វប្បធម៌ ជំនឿ
ជំនាញផ្សេងគ្នា រវាងជនជាតិដើមភាគតិចកួយ នៅកម្ពុជា និងនៅថៃបច្ចុប្បន្ន
កួយ ជាជនជាតិភាគតិចខ្មែរមួយប្រភេទដែលចូលចិត្តរស់នៅតំបន់ដាច់ឆ្ងាយពីជនជាតិខ្មែរ ប៉ុន្តែវប្បធម៌ និងប្រពៃណី ការរស់នៅមានលក្ខណៈស្រដៀងនឹងជនជាតិខ្មែរច្រើន ជនជាតិភាគតិចកួយទាំងបួនកាន់សាសនាព្រះពុទ្ធដូចជនជាតិខ្មែរដែរ។ កាលពីសម័យបុរាណ ជនជាតិនេះចូលចិត្តរស់នៅក្នុងព្រៃជ្រៅ ប្រកបមុខរបបធ្វើស្រែ និងរកស៊ីបោចវល្លិ៍ ដងជ័រឈើ។ ជនជាតិនេះមានភាសាដោយឡែកពីគ្នាខុសពីភាសាខ្មែរ។ កួយមានភាសាច្រើន កួយមានដូចជា កួយដែក កួយដំរីជាដើម។
លោក អាំង ជូលាន ជា នរវិទូ និងទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា តាំងពីសម័យបុរាណ និងបច្ចុប្បន្ន គេពិបាកកំណត់ចំនួនជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាណាស់ ដោយសារត្រូវការសិក្សាស្រាវជ្រាវឱ្យបានប្រាកដ ហើយជាការងាររបស់ភាសាវិទូ ព្រោះភាសាមួយចំនួនបានបាត់បង់ជាបណ្តើរៗ។
លោក អាំង ជូលាន មានប្រសាសន៍ថា ជនជាតិភាគតិចកួយ អាចមានទំនាក់ទំនងខ្លាំងទៅនឹងរាជការខ្មែរសម័យបុរាណ។ ជាមួយគ្នានេះ ជនជាតិកួយមានភាពលេចធ្លោជាងគេ ដោយសារសម័យបារាំង មានឯកសារច្រើនពីជនជាតិកួយ។ បារាំងបានលើកតម្កើង ដោយសារជនជាតិកួយមានជំនាញ និងទេពកោសល្យខាងវិជ្ជាស្លដែកដ៏ប៉ិនប្រសប់ ដែលជាបច្ចេកទេសមួយដ៏ពិបាក។
លោក អាំង ជូលាន មានប្រសាសន៍ថា៖ “បារាំងបានបន្សល់ទុកនូវឯកសារជាច្រើនពីសកម្មភាពជីកថ្មរ៉ែដែក ការស្លដែករបស់ជនជាតិកួយ។ ជនជាតិភាគតិចកួយ ដែលល្បីល្បាញក្នុងការស្លដែកនោះ គឺកួយនៅកំពង់ស្វាយ ដែលស្ថិតនៅខេត្តកំពង់ធំ សព្វថ្ងៃ រហូតមានចម្រៀងក្នុងពិធីមង្គលការដោយលើកសរសើរពីដាវកំពង់ស្វាយនេះដែរ”។
លោកសាស្ដ្រាចារ្យ លើកឡើងថា តាមការស្រាវជ្រាវពីបុរាណវិទូបារាំង ដែករបស់កួយមានគុណភាពល្អជាងដែកដែលបារាំងយកពីបរទេសទៅទៀត តែដោយសារដែកពីបរទេសគេផលិតជាលក្ខណៈឧស្សាហកម្ម ដូច្នេះគេលក់ក្នុងតម្លៃថោកជាង ហើយកួយធ្វើដោយដៃ យូរៗទៅក៏លែងមានអ្នកផលិត រហូតបាត់បង់នៅជំនាន់សង្គ្រាមលោកលើកទី២។
គួរឱ្យដឹងថា ជនជាតិកួយ មានបួនអម្បូរគឺ កួយអន្ទ័រ ភាគច្រើនរស់នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ, អម្បូរ កួយអក កួយអឺ នៅខេត្តក្រចេះ និងស្ទឹងត្រែង និងអម្បូរ កួយអន់រ័រ ឬ ហៅថាអន្រ្ទើ មានរស់នៅខេត្តកំពង់ធំ។
ចំណែកបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា គឺខេត្តបុរីរ៉ាម ខេត្តសុរិន្ទ្រ និងខេត្តអូប៊ុន ក៏មានជនជាតិកួយរស់នៅច្រើនដែរ និងសម្បូរទីតាំងអាចម៍ដែកបុរាណ។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវដោយផ្ទាល់ឃើញថា ជនជាតិកួយនៅទីនោះមិនដែលចេះស្លដែកទេ គឺគេនិយមទាក់ដំរី និងធ្លាប់បានចុះមកទាក់ដំរីមកដល់ស្រុកខ្មែរ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៧០។
លោក អាំង ជូលាន បានស្រាវជ្រាវរកឃើញថា ទោះបីកួយនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មិនចេះស្លដែក ប៉ុន្តែពួកគេមានវិជ្ជាដុំដែក តែសព្វថ្ងៃមានចំនួនតិចតួច។ ប៉ុន្តែអ្វីកាន់តែងឿងឆ្ងល់ គឺពួកគេប្រសប់ក្នុងការធ្វើដាវលក់ឱ្យភ្ញៀវទេសចរ ដោយមិនធ្វើសម្ភារប្រើប្រាស់ដទៃ។
លោក អាំង ជូលាន មានប្រសាសន៍ថា៖ “ម៉េចគាត់ធ្វើតែដាវ? នេះជាអ្វីដែលឆ្ងល់! ធ្វើលក់ឱ្យទេសចរ ធ្វើតែដាវ ម៉េចមិនធ្វើរបស់អីផ្សេង? ខ្ញុំធ្លាប់ឮចាស់ៗពីដើមថា កួយឱ្យតែចុះពីផ្ទះទៅ គេស្ពាយដាវមួយ ធ្វើឱ្យខ្ញុំយល់ថា… តែអត់ភស្ដុតាងមិនទៅជឿ ១០០ភាគរយទេ តែខ្ញុំសង្ស័យថា ប្រទេសកម្ពុជាពីដើម កួយមានចំណែកនៅក្នុងទ័ពផង ចំណែកជាអាវុធផង… ហេតុម៉េចបានជាកន្លែងហ្នឹង គ្រប់កន្លែងឱ្យតែកួយ? ខ្ញុំមិនមែនថា ដាវទាំងអស់នោះរបស់កួយទេ…។ ខ្ញុំយល់ថា កួយមានចំណែកក្នុងប្រវត្តិសាស្ដ្រកម្ពុជាសម័យអង្គរ…។ នេះជាប្រធានបទដែលអ្នកស្រាវជ្រាវត្រូវសិក្សាបន្តទៀត ដើម្បីឱ្យច្បាស់ ១០០ភាគរយ”។
គួរបញ្ជាក់ថា តាមការលើកឡើងរបស់អង្គការលើកស្ទួយវប្បធម៌កួយនៅខេត្តព្រះវិហារបង្ហាញថា អត្តសញ្ញាណវប្បធម៌កួយ ដូចជា ភាសា ជំនឿសែនអារក្សអ្នកតា ពិធីមង្គលការតាមបែបប្រពៃណីជនជាតិកួយ កំពុងបាត់បង់ដោយសារជនជាតិកួយខ្លួនឯងបោះបង់ចោលផង ដោយសារកត្តានយោបាយក្នុងប្រទេស រួមផ្សំឥទ្ធិពលវត្តមានវប្បធម៌ស៊ីវិល័យរបស់បរទេស នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ដូចជា៖ ប្រពៃណីក្លាយមួយចំនួននៃការរៀបការ មិនមានការប្រើឧបករណ៍ភ្លេងមាន ទ្រ ស្គរ ប៉ី ដូចពីដើម។ ការស្លៀកពាក់ក៏សម្របជ្រុលទៅតាមសម័យឥឡូវ ដូចជាហាយឡាយសក់ក្រហម ស្លៀកខ្លី ខោជើងខ្លី មានអាវលេចមុខលេចក្រោម ដែលបូរាណមានអាវបំពង់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan