វប្បធម៌ ជំនឿ
ទៅវត្តរាល់ដង ពុទ្ធបរិស័ទដឹងទេថា ត្រូវធ្វើអ្វីមុន រហូតដល់ចុងក្រោយ ទើបអាចចេញពីវត្តបាន?
ពុទ្ធបរិស័ទទូទៅតែងទៅវត្ត ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ពួកគេតែងរៀបចំចង្ហាន់ ទេយ្យទាននានាប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសល ជូនបុព្វការីជន ដូនតា មាតាបិតា ញាតិមិត្តដែលបានចែកឋានទៅហើយ។ ដោយសាររបៀបវារៈមានច្រើនដំណាក់់ ឯអ្នកប្រណិប័តក៏ធ្វើរៀងៗខ្លួន ឬធ្វើជាបន្តបន្ទាប់តាមអ្នកមកដល់មុន មកដល់ក្រោយ នាំឱ្យពុទ្ធបរិស័ទមួយចំនួន ពិសេសយុវជន និងក្មេងៗ អាចច្រឡំដោយធ្វើដំណាក់កាលចុងក្រោយ នៅកណ្ដាល ឬធ្វើរបៀបវារៈដំណាក់កាលកណ្ដាល នៅចុងក្រោយក៏មាន។

ដើម្បីយល់កាន់តែច្បាស់ “កម្ពុជាថ្មី” បានសម្ភាស គ្រូបង្រៀនព្រះសង្ឃនៅខេត្តកណ្ដាល ខណៈលោកធ្លាប់បួស ជិត ១០ វស្សាផងនោះ។
លោក ខុម សុខឃាង បានប្រាប់ “កម្ពុជាថ្មី” ថា របៀបវារៈនៃការចូលវត្ត ពេលចូលវត្ត ពុទ្ធបរិស័ទត្រូវថ្វាយបង្គំព្រះពុទ្ធរូប ព្រះសង្ឃ ជាមុន។ តែជាទូទៅ យើងឃើញព្រះសង្ឃមុន បើឃើញព្រះសង្ឃនៅជិត យើងថ្វាយបង្គំព្រះសង្ឃ។ តែបើអត់មានព្រះសង្ឃទេ យើងរកកន្លែងតម្កល់ព្រះពុទ្ធបដិមា ហើយថ្វាយបង្គំឧទ្ទិសដល់គុណព្រះពុទ្ធ ហើយបូជា ថ្វាយផ្កាភ្ញី បើមាន និងជួបជុំគ្នាតាមកាលៈទេសៈ យកចង្ហាន់ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសដល់ញាតិមិត្តដែលបានចែកឋាននោះ។

លោកគ្រូ ខុម សុខឃាង លើកឡើងបន្តថា៖ “ចំពោះអ្នកដែលមានចេតិយញាតិមិត្តនៅវត្ត គឺច្រើនតែទៅរៀបចំពិធីបង្សុកូលនៅចេតិយ ហើយអញ្ជើញលោកអាចារ្យ និមន្តព្រះសង្ឃ បង្សុកូលជុំញាតិដោយរីករាយ ដែលមានកោដ្ឋធាតុដូនតានៅទីនោះស្រាប់។ ប៉ុន្តែបើកាលៈទេសៈមិនអាចទៅបង្សុកូលនៅចេតិយផ្ទាល់បាន ក៏យើងអាចបង្សុកូលនៅ កុដិព្រះសង្ឃ ឬនៅសាលាឆាន់ ហើយឧទ្ទិសទៅក៏បាន ព្រោះចេតិយនេះ គ្រាន់តែជាទីតម្កល់ធាតុឪពុកម្ដាយយាយតា មិនមែនបានន័យថា ពួកគាត់ស្លាប់ហើយ វិញ្ញាណត្រូវតែនៅនឹងធាតុក្នុងចេតិយហ្នឹងទេ អ៊ីចឹងអ្វីដែលជាតួផ្សាយទៅពួកគាត់ហ្នឹង គឺ ការបង្សុកូល តាមរយៈព្រះសង្ឃដែលឧទ្ទិសកុសលទៅនេះ”។

អតីតសង្ឃរូបនេះ លើកឡើងបន្ថែមថា ការបង្សុកូល សូម្បីតែយើងបង្សុកូលពីផ្ទះ ក៏បានដែរ។ គ្រាន់តែ ពុទ្ធបរិស័ទខ្លះ ចិត្តមិនសូវធ្ងន់ បើកោដ្ឋធាតុញាតិសន្ដានដូនតានៅឆ្ងាយ គឺទាល់តែមានធាតុដូនតានៅជិត ហើយបង្សុកូលទៅ ទើបមានចិត្តកក់ក្ដៅ ឬរីករាយ ដោយគិតថា ពេលខ្លួនឧទ្ទិសនេះ ទើបបានដល់ដូនតា។

លោក ខុម សុខឃាង បញ្ជាក់ថា៖ “ប៉ុន្តែការពិត អត់ទេ ទោះធាតុហ្នឹងនៅជិត ឬឆ្ងាយក្ដី ឱ្យតែយើងបានបង្សុកូល ឧទ្ទិសទៅ នោះចាត់ទុកថាជាការណ៍ប្រពៃហើយ ឯរឿងថា ការឧទ្ទិសនោះ ដល់មិនដល់ គឺជារឿងដែលយើងមើលមិនឃើញ”។

លោកគ្រូ ខុម សុខឃាង បានឱ្យដឹងបន្តថា បន្ទាប់ពីបង្សុកូលហើយ ទោះបង្សុកូលនៅសាលាឆាន់ ឬនៅចេតិយក៏ដោយ គឺយើងត្រូវយកបាយសម្លនោះទៅរាប់បាត្រ តាមការរៀបចំរបស់គណៈកម្មការវត្ត នោះទើបចាត់ទុកថា ចប់របៀបវារៈ។ បន្ទាប់ពីនោះ យើងអាចចាកចេញពីវត្ត ឬត្រឡប់មកផ្ទះ ទៅណាទៀតក៏បាន តែបើយើងនៅដល់ពិធីបុណ្យចប់ចុងចប់ដើម ដល់ព្រះសង្ឃឆាន់រួច និងហូបបាយជុំគ្នានៅវត្តទៀត នោះកាន់តែល្អ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច