វប្បធម៌ ជំនឿ
មកស្គាល់ស្ថាបនិក គេហទំព័រ ឧស្សាហកម្មភាពយន្តខ្មែរ ដ៏មានស្នាដៃ
“ឧស្សាហកម្មភាពយន្តខ្មែរ គឺជាគេហទំព័រមួយបង្កើតឡើងមានគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយពីភាពយន្តខ្មែរដែលជាស្នាដៃរបស់ខ្ញុំផ្ទាល់ មិនថារឿងភាគ ឬរឿងខ្លីៗបែបសង្គមគ្រួសារ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តខ្មែរឱ្យកាន់តែមានភាពសម្បូរបែប”។
នេះជាការលើកឡើងរបស់ ស្ថាបនិក គេហទំព័រ “ឧស្សាហកម្មភាពយន្តខ្មែរ” ដែលជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងអ្នកកវីនិពន្ធប្រលោមលោក ដ៏មានកេរ្តិ៍ឈ្មោះ ដែលបច្ចុប្បន្នលោកថែមទាំងបាននិពន្ធភាពយន្តភាគចាក់ផ្សាយតាមទូរទស្សន៍ដែលត្រូវបានមហាជនគ្រប់លំដាប់ថ្នាក់ទទួលស្គាល់ស្នាដៃដ៏ប៉ិនប្រសប់របស់លោកអាចខាបអារម្មណ៍ទស្សនិកជនតាមដានទស្សនា ដ្បិតពិបាកទាយស្មានដំណើរសាច់រឿង និងសាច់រឿងមានបង្កប់ខ្លឹមសារ និងការអប់រំ។
ពីមុនភាពយន្តល្អ ទស្សនិកជនស្គាល់តែតួសម្ដែង ឥឡូវយើងអាចស្គាល់ដល់អ្នកនៅពីក្រោយភាពយន្តល្អនោះហើយ។ សម្ដីស្រទន់ ម៉ឺងម៉ាត់ ច្បាស់លាស់ លោក យូ សុភា មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” ថា ចំពោះភាពយន្តភាគ ១ ភាគ លោកត្រូវចំណាយពេល ២ ថ្ងៃ ឬ ១ ខែ លោកអាចសរសេរបាន ១៥ ភាគ ចំណែកការសរសេរភាពយន្តខ្លី បែបអប់រំសង្គមគ្រួសារ គឺ ២ ថ្ងៃ សរសេរបាន ១រឿង អាស្រ័យទៅលើពេលវេលា ដោយសារលោកជាប់រវល់បំពេញការងារផ្សេងទៀត ក្នុងនាមជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
សាស្ត្រាចារ្យ យូ សុភា មានប្រសាសន៍បញ្ជាក់ថា៖ “ការស្រាវជ្រាវនិពន្ធភាពយន្ត គឺអាស្រ័យលើខ្លឹមសាររឿង តើរឿងឆ្លុះបញ្ចាំងពីអ្វី យើងនឹងស្រាវជ្រាវឯកសារដែលពាក់ព័ន្ធនឹងសង្គមបរិយាកាស កាលអាកាសសម័យនៃរឿងនោះ។ បើសរសេររឿងសម័យ យើងពិនិត្យមើលទិដ្ឋភាពសង្គមបច្ចុប្បន្ន មានរឿងអ្វីដែលពេញនិយម ហើយកើតឡើងក្នុងសង្គមញឹកញាប់ ទាមទារឱ្យយើងចេះសង្កេត វិភាគ ហើយបង្កើតជាសាច់រឿង”។
កវី វ័យ ៤២ ឆ្នាំរូបនេះ បានឱ្យដឹងថា ឧស្សាហកម្មភាពភាពយន្តខ្មែរ បាននិពន្ធភាពយន្តដែលបាន និងកំពុងត្រៀមចាក់បញ្ចាំងតាមទូរទស្សន៍ ភាពយន្តភាគ ដូចជារឿង រាជិនីភូមិគ្រឹះ មហិច្ឆតា ឋានសួគ៌ទារុញ ឫស្យា រាជិនីសូត្រ អប្សរាមហាអង្គរ ក្រមុំឆ្នាស់កំលោះឆ្នើម ចិត្តកូនស្រី នាងហរទ័យ…។ ចំណែកភាពយន្តខ្លីអប់រំ មានដូចជារឿង ម៉ែ កែ ១០០ដុល្លារ មើលងាយ វង្វេង អ្នកជិតខាង លះបង់ បាក់ទឹកចិត្ត ពុកខ្ញុំរត់កង់បី ពេលម៉ែឈឺ លោកគ្រូខ្ញុំ ល្ខោន បងប្អូន សម្បកក្រៅ ជីវិតគូ មិត្តល្អ លុយកូន ប្រពន្ធក្មេង ប្រពន្ធចាស់ ធាតុពិត ភ្លើតភ្លើន កូនក្រៅបញ្ជី ព្រមទាំងរឿងមួយចំនួនទៀត កំពុងរៀបចំសរសេរដើម្បីចាក់ផ្សាយបន្ត។
សាស្ត្រាចារ្យវាចាស្រទន់រូបនេះ លើកឡើងថា៖ “មិនមានបញ្ហាច្រើនក្នុងការនិពន្ធទេ ដោយសារខ្ញុំមានទុនច្រើនក្នុងការសរសេរបង្កើតគំនិតទាក់ទងនឹងបញ្ហាសង្គម មានអំណោយផលដោយសារធ្លាប់សិក្សាឯកទេសអក្សរសាស្ត្រ ជាសាស្ត្រាចារ្យអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ បូករួមទាំងការស្រាវជ្រាវបន្ថែម”។
លោក យូ សុភា បានឱ្យដឹងថា លោកពុំអាចសរសេររឿងភាគចាក់បញ្ចាំងតាមប៉ុស្តិ៍ទូរទស្សន៍ឡើយ ដោយសារលោកជាប់កុងត្រាជាមួយ ទូរទស្សន៍ ហង្សមាស ប៉ុន្តែ “ឧស្សាហកម្មភាពយន្តខ្មែរ” មានក្រុមការងារ ជំនាញអក្សរសាស្រ្ត មានបទពិសោធសរសេរសៀវភៅប្រលោមលោក ទទួលបានពានរង្វាន់នានា រង់ចាំទទួលសរសេរអត្ថបទភាពយន្តសម្រាប់បញ្ចាំងតាមរោងភាពយន្ត ទាំងរឿងបែប មនោសញ្ចេតនា, អភិនីហារ, បុរាណ, អក្សរសិល្ប៍ប្រជាប្រិយ, ផ្សងព្រេង, ស៊ើបអង្កេត, ប្រវត្តិសាស្រ្ត, ហាសរស (កំប្លែង), បែបចិត្ត-ទស្សនវិជ្ជា ។ល។ ផលិតករភាពយន្ត អាចទាក់ទងតាមឆាត ឬតេឡេក្រាម ០១១ ៧៦ ៥១ ៣៤។
លោក យូ សុភា មានប្រសាសន៍ថា៖ “ចំពោះតម្លៃនៃការនិពន្ធភាពយន្តបញ្ចាំងតាមរោងភាពយន្ត គឺអាស្រ័យលើសាច់រឿង បើរឿងធម្មតា មានតម្លៃចាប់ពី ២ ០០០ ដុល្លារ ឡើងទៅ បើភាពយន្តដែលត្រូវស្រាវជ្រាវបន្ថែម និងត្រូវសហការផលិតជាមួយបរទេស គឺមានតម្លៃបន្ថែមទៅតាមទំហំការលំបាកនៃការតែងនិពន្ធនោះ”។
កើតឆ្នាំ ១៩៨០ នៅរាជធានីភ្នំពេញ លោក យូ សុភា មានឪពុកឈ្មោះ យូ វណ្ណថៃ និងម្ដាយ ឈ្មោះ ជេត វណ្ណបូផា ជាកូនច្បងក្នុងចំណោមបងប្អូន ៨នាក់ មាន ប្រុស ៧ នាក់។ លោកបញ្ចប់ការសិក្សាពីវិទ្យាល័យទួលទំពូង និងចេញបង្រៀននៅឆ្នាំ ២០០៣ បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ២០០៧ និងមានកូនស្រីពីរនាក់។
លោក យូ សុភា ចាប់ផ្តើមសរសេរប្រលោមលោក តាំងពីឆ្នាំ២០០០ ហើយបានទទួលពានរង្វាន់ និងមេដាយជាច្រើន លើការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ មានជាអាទិ៍ដូចជា៖
រឿងខ្លី “ជីវិតដែលគេបោះបង់ចោល” ចំណាត់ថ្នាក់លេខ៣ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកម្មវិធីទិវាអក្សរសាស្ត្រ។
រឿងខ្លី “ហេតុអ្វីឯងព្រម?” ចំណាត់ថ្នាក់លេខ១ ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រឿង “អំណាចនៃលទ្ធិប្រជាធិបតេយ្យ” ចំណាត់ថ្នាក់លេខ១ លើផ្នែករឿងខ្លី ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រឿង “កុលស្រ្តី” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់ព្រះនាងឥន្រ្ទទេវី រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
រឿងខ្លី “បរិញ្ញាបត្រខ្ញុំ ឬទុកបរិញ្ញាបត្រឱ្យមេឃមើល” ចំណាត់ថ្នាក់លេខ២ រៀបចំឡើងដោយសមូហកម្មអក្សរសិល្ប៍នូហាចលើកទី២។
រឿង “បំណុលវាសនា” ពានរង្វាន់ព្រះបាទអង្គឌួង ចំណាត់ថ្នាក់លេខ២ (គ្មានចំណាត់ថ្នាក់លេខ១) ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
រឿង “ត្រើយនិស្ស័យ” ពានរង្វាន់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ចំណាត់ថ្នាក់លេខ១ ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
រឿង “ទោះសុរិយានៅតែរះ” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត (គ្មានចំណាត់ថ្នាក់លេខ១) រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
រឿង “គ្មានទៀតឡើយ” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ឧកញ៉ាវិបុលរាជ នូ កន ដែលរៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កំណាព្យខ្លី “ម៉ែឈប់ខ្លាចទៅ” រង្វាន់លេខ១ ស្តីពីការបោះឆ្នោត។ ព្រមទាំងមានពានរង្វាន់ផ្សេងៗជាច្រើនទៀត។
ចំណែកប្រលោមលោកដែលបានបោះពុម្ព មានដូចជារឿង កញ្ញាម្ទេសខ្មាំង រាជកញ្ញា បើបេះដូងជាប់ឈាម បងជាស្វាមីក្រៅបេះដូង ជាកំណប់ស្នេហ៍អូនថែជូនបង សច្ចៈសីលគុណ កុំផ្តាច់និស្ស័យកុំប្រល័យស្នេហ៍បង ទុកបរិញ្ញាប័ត្រឱ្យមេឃមើល ស្ពានកោះពេជ្រផ្តាច់ស្នេហ៍ ព្រលឹងខ្មោចស្រីបំបែកក្តីឃាតកម្ម ស្អប់អូនចុះបើបងដឹង និងរឿងខ្លីៗជាច្រើនទៀត ដែលបានចុះផ្សាយលើទំព័រទស្សនាវដ្ដី និងតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍២ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង