្រគឺបែបនេះឯង ប៉ុន្តែមិនមែនជាប្រវត្តិសាស្ត្រពិតទេ គ្រាន់តែជាប្រវត្តិសាស្ត្របែបនយោបាយក្នុងការទាញយកការគាំទ្រនៃកម្លាំងជាតិរបស់ខ្លួនក្នុងការប្រឆាំងជាតិមួយទៀត នៅក្នុងអតីតកាល។ លោកជម្រាបដល់កូនខ្មែរ អ្នកសិក្សាទាំងឡាយ សូមគិតពីបច្ចុប្បន្ន អនាគត។
សាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា មានប្រសាសន៍បន្តថា៖ “សូមនាំគ្នាសិក្សាអតីតកាលឱ្យបានដិតដល់មែនទែន ថាតើលក្ខណៈត្រង់ណានាំឱ្យស្ដេចថៃធ្វើបែបនេះចំពោះស្ដេចខ្មែរ ហើយបែបនេះ មានតម្លៃអ្វី? ដោយត្រូវបង្កើតគំនិតពិចារណាដែលយើងត្រូវរស់ជាមួយគ្នារហូតតទៅ។ អ៊ីចឹង សិក្សាអតីតកាលដើម្បីអភិវឌ្ឍជាតិទៅអនាគត។ បញ្ញវន្តទាំង២ក្រុម ទាំងខាងខ្មែរ និងខាងថៃ ប្រសិនជាអាចធ្វើបាន គឺយើងរៀន ស្រាវជ្រាវ និងពិភាក្សាជាមួយគ្នា”។
បើតាម ទំព័រហ្វេសប៊ុក “បុរាណាចារ្យ” បញ្ជាក់ថា វត្តសុវណ្ណតារារាមរាជវរវិហារ មានទីតាំងស្ថិតនៅភូមិលេខ៤ ឃុំហោរតនៈជ័យ ស្រុកព្រះនគរស្រីអយុធ្យា ខេត្តព្រះនគរស្រីអយុធ្យា ប្រទេសថៃ ជាវត្តប្រចាំរាជវង្សចក្រី (រាជវង្សដែលគ្រប់គ្រងប្រទេសថៃបច្ចុប្បន្ន) ត្រូវបានសន្និដ្ឋានថាកសាងឡើងនៅចុងសម័យអយុធ្យា ដោយមន្ត្រីធំម្នាក់គឺ ព្រះអក្សរសុន្ទ្រសាសន៍ (ថងឌី) ដែលជាបិតារបស់ព្រះចៅរាមាទី១។ លុះដល់ព្រះចៅរាមាទី១ បានសោយរាជ្យជាព្រះមហាក្សត្រសៀម បានតាំងរាជវង្សថ្មីរួចស្រេចហើយ ទើបយាងមកជួសជុលវត្តនេះឡើងវិញនៅឆ្នាំ ១៧៨៥ រហូតសម័យតៗក្រោមមកទៀតព្រះមហាក្សត្ររាជវង្សចក្រីនានា ក៏សព្វព្រះទ័យជួសជុលទំនុកបំរុងវត្តនេះជាដរាប រហូតធ្វើឱ្យវត្តនេះក្លាយជាវត្តប្រចាំរាជវង្សចក្រីតំណរមកដល់សម័យបច្ចុប្បន្ន។
នៅក្នុងរជ្ជកាលព្រះរាមាទី៤ (១៨៥១-១៨៦៨) ព្រះអង្គសព្វព្រះទ័យឱ្យសាងព្រះវិហារថ្មីមួយនៅមុខព្រះចេតិយបុរាណនោះ តែពុំបានហើយស្រេចក្នុងការគូរគំនូរលើជញ្ជាំងព្រះវិហារទេ។ ពេលវេលាកន្លងហួសទៅរហូតដល់ដើមសតវត្សទី២០ ព្រះចៅរាមាទី៧ បានរៀបចំចាត់ចែងក្នុងការគូរគំនូរក្នុងព្រះវិហារថ្មីនេះ ដោយបានសម្រេចគូរគំនូរស្តីអំពីព្រះរាជជីវប្រវត្តិព្រះចៅនរេសូរ ក្នុងនោះមានគំនូរ១ផ្ទាំង និយាយពីព្រះនរេសូរ វាយឈ្នះក្រុងលង្វែក និងបានចាប់ក្សត្រខ្មែរកាត់ព្រះសិរ យកព្រះលោហិតមកលាងជើង ដែលបង្កជាភាពភ្ញាក់ផ្អើល ចម្រូងចម្រាសក្នុងប្រវត្តិសាស្ត្រខ្មែរ-ថៃ។
នៅកំឡុងឆ្នាំ១៩២៩ ព្រះចៅរាមាទី៧ ទ្រង់សព្វព្រះទ័យឱ្យជួសជុលវិហារវត្តសុវណ្ណតារារាមរាជវរវិហារឡើងវិញ ព្រោះជាវត្តសំខាន់ប្រចាំព្រះរាជសន្តតិវង្សចក្រីបច្ចុប្បន្នផងនោះ ទើបបានត្រាស់បង្គាប់ឱ្យ ពញាអនុសាសន៍ចិត្រករ (ចន្ទ្រ) គូរគំនូរស្តីពីព្រះរាជជីវប្រវត្តិព្រះចៅនរេសូរ តាមឯកសារពង្សាវតារឡើងនៅលើជញ្ជាំងព្រះវិហារវត្តសុវណ្ណតារារាម ដោយប្រើប្រាស់បច្ចេកទេសការគូរគំនូរបែបអ៉ឺរ៉ុប រួមបញ្ចូលគ្នានឹងរចនាប័ទ្មប្រពៃណីថៃ។ ការគូរគំនូរនេះចំណាយរយៈពេលអស់ ២ ឆ្នាំ ចាប់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣១ ហើយតាមការណ៍នេះធ្វើឱ្យគំនូរក្នុងវិហារវត្តសុវណ្ណតារារាមក្លាយជា គំនូរប្រពៃណីថៃដំបូងបំផុតដែលប្រើប្រាស់បច្ចេកទេសគូររូបដោយពណ៌ទឹកសម័យថ្មី។ នៅក្នុងគំនូរផ្ទាំងទី១១ នៃជញ្ជាំងវិហារនេះ ក៏បានគូរបង្ហាញអំពីរឿង ព្រះនរេសូរធ្វើពិធីបឋមកម្មស្តេចក្រុងលង្វែកដ៏ល្បីល្បាញនេះផងដែរ ដោយមានភ្ជាប់នឹងអក្សរអធិប្បាយពីខាងក្រោមរូបភាពថា “សម្តេចព្រះនរេសូរស្តេចលើកកងទ័ពហ្លួង ទៅវាយក្រុងកម្ពុជា វាយបានក្រុងលង្វែក ទ្រង់ធ្វើបឋមកម្ម ហើយកៀរគរឈ្លើយសឹកត្រឡប់មកវិញ ក្នុងពុទ្ធសករាជ ២១៣៦ (ឆ្នាំ១៥៩៣)”៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ