ទំនៀមទម្លាប់ ១០ យ៉ាង​ដែល​ជនជាតិចិនជឿថា​នាំ​សំណាង​នៅ​​ថ្ងៃចូលឆ្នាំ​ថ្មី – Kampuchea Thmey Daily
Connect with us

ជំនឿ

ទំនៀមទម្លាប់ ១០ យ៉ាង​ដែល​ជនជាតិចិនជឿថា​នាំ​សំណាង​នៅ​​ថ្ងៃចូលឆ្នាំ​ថ្មី

Published

on

ក្នុង​ចំណោម​ពិធីបុណ្យនានារបស់ប្រពៃណីចិន ​ពិធី​បុណ្យ​ចូលឆ្នាំ​ ជាប្រពៃណី​ធំ​បំផុតប្រចាំប្រទេសដែលប្រជាជនជឿថា នាំសំណាងជាងគេ និងមិនអាចអាក់ខានបានឡើយ។

មកចូលរួម ស្វែងយល់ទាំងអស់គ្នា!

១. រីករាយឆ្នាំថ្មី

នៅ​ក្នុង​ប្រទេស​ចិន​និង​តៃវ៉ាន់​ក្រុមហ៊ុន​ ស្ថាប័ននានា ក៏ដូចជាសាលារៀន​តែងបិទទ្វារ​រយៈ​ពេល​១សប្ដាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ​រីឯប្រជាជនចំណាកស្រុក​ត្រូវ​តែ​ធ្វើដំណើរ​ត្រឡប់​ចូលមក​អបអរ​ពិធី​បុណ្យ​ជាតិ​របស់​ខ្លួនវិញ ទោះនៅទីណាក៏ដោយ។ ការវិលត្រឡប់ចូលស្រុក ជាជំនឿដែល​ជនជាតិ​ចិនជឿថា ក្រុមគ្រួសារ ​សាច់ញាតិ នឹងទទួលបានសិរីសួស្ដី។

២. បំផ្ទុះផាវ

ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន ​ផាវ​ត្រូវ​បាន​កំណត់​ឲ្យផ្ទុះ​នៅ​ម៉ោង ១២ ថ្ងៃត្រង់ ដើម្បី​បណ្ដេញ​សេចក្ដីអាក្រក់ អពមង្គល ​និង​អបអរ​ការ​ចូល​ឆ្នាំ​ថ្មី។ គេ​និយាយ​ថា​ អ្នកណា​ដែល​ធ្វើ​ឲ្យផាវ​ផ្ទុះ​ដំបូង​នឹង​មាន​សំណាង​ល្អ។

៣. គ្រឿងតុបតែង

នៅ​ប្រទេស​ចិន​ ទីផ្សារ​លក់​គ្រឿង​តុបតែង​សុទ្ធតែពណ៌​ក្រហម​ ជា​កញ្ចប់ៗ ​រួម​មាន គ្រឿងអលង្ការ អាហារ​ និងកាំជ្រួច​ដែលត្រូវ​បើកលក់​អបអរ​មុន​ចូល​ឆ្នាំមកដល់។ ពិសេស​ផ្កាអ័រគីដេ ​និង​ផ្លែ​អូលីវ ដោយ​ផ្កា​ទាំងនោះ​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​គ្រឿង​លំអ​ដ៏​ពិសេសក្នុងឱកាសនេះ។

៤. សម្អាត

ប្រជាជនចិន រមែងសម្អាតគ្រប់​កន្លុកកន្លៀត​នៃ​ផ្ទះ​ ដោយ​កម្ចាត់​ភាព​កខ្វក់​​កាល​ពី​ឆ្នាំមុន​ចោល​ឲ្យអស់ ​ដើម្បី​នាំ​សំណាង​នៃ​និទាឃៈរដូវ​ដំបូង។ ប្រសិនបើ​សម្អាតផ្ទះ​នៅ ​ ២ ឬ ៣ ថ្ងៃដំបូងនៃឆ្នាំថ្មី ​តាម​ទំនៀមទម្លាប់​ជនជាតិ​ចិនជឿថា វាអាច​ស្រូប​យក​លាភ​សំណាង​ក្នុង ១២ ខែខាងមុខ។

៥. សងបំណុលឲ្យអស់

ប្រសិន​បើ​បាន​ខ្ចី​ប្រាក់​ពី​គ្រួសារ​ឬ​មិត្តភក្ដិ​កាល​ពី​ឆ្នាំ​មុន​ ត្រូវតែសង​បំណុល​ឱ្យ​ពួកគេ​ មុន​ពេល​ចាប់ផ្ដើម​នៃ​ឆ្នាំ​ថ្មី។ ប្រាក់​កម្ចី​ដែល​មិន​ទាន់​សង​អស់ជ្រះស្រឡះ ​នឹង​អាច​នាំ​សំណាង​អាក្រក់​ដល់​អ្នកនោះមិនខាន​។

៦. ការកាត់សក់និងតុបតែងខ្លួន

ការស្លៀកសម្លៀកបំពាក់​ថ្មី ក៏ជាហុងស៊ុយសំណាងក្នុងបុណ្យប្រពៃណីនេះ។ ​ ជា​ពិសេស​ពណ៌​ក្រហម​ គឺ​ជា​ពណ៌​សំណាងជាងគេ រីឯ​​ពណ៌ខ្មៅ​និង​ស​ត្រូវបានចៀសវាង ព្រោះនាំឲ្យសំណាង​ត្រូវ​ឃ្លាតឆ្ងាយ​ក្នុង​ឆ្នាំ​ថ្មី។ ដូចគ្នា​នឹង​ការ​កាត់សក់ ​ជនជាតិ​ចិន​មាន​តំណម​ ហាម​កាត់សក់​ថ្ងៃ​ចូលឆ្នាំ​ដំបូង។

៧. តុបតែងផ្ទះ

តុបតែង​ផ្ទះ​ជាមួយ​នឹង​ចានដែលមានផ្លែ​ក្រូច​ឬ​ផ្លែ​ប៉ោម​ឬ​ជាមួយ​រុក្ខជាតិ​ស្រស់ ជាការបញ្ចៀសលាភអាក្រក់ (ចៀសវាង​ផ្កា​ពណ៌ស​ ព្រោះ​ពណ៌​អស់​នេះ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ពិធី​បុណ្យ​សព) ។ ក្រៅពីនោះ ​​ទម្លាប់​ព្យួរតួ​អក្សរ​ចិនដែល​មាន​ន័យ​ថា​សំណាង​ល្អ ក៏ត្រូវបានយកមកតុងតែងផ្ទះផងដែរ។

៨. ជួបជុំជាមួយគ្រួសារ

រាត្រី​សំខាន់​បំផុត​ក្នុងថ្ងៃ​ចូលឆ្នាំ នោះ​ជា​ពេល​ដែលជួបជុំ​ជាមួយ​មនុស្ស​ក្នុង​គ្រួសារ​ដើម្បី​ទទួលទាន​អាហារ​ពេលល្ងាចរួមគ្នា។ ទៀតសោត អាហារ​​តែងដាក់​ពេញៗ​ចាន​ជាពិសេស​គឺ​នំប៉ាវ (ពី​ព្រោះ​វា​មាន​រាង​ដូច​មាស​ឬ​ប្រាក់) និង​នំ​អង្ករ​ស្អិត​ជាដើម។

៩. ជូនអាំងប៉ាវ

ទំនៀមទម្លាប់​ជនជាតិ​ចិន​​តែងតែ​ជូនអាំងប៉ាវ​ ឬ​ស្រោម​សំបុត្រ​ក្រហម​ដែល​មាន​ប្រាក់​ទៅ​កាន់​​​ក្មេងៗឬ​មនុស្ស​ពេញវ័យ​ដែល​មិន​ទាន់​រៀបការ​ និង​មនុស្សចាស់​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ដើម្បីផ្ដល់លាភត្រឡប់មកវិញ។

១០. ជូនអំណោយទៅគ្នាទៅវិញទៅមក

ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ​ជនជាតិ​ចិន​តែងតែ​នាំ​យក​អំណោយ ដែល​មាន​ដូចជា​ផ្លែឈើ ​នំ​ឬ​ស្ករគ្រាប់ ជូនគ្នាទៅវិញទៅមកមិនថា សាច់ញាតិ បងប្អូន ឬមិត្តភក្តិ។ល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មិនបាច់ត្រណមអ្វីទំាងអស់ពេលចូលឆ្នាំចិន ប្រសិនមានរបស់នេះជាប់ខ្លួន

ចុចអាន៖ ស្វែងយល់ ហុងស៊ុយយ័ន្ត ៨ ទិសតាមជំនឿតៃវ៉ាន់ ដើម្បីកាត់គ្រោះខ្លួនឯង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម