វប្បធម៌ ជំនឿ
បេក្ខជនរីកចម្រើនផ្នែកនិពន្ធ ប៉ុន្តែនៅមានចំណុចខ្វះខាត ផ្នែកអត្ថន័យ អត្ថរស និងអត្ថរូប
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រគល់ពានរង្វាន់ “ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០២២ ផ្នែកកំណាព្យរឿង និងប្រលោមលោកខ្នាតខ្លី ដល់បេក្ខជនទាំង១០រូប សម្រាប់ជយលាភីពីលេខ១ ដល់លេខ៥ ទាំងពីរផ្នែក នៅទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បេក្ខជនទាំងអស់មានការរីកចម្រើនផ្នែកនិពន្ធយ៉ាងណាក្តី ក៏នៅមានចំណុចខ្វះខាតមួយចំនួនដូចជា ផ្នែកអត្ថន័យ អត្ថរស និងអត្ថរូប។

លោក កុក រស់ ជាប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា លទ្ធផលជារួមដែលគណៈកម្មការបានដាក់ពិន្ទុ និងវាយតម្លៃ ឃើញថា មានដាក់ជាបញ្ហាចោទ ការប្រើប្រាស់ពាក្យពេចន៍ និងប្រយោគប្រទាក់គ្នាបានល្អ។ ព្រមទាំងបានអប់រំមនុស្សឱ្យស្គាល់ពីតម្លៃរបស់ខ្លួន ចេះជួយគ្នា បំបាត់ការរើសអើងក្នុងសង្គម ដែលទាំងនេះបង្ហាញពីការអប់រំដល់សង្គម។

លោកបន្តថា ទោះបីជាយ៉ាងនេះក្តី ក៏មានអ្នកនិពន្ធមួយចំនួន នៅមិនទាន់យល់ច្បាស់ពីអត្ថន័យ អត្ថរស អត្ថរូប និងខ្លឹមសារនៃការបង្កើតស្នាដៃរបស់ខ្លួននៅឡើយទេ។
ចំពោះ លោក យូ សុភា ជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកអនុគណៈកម្មការកំណែផ្នែកប្រលោមលោកខ្នាតខ្លី មានចំណាប់អារម្មណ៍ថា ស្នាដៃទាំង១០ របស់ជយលាភី គឺសុទ្ធតែជាស្នាដៃដែលមានអត្ថន័យ អត្ថរស និងអត្ថរូបបានល្អ ឆ្លើយតបជាមួយនឹងតម្រូវការរបស់ការប្រឡង។ ទោះបីជាបេក្ខជនទាំងអស់មានការរីកចម្រើនផ្នែកនិពន្ធយ៉ាងណាក្តី ក៏នៅមានចំណុចខ្វះខាតមួយចំនួនដូចជា ផ្នែកអត្ថន័យ ពោលគឺ បេក្ខជនមួយចំនួន នៅមិនទាន់អាចបង្ហាញពីលក្ខណៈពិសេសរបស់សង្គមទាំងមូលបាននៅឡើយទេ។

ចំពោះផ្នែកអត្ថរស បេក្ខជនមួយចំនួន បានប្រពាក្យពេចន៍មួយចំនួនមិនគប្បី អសុរោះនៅក្នុងសាច់រឿង មិនត្រូវតាមក្បួនខ្នាតអក្សរសិល្ប៍ទេ មួយវិញទៀត ដំណើររឿង និងដំណោះស្រាយនៃរឿង ក៏មានចំណុចមួយចំនួននៅខ្វះខាតច្រើន ពុំទាន់ទទួលយកបាន។ ចុងក្រោយគឺផ្នែក អត្ថរូប គឺស្នាដៃមួយចំនួន បន្ទាប់ពីអានរួច នៅមិនទាន់មើលឃើញពីតម្លៃអប់រំ ការបង្ហាញពីសីលធម៌ អត្តសញ្ញាណជាតិ របៀបរបបរស់នៅរបស់ប្រជាជននៅក្នុងរឿង នៅមិនទាន់មានភាពច្បាស់លាស់។
លោក ហ៊ុយ សារ៉ាត់ មកពីខេត្តពោធិសាត់ ជាម្ចាស់ជយលាភីលេខ១ ផ្នែកប្រលោមលោកខ្នាតខ្លីរឿង “បណ្តឹងសហគមន៍” បានថ្លែងក្នុងពិធីប្រគល់រង្វាន់ “ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០២២នេះថា លោកពិតជាមានសេចក្តីត្រេកអរជាពន់ពេក ដែលលោកអាចយកជយលាភីលេខ១នេះបាន ព្រោះនេះជាលើកទី២ នៃការប្រឡងរបស់លោក ដោយលោកធ្លាប់ប្រឡងម្តងរួចមកហើយកាលពីឆ្នាំ២០១១ ប៉ុន្តែមិនទទួលបានភាពជោគជ័យឡើយ។

ម្ចាស់ជយលាភី រូបនេះបានបន្តថា ទោះបីជាលោកទទួលបានជយលាភីលេខ១ យ៉ាងណាក្តី ក៏លោកមើលឃើញពីភាពខ្វះខាតរបស់ខ្លួនមួយចំនួន ព្រមទាំងត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ មិនតែប៉ុណ្ណោះ លោក ហ៊ុយ សារ៉ាត់ មើលឃើញថា ការកម្មវិធីប្រឡងនេះ គឺជាកម្មវិធីមួយដែលល្អ និងជាការលើកទឹកចិត្តដល់កវីនិពន្ធគ្រប់រូបនៅកម្ពុជា អាចបញ្ចេញស្នាដៃនិពន្ធរបស់ខ្លួនបានយ៉ាងល្អ។ មួយវិញទៀត ក៏ជាការលើកស្ទួយដល់វិស័យនិពន្ធ និងអក្សរសាស្រ្តខ្មែរ ឱ្យមានការរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខទៀត។
គួរបញ្ជាក់ថា ជយលាភីលេខ១ ផ្នែកកំណាព្យរឿង បានទៅលើរឿង “គុណការងារ” និពន្ធដោយលោក ភិរម្យ ដារ៉ា ដែលលោកគឺជាមន្ត្រីរាជការនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។ ជយលាភីលេខ២ បានទៅលើកំណាព្យរឿង “អ្នកគ្រូជាយដែន” និពន្ធដោយលោក មឿន សំណាង ជាបុគ្គលិកធនាគារនៅខេត្តឧត្តរមានជ័យ។ ជយលាភីលេខ៣ បានទៅលើកំណាព្យរឿង “មេស្រុក” និពន្ធដោយលោក ជួន ខ្មៅ ជាគ្រូបង្រៀនមុខវិជ្ជា គីមីវិទ្យានៅខេត្តព្រះសីហនុ។ ជយលាភីលេខ៤ បានទៅលើកំណាព្យរឿង “ព្យុះជីវិតនាងរស្មី” ស្នាដៃនិពន្ធរបស់លោក ចំរើន សុភ័ក្រ ជាគ្រូបង្រៀនមកពីខេត្តកំពត។ រីឯ ជយលាភីលេខ៥ គឺបានទៅលើស្នាដៃកំណាព្យរឿង “សន្សើមសន្តិភាព” របស់លោក សាម សុនិត មកពីខេត្តកំពង់ចាម ប៉ុន្តែជារឿងគួរឱ្យស្តាយដែលលោកបានលាចាកលោកទៅហើយ កាលពីខែតុលា ក្នុងវ័យ ៣៧ឆ្នាំ ដោយរោគាពាធ។

ចំណែកឯកជយលាភីផ្នែករឿងប្រលោមលោកខ្នាតខ្លីវិញគឺ ជយលាភីលេខ១ បានទៅលើរឿង “បណ្តឹងសហគមន៍” របស់លោក ហ៊ុយ សារ៉ាត់ មកពីខេត្តពោធិសាត់។ ជយលាភីលេខ២ បានទៅលើរឿង “សំនៀងប៊ិឡានី” និពន្ធដោយលោក សុវណ្ណ សិរីវុឌ្ឍ នៅរាជធានីភ្នំពេញ។ ជយលាភីលេខ៣ បានទៅលើរឿង “ថ្ងៃរះហើយពុក” និពន្ធដោយលោក ពៅ មករា នៅរាជធានីភ្នំពេញ។ ជយលាភីលេខ៤ គឺរឿង “បាសាក់” របស់លោក តុប ច័ន្ទរិទ្ធ មកពីខេត្តបាត់ដំបង។ ចំពោះជយលាភីលេខ៥ គឺស្នាដៃរឿង “ក្រាំងតាត្រាវ” និពន្ធដោយលោក សៀង ឈុនលី ដែលជាបេក្ខជនមកពីខេត្តកំពង់ស្ពឺ។

ការប្រឡងតែងនិពន្ធពានរង្វាន់ “ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០២២នេះ មានបេក្ខជនដាក់ស្នាដៃប្រឡងសរុបចំនួន ១០៤ស្នាដៃ ក្នុងនោះមានផ្នែករឿងប្រលោមលោកខ្នាតខ្លីចំនួន ៧៦ស្នាដៃ និងផ្នែកកំណាព្យរឿង មានចំនួន ២៨ស្នាដៃ។ ក្នុងការប្រឡងនេះ មានស្នាដៃរបស់បេក្ខនារីចំនួន ៤២ស្នាដៃ៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ