វប្បធម៌ ជំនឿ
ឈ្វេងយល់ ទំនៀមបោះបាយបិណ្ឌ សម័យអង្គរ
បាយបិណ្ឌ គឺជាបាយដែលគេដាំពីអង្ករដំណើប ហើយពូតលាយជាមួយគ្រាប់ធញ្ញជាតិមាន ល្ង សណ្ដែក ជាដើម។ ប្រជាជន និងទីវត្តអារាមមួយចំនួន តែងរៀបចំពិធីបោះបាយបិណ្ឌ ពេលព្រលឹមស្រាងៗមុនថ្ងៃរះ ដោយមានព្រះសង្ឃ អាចារ្យ ដឹកនាំក្បួនដើរជុំវិញវិហារ សូត្រធម៌ និងបោះបាយបិណ្ឌលើដី ឬទីដែលគេរៀបចំឱ្យបោះបាយបិណ្ឌនោះ។ គេមានជំនឿថា ប្រេតមិនអាចឃើញពន្លឺថ្ងៃបាន ហើយក៏មិនអាចទទួលអាហារសំណែន ដាក់នឹងចានត្រឹមត្រូវបានដែរ។

បច្ចុប្បន្ននេះ យើងស្គាល់ប្រេត នៅតាមរូបគំនូរក្នុងទីវត្តអារាម និងតាមជញ្ជាំងនៃព្រះវិហារព្រះពុទ្ធសាសនាប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រាវជ្រាវវប្បធម៌ខ្មែរនៅអាជ្ញាធរជាតិអប្សរា លោក អាំង ជូលាន បានប្រទះឃើញរូបភាពប្រេត នៅលើចម្លាក់មួយនៅប្រាសាទតា នៃក្នុងតំបន់អង្គរ ហើយប្រហែលមានតែមួយគត់ដែលចាស់ជាងគេក្នុងសិល្បៈខ្មែរ។

អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានលើកបង្ហាញឱ្យឃើញថា យោងតាមគម្ពីរព្រះពុទ្ធសាសនាមហាយាន Kāraṇḍavyūha ដែលបានសរសេរនៅក្នុងតំបន់កាស្មៀ នៃប្រទេសឥណ្ឌា តាំងពីអំឡុងសតវត្សរ៍ទី៥ នៃគ្រីស្តសករាជ និយាយពីរឿងរ៉ាវរបស់ព្រះអវលោកិតេសូរ ដែលព្រះបាទជ័យវរ្ម័នទី៧ បានយកមកប្រតិបត្តិក្នុងរជ្ជកាលរបស់ព្រះអង្គរ នៅចុងសតវត្សរ៍ទី១២ មានបង្ហាញរឿងព្រះអវលោកិតេសូរសង្គ្រោះប្រេត។ តាំងតែពីជាង ៩០០ ឆ្នាំមុន អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ទំនងជាប្រតិបត្តិគម្ពីរព្រះពុទ្ធសាសនាមហាយាន Kāraṇḍavyūha តាំងពីអំឡុងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ នៃគ្រីស្តសករាជ សម្រាប់ស្រោចស្រង់អ្នកស្លាប់ក្នុងចម្បាំងបង្ហូរឈាមដ៏ធំមួយ ដើម្បីរំដោះរាជធានីអង្គរចេញពីទ័ពចម្ប៉ា។

លោកបានឱ្យដឹងថា ដោយសារតែចម្បាំងនោះ ធ្វើឱ្យរាស្ត្រជាច្រើនបានស្លាប់ រួមទាំងព្រះញាតិវង្សផង រងទុក្ខវេទនា និរាសព្រាត់ប្រាស់គ្រួសារ ព្រមទាំងកងទ័ពរបស់ព្រះអង្គជាច្រើនបានពលីជីវិត។ ព្រះអង្គមានព្រះទ័យជឿថា ព្រះញាតិវង្ស មន្រ្តី រាស្ត្រប្រជា និងកងទ័ពខ្លះ បានសុគត និងស្លាប់ទាំងនោះ មិនដឹងវិញ្ញាណក្ខន្ធទៅដល់ទីណា ឬខ្លះដែលអាចនឹងទៅកើតជាប្រេត ទទួលរងទុក្ខទោសនៅឯឋានប្រេត។ មានតែព្រះអវលោកិតេសូរទេ តាមទំនៀមក្នុងគម្ពីរ Kāraṇḍavyūha មានអំណាច និងលទ្ធភាពជួយសង្គ្រោះពួកប្រេតទាំងនោះឱ្យរួចផុតពីទុក្ខទោស និងឱ្យវិលមកកើតជាមនុស្សវិញបាន។

រឿងរ៉ាវ និងភស្ដុតាងអំពីប្រេតនេះ បានឆ្លាក់រូបទុកនៅលើហោជាងថ្ម នៃខ្លោងទ្វារខាងកើតរបស់ប្រាសាទតា នៃក្នុងទឹកដីខេត្តសៀមរាប បន្សល់ទុកមកដល់បច្ចុប្បន្ន។ លើសពីនេះទៀត នៅក្នុងជំនឿរបស់ព្រាហ្មណ៍សាសនា ដើម្បីសង្គ្រោះពួកប្រេតទាំងឡាយឱ្យអាចវិលមកកើតជាមនុស្សវិញបាននោះ មានកិច្ចពិធីមួយ គឺបោះបាយបិណ្ឌដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន។
លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា តាមសិលាចារិកថ្នល់បារាយណ៍ លេខសម្គាល់ K279 គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា ដែលភាសាសំស្រ្កឹតហៅថា “ស្រាទ្ធ” គឺជាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ។

ការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លានទាំងនោះបានទទួលទានចំអែតក្រពះទេ។ បាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិតចំនួន ១៩ ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ ដែលកើតទៅជាប្រេត អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន។ តាមទំនៀមខ្មែរជឿថា មនុស្សគ្រប់រូបមានធាតុពីរសំខាន់គឺ៖ ទី១ នាម (ព្រលឹង) ទី២ គឺ រូប (រាងកាយ)។ នៅពេលដែលមនុស្សស្លាប់ទៅនៅសល់តែនាម គឺព្រលឹង ចំណែកឯរូបវិញ គឺបានរលាយបាត់ទៅហើយ។ ដោយសារហេតុផលនេះគេជឿថា ដើម្បី ឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន គឺទាល់តែធ្វើឱ្យនាម និងរូបបានភ្ជាប់គ្នាឡើងវិញ។ ដូច្នេះហើយបានជាបុព្វបុរសខ្មែរ ប្រារព្វធ្វើពិធីបោះបាយបិណ្ឌ នៅក្នុងពេលភ្ជុំបិណ្ឌនេះឡើង៕
កែសម្រួលពី អាជ្ញាធរជាតិអប្សរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល